គិតមកត្រឹមល្ងាចថ្ងៃទី19 ខែឧសភា ឆ្នាំ2017 ម្សិលមិញនេះប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ុលឌិង-សបានចុះហត្ថលេខាព្រមទទួលយកសំណងពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានប្រមាណជា81%ដែលស្មើនឹង398បន្ទប់ហើយ ក្នុងចំណោមពលរដ្ឋរស់នៅលើអាគារនេះទាំងអស់ចំនួន 493បន្ទប់។
ដោយឡែកពលរដ្ឋដែលនៅសល់ចំនួន95បន្ទប់បានណាត់ពេលមកចុះកិច្ចសន្យាចំនួន25បន្ទប់ថែមទៀតហើយ ដែលសរុបរួមចំនួនបន្ទប់ដែលមកចុះកិច្ចសន្យាយល់ព្រមលក់បានកើនឡើងដល់423បន្ទប់ ដែលស្មើនឹង 86% រីឯម្ចាស់បន្ទប់ស្នាក់នៅចំនួន 70 បន្ទប់ទៀតនឹងអញ្ជើញមកចុះកិច្ចសន្យាជាបន្តបន្ទាប់នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្រុមការងារនៅចាំទទួលបម្រើការរៀងរាល់ថ្ងៃទាំងក្នុងថ្ងៃឈប់សម្រាកផងដែរ។
យ៉ាងណាក៏ដោយពលរដ្ឋនៅជាន់ក្រោមបង្អស់ ឬជាន់ផ្ទាល់ដីមួយចំនួន នៅមិនទាន់យល់ព្រមទទួលយកសំណងក្នុងតម្លៃ 1400ដុល្លារអាមេរិកក្នុង1ម៉ែត្រការ៉េនេះដូចអ្នកនៅជាន់លើនៅឡើយទេ ដោយសំអាងថានៅជាន់ក្រោម ពួកគាត់អាចធ្វើអាជីវកម្ម និងប្រកបមុខរបរលក់ដូរទំនិញផ្សេងៗ ដែលអាចរកចំណូលសម្រាប់សេដ្ឋកិច្ចរបស់គ្រួសារពួកគាត់បាន៕