ការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាដំណើរឆ្លងកាត់កម្រិតមធ្យមសិក្សាយ៉ាងស្វិតស្វាញមួយ ព្រោះជីវិតជាសិស្សបឋម និងមធ្យមសិក្សាសរុបរយៈពេល12ឆ្នាំ នឹងត្រូវកំណត់ក្នុងរយៈពេលតែ2ថ្ងៃនេះប៉ុណ្ណោះថា តើអាចឆ្លងផុត ឬមិនផុត?។
ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា2017-2018 នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី20 – 21 ខែសីហា ខាងមុខនេះ។ បើគិតទៅ រយៈពេលនេះគឺសល់មិនដល់ 2ខែទៀតនោះទេ ហើយវាក៏ជាពេលល្អមួយដែលសិស្សអាចចាប់ផ្តើមត្រៀមខ្លួនឱ្យបានល្អ ឬស្តារស្ថានការណ៍ឡើងវិញ ក្នុងលក្ខខណ្ឌដែលមិនសូវបានប្រឹងប្រែង ឬធ្វេសប្រហែសក្នុងឆ្នាំសិក្សានេះ។
អតីតសិស្សពូកែទូទាំងប្រទេសយុវជន សេង វីរៈបុត្រ បានលើកឡើងថា នៅក្នុងរយៈពេលនេះជាពេលវេលាល្អមួយសម្រាប់ការសង្ខេបមេរៀន និងអនុវត្តលំហាត់។ ដំណាក់កាលជិតប្រឡង អាចជាដំណាក់កាលមួយដែលមេរៀនចាប់ផ្តើមគរខ្លាំងហើយប្រសិនបើយើងមិនដឹងពិធីក្នុងការសម្រួលវានោះទេ វានឹងធ្វើឱ្យយើងមានភាពរញ៉េរញ៉ៃ ហើយមិនដឹងចាប់មេរៀនមួយណាមុន។ ស្ថិតក្នុងស្ថាន-ភាពមិនស្ងប់ចិត្តនេះ យើងនឹងអាចមានអារម្មណ៍ថាភ័យព្រួយ ហើយមិនអាចមានអារម្មណ៍ល្អក្នុងការចងចាំមេរៀន រួមទាំងការអនុវត្តលំហាត់បានល្អនោះទេ ព្រោះនៅពេលដែលមើលមេរៀនយើងនឹកឃើញថាមិនទាន់ធ្វើលំហាត់ ហើយពេលធ្វើលំហាត់នឹងនឹកឃើញថាមេរៀននៅសល់ច្រើនមិនទាន់បានចាំ។
យុវជន សេង វីរៈបុត្រ បាននិយាយថា៖ “ការសង្ខេបមេរៀន ជាវិធីមួយក្នុងការបង្រួមមេរៀនដែលរៀនពេញមួយឆ្នាំ ឬច្រើនឆ្នាំឱ្យសល់ត្រឹមតែជាចំណុចខ្លឹមៗ ហើយខ្លីងាយស្រួលយល់ និងងាយចាំបានល្អ។ នៅពេលដែលយើងបានចំណាយពេលវេលាក្នុងការសង្ខេបមេរៀនបានល្អ វានឹងធ្វើឱ្យយើងមានអារម្មណ៍ថាកក់ក្តៅ ព្រោះមេរៀនសំខាន់ៗទាំងអស់ត្រូវរៀបចំយ៉ាងមានលំដាប់លំដោយ”។
យុវជនខាងលើបានលើកឡើងផងដែរថា នៅពេលដែលយើងបានគ្រប់គ្រងមេរៀនសំខាន់ៗទាំងអស់នោះបានហើយ យើងនឹងអាចមានអារម្មណ៍ថាស្ងប់ចិត្ត ហើយអាចមានអារម្មណ៍ចែកពេលវេលាដើម្បីអនុវត្តលំហាត់សំខាន់ៗជាច្រើនសម្រាប់ត្រៀមប្រឡង។ នៅជិតដល់ថ្ងៃប្រឡង សិស្សគ្រាន់តែយកឯកសារដែលបានសង្ខេបនោះមករំឭកលម្អិត និងអនុវត្តលំហាត់តាមលំដាប់លំដោយយើងនឹងអាចចូលរួមប្រឡងបានដោយមិនមានអារម្មណ៍ថាភ័យខ្លាំងពេក ហើយក៏អាចកសាងទំនុកចិត្តបានល្អដើម្បីដោះស្រាយសំណួរ និងលំហាត់ក្នុងការប្រឡងប្រកបដោយភាពរលូនដែរ។
ស្របជាមួយគ្នានេះដែរ យុវជន ហេង គីមហុងសិស្សពូកែនិទ្ទេស A បានណែនាំថា ក្នុងដំណាក់-កាលជិតប្រឡងនេះ សិស្សអាចប្រមូលវិញ្ញាសាប្រឡងចាស់ៗដែលគ្រូដាក់ឱ្យ ឬលំហាត់ដែលភាគច្រើនប្រឡងចេញកាលពីឆ្នាំមុនៗមកអនុវត្តសាជាថ្មី ដើម្បីរំឭកពីអ្វីដែលបានរៀន និងដើម្បីសម្រួចសមត្ថភាពឱ្យបានល្អផងដែរ។ នៅពេលដែលយើងបានអនុវត្តច្រើន យើងនឹងមានអារម្មណ៍ថាយើងបានសាកល្បងសមត្ថភាពប្រឡងសាកល្បងជាច្រើនលើកច្រើនសារួចរាល់ហើយ មុនពេលថ្ងៃប្រឡង ហេតុនេះដល់ថ្ងៃប្រឡងគឺគ្មានអ្វីគួរឱ្យខ្លាច ឬគួរឱ្យបារម្ភនោះទេ តែវាជាថ្ងៃដែលគួរឱ្យរីករាយទៅវិញទេ ព្រោះវាជាថ្ងៃដែលត្រូវបញ្ចេញសមត្ថភាពពិតប្រាកដ។
យុវជន ហេង គីមហុង បាននិយាយថា៖ “សូមកុំធ្វើឱ្យខ្លួនឯងស្លន់ស្លោជាមួយនឹងដំណាក់កាលជិតប្រឡង តែត្រូវរៀបចំខ្លួនឱ្យបានល្អតាមរយៈការសម្រាកខួរក្បាលឱ្យល្អ ហើយអនុវត្តលំហាត់ និងរំឭកមេរៀនជាប្រចាំ ដើម្បីបង្កើតទម្លាប់ក្នុងការអនុវត្ត ដែលវាអាចជួយឱ្យយើងអនុវត្តបានល្អនៅពេលដែលប្រឡងពិតប្រាកដ”។
យុវជនខាងលើបានបង្ហាញផងដែរថា ដើម្បីស្វែងរកឯកសារល្អៗសម្រាប់សាកល្បងសមត្ថភាពសិស្សានុសិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ អាចស្វែងរកសៀវភៅកម្រងវិញ្ញាសាដែលគេចងក្រង និងដាក់លក់បាននៅតាមបណ្ណាគារ ឬស្វែងរកឯកសារមួយចំនួននៅក្នុងបណ្តាញបច្ចេកវិទ្យាជាដើម ព្រោះនាពេលបច្ចុប្បន្ននេះ។
ស្របជាមួយគ្នានេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញនូវកម្មវិធីទូរស័ព្ទថ្មីមួយទៀតដើម្បីជួយដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិឱ្យទទួលបាននូវការពន្យល់ និងឯកសារជាច្រើនសម្រាប់ប្រឡងសាកល្បង ដោយប្រើប្រាស់ Smart Phone និងដឹងពិន្ទុភ្លាមៗក្រោយពេលតេស្តសាកល្បងនេះថែមទៀតផង។ កម្មវិធីនោះមានឈ្មោះថា MoEYS App Scan ដែលមានសមត្ថភាពក្នុងការបង្ហាញពីរូបភាព វីដេអូ និងការពន្យល់ច្បាស់លាស់ ដោយសិស្សគ្រាន់តែយកកម្មវិធីនេះ Scan លើរូបភាពទាំងអស់ដែលមាននៅលើសៀវភៅសិក្សាគោលសម្រាប់សិក្សារបស់ក្រសួងលើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា៕