ការទទួលទានអាហារអាចមានផលល្អ និងមានផលអាក្រក់សម្រាប់ខ្លួនយើង បើសិនយើងមិនបានប្រុងប្រយ័ត្ន វានឹងប៉ះពាល់សុខភាពមិនខាន នេះជាការលើកឡើងរបស់លោក អៀង សុធារ៉ា ស្ថាបនិកក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ និងរមណីយដ្ឋានពិកនិក(Picnic Resort)។
នៅក្នុងបទសម្ភាសផ្ទាល់កាលពីសប្តាហ៍មុនលោក អៀង សុធារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនតាមរយៈការទទួលទានអាហារដែលមានគុណភាព និងមានសុវត្ថិភាព សម្រាប់លើកកម្ពស់សុខភាព។
“ហូបអាហារមិនមែនហូបដើម្បីតែបរិមាណទេ និងក៏មិនមែនហូបឱ្យតែឆ្អែតៗនោះដែរ គឺត្រូវហូបដើម្បីសុខភាព បើកាលណាយើងហូបដើម្បីយកតែបរិមាណគឺមានន័យថា យើងសន្សំលុយទុកសម្រាប់យកទៅព្យាបាលជំងឺហើយ តែបើសិនជាយើងហូបបន្លែផ្លែឈើដែលមានសុវត្ថិភាព និងគុណភាពល្អ នោះគឺយើងសន្សំលុយទុកនៅផ្ទះសម្រាប់គ្រួសារយើង”។
មនុស្សមួយចំនួនកើតមកប្រឹងតែរកប្រាក់ មិនគិតពីសុខភាព ដល់ពេលរកប្រាក់បានទិញផ្ទះជាច្រើនកន្លែង តែទីបំផុតមិនបានដេកនៅផ្ទះខ្លួនឯងទេ គឺបានទៅដេកនៅតែមន្ទីរពេទ្យ។
លោកថា ការហូបគឺត្រូវកំណត់ឱ្យច្បាស់សម្រាប់បរិមាណសមល្មមសម្រាប់ខ្លួនយើងម្នាក់ៗ ហើយត្រូវកំណត់ខ្លួនឯងថា ត្រូវហូបអ្វី និងមិនត្រូវហូបអ្វី។ បើសិនជាយើងហូបអាហារមានគុណភាព វានាំឱ្យយើងមានសុខភាពល្អ ធ្វើឱ្យយើងក្លាយជាមនុស្សពូកែគិត ពូកែធ្វើការ មានកម្លាំងសម្រាប់បំពេញការងារប្រចាំថ្ងៃ។
ដូចលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ធ្លាប់បានលើកឡើងថា “you are what you eat”មានន័យថា បើយើងហូបអី យើងជាមនុស្សបែបនោះ។ ហូបអាហារល្អមានគុណភាពនាំឱ្យសុខភាពយើងល្អ ហូបអាហារគ្មានគុណភាព ឬមានជាតិគីមីពុលនាំឱ្យយើងខូចសុខភាព ខាតបង់ទាំងប្រាក់ ខាតបង់ទាំងពេលវេលា និងបង្កឱ្យលំបាកឈឺចាប់ក្នុងរាងកាយថែមទៀត។
ដើម្បីលើកកម្ពស់សុខភាពពលរដ្ឋ លោកបានព្យាយាមដាំបន្លែជាច្រើនទីតាំងចាប់ពីឆ្នាំ2014មកដោយដំបូងឡើយចាប់ផ្តើមដាំបន្លែសរីរាង្គនេះនៅរមណីយដ្ឋាន ពិកនិក តាមផ្លូវជាតិលេខ4 (ចម្ងាយ33គីឡូម៉ែត្រពីអាស្រមលោកយាយម៉ៅ) ដែលដាំនៅលើដីតែកន្លះហិកតាប៉ុណ្ណោះ ឥឡូវកើនដល់4ហិកតា ជាដំណាំសរីរាង្គសុទ្ធ100% សម្រាប់ផ្គត់ផ្គង់នៅអាហារដ្ឋាននៃរមណីយដ្ឋានពិកនិក និងផ្គត់ផ្គង់ឱ្យទៅផ្សារសហករណ៍សរីរាង្គខ្មែរក្រុងភ្នំពេញផងដែរ ហើយបានពង្រីកការដាំទៅចម្ការមួយផ្សេងទៀតនៅឃុំជ្រោយស្វាយក្នុងស្រុកស្រែអំបិលដែលមានដីទំហំ86ហិកតា ដោយលោកបានដាំបន្លែ 30ហិកតា ក្រៅពីនោះគឺដាំដើមឈើធម្មជាតិផ្សេងៗ ដូចជាគគីរ កកោះ និងផ្តៅជាដើម និងទុកដីមួយចំនួនទៀតធ្វើជាអាងស្តុកទឹកសម្រាប់ស្រោចស្រពដំណាំនៅរដូវប្រាំង។
ដូច្នេះចម្ការទី1មានលក្ខណៈជាកសិ-ទេសចរណ៍ និងចម្ការទី2មានលក្ខណៈជាចម្ការបរិស្ថាន ហើយសុទ្ធតែជាបន្លែសរីរាង្គសុទ្ធ100%។ ក្រុមហ៊ុនរបស់លោកទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពសរីរាង្គពីសហគមន៍អ៊ឺរ៉ុបលើកទី1 ដំបូងគេនៅប្រទេសកម្ពុជាយើងកាលពីឆ្នាំ2017កន្លងទៅ។
ចម្ការសរីរាង្គ គឺមានន័យថា ទាំងទឹក ទាំងខ្យល់ អាកាសធាតុ ជីកសិកម្ម ពូជដំណាំដែលយកមកផលិតបន្លែ សុទ្ធតែជារបស់ធម្មជាតិ100% ហើយសូម្បីការដឹកជញ្ជូន ការរក្សាទុក គឺត្រូវធ្វើឡើងតាមគោលការណ៍ស្តង់ដារគុណភាពសុទ្ធ100%ដែរ ហើយគេមិនអាចវាយតម្លៃដោយភ្នែកទទេបានទេ លុះត្រាតែយកទៅពិនិត្យក្នុង Lab (មន្ទីរពិសោធន៍) ហើយរកមិនឃើញមានជាតិគីមីពុលសោះ ទើបហៅថា បន្លែសរីរាង្គ។
ឧទាហរណ៍ដូចជាទឹកដែលយកមកស្រោចដំណាំនោះជាទឹកស្អាត ដោយក្រុមហ៊ុនបានជីកអណ្តូងមានជម្រៅ 120ម៉ែត្រដែលមានប្រភពទឹកចេញពីថ្ម ដូចជាទឹកជ្រោះដែលយើងអាចទទួលទានបាន មិនប៉ះពាល់សុខភាពចំណែកការដឹកជញ្ជូនវិញ រថយន្តក៏ត្រូវមានម៉ាស៊ីនត្រជាក់ និងកន្លែងស្តុកទុកគឺជាទីតាំងដែលមានម៉ាស៊ីនត្រជាក់ដើម្បីរក្សាទុកបន្លែកុំឱ្យខូចគុណភាព ហើយបើនៅជិតចម្ការរបស់យើងមានចម្ការបន្លែដែលគេដាំដុះដោយប្រើជីគីមី ដូចជាបាញ់ថ្នាំ ដាក់ជីគីមី ហើយហូរតាមទឹកមកដល់បន្លែរបស់យើងនោះក៏វាមិនអាចធ្វើឱ្យបន្លែយើងក្លាយជាបន្លែសរីរាង្គ100%ដែរ។
បច្ចុប្បន្នលោកក៏បានសហការជាមួយកសិករមួយចំនួនដើម្បីឱ្យពួកគាត់រៀនពីរបៀបដាំដុះបន្លែសរីរាង្គនេះដែរ ហើយនៅពេលដែលពួកគាត់ធ្វើបាន ក្រុមហ៊ុនលោកនឹងទទួលទិញបន្លែទាំងនោះយកមកដាក់លក់នៅក្នុងហាងសហករណ៍សរីរាង្គខ្មែរ និងលក់ចេញទៅផ្សារបន្លែសរីរាង្គផ្សេងៗទៀត។
ដើម្បីជាជំនួយដល់ពលរដ្ឋ លោកបានបង្ហាញពីវិធីសាស្ត្រពិនិត្យមើលពីភាពខុសគ្នារវាងបន្លែធម្មជាតិ និងបន្លែគីមីដែលវិធីពិនិត្យនេះចែកចេញជា 4ដំណាក់កាល និងខ្លួនយើងគឺជាមន្ទីរពិសោធន៍មួយដ៏ធំ តែយើងមិនដែលមានទម្លាប់ប្រើទេ។
ក្នុងនោះរួមមាន ទី1.យើងពិនិត្យមើលដោយប្រើភ្នែកទទេ ឧទាហរណ៍ថា យើងដាំសាលាដខ្លួនឯងដោយប្រើជីធម្មជាតិ ពេលដាំបានហើយយើងទៅទិញបន្លែមានជាតិគីមីពីផ្សារមកដាក់ជិតគ្នាហើយអង្គុយមើលមួយថ្ងៃ 3-4ដងៗ មើលយូរៗទៅយើងនឹងសង្ស័យ យើងនឹងឃើញពីភាពខុសគ្នាមិនខាន។ ទី2.បន្ទាប់មកយើងប្រើដៃចាប់កាន់ស្ទាប មិនបាច់មើលក៏បាន ហើយគិតថា មួយណាទន់ មួយណាស្វិតមួយណាស្រួយ ពេលនោះយើងប្រាកដជាដឹងមិនខាន។
ទី3.គឺច្រមុះ ពេលដែលយើងកាន់ហើយ យើងឈ្លីវាយកមកហិតម្តងមួយៗ យើងនឹងដឹងពីក្លិនដែលខុសគ្នាមិនខាន និងទី4.យើងទំពាញំៗ ហើយគិតពីរសជាតិបន្លែទាំងពីរនោះ យើងនឹងមានអារម្មណ៍ថាខុសគ្នា មួយរមាស់មាត់ និងពេលលេបចូលទៅរមាស់ក ដូចជាមានអ្វីមួយធ្វើឱ្យយើងដឹងថាមិនស្រួល រកកលចង់ក្អួត សរុបទៅគឺរសជាតិខុសគ្នាតែម្ដង។
របស់ធម្មជាតិមានទឹកផ្អែមៗ មានរសជាតិមិនស្ងួតប្រហេតប្រហាតនោះទេ។ លោកបន្តមានប្រសាសន៍ថា ការញ៉ាំអាហារដែលមានជាតិគីមីពេលញ៉ាំរួចជួនកាលយើងមិនត្រឹមតែពុល និងធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ តែថែមទាំងពុល និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តថែមទៀតផង ដូចជាធ្វើឱ្យមានអារម្មណ៍ឆាប់មួម៉ៅ ឆាប់ខឹងជាដើម-ល- ហើយការញ៉ាំអាហារមានជាតិពុល បន្តិចម្តងៗវានឹងធ្វើឱ្យយើងកើតជំងឺផ្សេងៗ ចំពោះមនុស្សចាស់យូរៗទៅអាចកើតជំងឺទឹកនោមផ្អែមលើសឈាម និងមហារីកជាដើម។ ចំពោះកុមារវិញយូរៗទៅ រៀនមិនឆ្លាត ប្រាជ្ញាមិនវាងវៃរហ័សរហួនជាដើម។
ប្រវត្តិពីកុមារភាព និងការតស៊ូ
លោក អៀង សុធារ៉ា កើតនៅក្នុងឆ្នាំ1963 នៅស្រុកបាភ្នំ ក្នុងខេត្តព្រៃវែង ដោយមានឪពុកជាគ្រូពេទ្យស្រុក សម័យសង្គមរាស្ត្រនិយមដែលគេឱ្យរហស្សនាមថា “គ្រូពេទ្យចិត្តល្អ” ដោយសារតែព្យាបាលអ្នកក្រីក្រមិនយកប្រាក់។
កាលនៅវ័យកុមារ គ្រួសារលោកមានជីវភាពលំបាកមិនខុសពីគ្រួសារមួយចំនួនឡើយ គឺអាយុត្រឹម 6ឆ្នាំលោកត្រូវទូលពោតស្ងោរលក់ និងចិញ្ចឹមមាន់លក់។ ប៉ុន្តែដើម្បីអនាគតកូន នៅពេលអាយុបាន 6ឆ្នាំ ឳពុករបស់លោកបានបញ្ជូនរូបលោកឱ្យមកស្នាក់នៅក្រុងភ្នំពេញជាមួយគ្រួសារសាច់ញាតិដើម្បីចូលរៀននៅសាលាឯកជនមួយក្នុងឆ្នាំ1969 ប៉ុន្តែជាអកុសលនៅឆ្នាំ1970 រដ្ឋប្រហារក៏បានកើតឡើង ក្រោយមកគ្រួសាររបស់លោកត្រូវបានសង្គ្រាមបំបែកជាពីរ។
គ្រួសារយាយតាត្រូវបានកៀរទៅនៅក្នុងតំបន់រំដោះរបស់ខ្មែរក្រហមក្នុងឆ្នាំ1972 ឯឪពុកម្ដាយរបស់លោករត់មកនៅស្រុកពាមរ។ ក្នុងពេលស្រុកកើតសង្គ្រាម ឪពុករបស់លោកបានឈប់ធ្វើពេទ្យ និងងាកមកប្រកបរបររត់រ៉ឺម៉កម៉ូតូដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារវិញម្ដង ប៉ុន្តែដោយគិតថា របរនោះមិនអាចចិញ្ចឹមគ្រួសាររស់ គាត់ក៏សម្រេចចិត្តនាំកូនផ្លាស់ទីលំនៅទៅខេត្តបាត់ដំបង នៅភូមិថ្នល់បត់ដែលស្ថិតនៅចន្លោះភ្នំតូច និងភ្នំធំ ចំណែកឯរូបលោកក៏បានចូលរៀននៅទីនោះបន្តទៀតនៅសាលា “សុវណ្ណគិរី” នៅអំឡុងឆ្នាំ1973 តែដោយសារតែនឹកក្រុមគ្រួសារ និងនឹកស្រុកពេក ក៏នាំគ្នាត្រឡប់មកស្រុកវិញនៅឆ្នាំ1973ដដែលនោះដែរ។
ពេលមកដល់ស្រុកវិញលោកហាក់មានសំណាងជាងគេ គឺបានរៀននៅក្នុងរបបប៉ុលពតកាន់កាប់ចាប់តាំងពីអំឡុងឆ្នាំ1973ដល់1975 ដោយបានចូលរៀនថ្នាក់ទី1នៅសាលាបឋមសិក្សា “ពោធិ៍បឹង” តែដោយសាររៀនពូកែ គ្រូក៏ឱ្យផ្លោះចូលថ្នាក់ទី2 បន្តមកទី3 ហើយឡើងថ្នាក់ទី4 ដែលជាថ្នាក់បញ្ចប់នៅសម័យប៉ុលពត។ នៅឆ្នាំ1976 ដល់ឆ្នាំ1978 គ្រួសារលោកត្រូវគេបញ្ជូនឱ្យទៅនៅខេត្តពោធិ៍សាត់ ហើយរូបលោកត្រូវគេឱ្យរកត្រីដើម្បីធ្វើម្ហូបសម្រាប់កងកុមារដែលមានចំនួន 500នាក់។
នៅចុងឆ្នាំ1978 ដដែលនោះ មុនពេលពួកវៀតណាមចូលមកដល់ លោកត្រូវបានគេបញ្ជូនឱ្យទៅនៅភ្នំទ្រនាប់គគីរ ដើម្បីសង់ផ្ទះ 10ខ្នងសម្រាប់មនុស្ស 500នាក់។
ក្រោយពីវៀតណាមវ៉ៃដាច់ឆ្នាំ1979 លោកបានដើរពីស្រុកស្វាយដូនកែវ នៃខេត្តពោធិ៍សាត់មកកាន់ស្រុកកំណើតវិញដោយបានចំណាយពេលដល់ទៅ 4ខែឯណោះ ហើយមានម្ដងនោះរូបលោកបានឈឺប៊ិះនឹងស្លាប់នៅតាមផ្លូវទៀតផង។
ពេលមកដល់ស្រុកវិញក៏រកស៊ីលក់ត្រីលក់មាន់ដូចមុនទៀត បន្ទាប់មកឪពុកលោកបាននាំរូបលោកមកភ្នំពេញឱ្យស្នាក់នៅមណ្ឌលកុលាប2 (មណ្ឌលកុមារកំព្រាក្នុងសាលាអង្គអេង) រួចមកនៅមណ្ឌលកុលាប3(នៅសណ្ឋាគារអ៊ីនធើខន់បច្ចុប្បន្ន) ហើយបានបន្តរៀនរហូតប្រឡងចូលពេទ្យ។
ពេលរៀនពេទ្យចប់ ក៏ទៅរកកាន់ប៉ុស្តិ៍ការងារនៅខេត្តបាត់ដំបងនៅឆ្នាំ1991 តែដោយសារសង្គ្រាមនៅទីនោះមិនទាន់ចប់ លោកក៏ត្រឡប់មកភ្នំពេញវិញហើយបើកគ្លីនិកមើលជំងឺនៅម្ដុំផ្សារដើមគ និងនៅជិតវត្តសន្សំកុសល ដែលមានឈ្មោះថា “ពេទ្យចំរើន” ហើយឆ្លៀតពេលរៀនភាសាអង់គ្លេសបន្ថែមទៀតផង។
ក្រោយមកនៅឆ្នាំ1993 លោកបានធ្វើការឱ្យអ៊ុនតាក់ជាអ្នកបកប្រែអត្ថបទឱ្យវិទ្យុអ៊ុនតាក់។ រហូតឆ្នាំ1994 បានធ្វើការនៅក្រុមហ៊ុនឯកជន រហូតមកដល់ឆ្នាំ1996 លោកបានចាប់ផ្តើមបើកក្រុមហ៊ុនខ្លួនឯងឈ្មោះថា “អៀងគ្រុប”។
ចាប់ពីពេលនោះមក លោកបានធ្វើការលើវិស័យអចលនទ្រព្យ និងសាងសង់សំណង់អគារផ្សេងៗហើយថ្មីៗនេះលោកបានសហការជាមួយជនបរទេសសង់ខុនដូ ARAKAWA Residence ក្រៅពីនេះលោកនៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ដូចជាក្រុមហ៊ុនកសិកម្មដែលមានដាំបន្លែ និងផ្លែឈើសរីរាង្គជាច្រើនកន្លែង ហាងសហករណ៍សរីរាង្គខ្មែរ រមណីយដ្ឋានពិកនិក អគារ Belleview ក្រុមហ៊ុន Lotus គ្រុបដែលមាន 6ក្រុមហ៊ុនផ្សេងគ្នាដូចជា Lotus Radio, Lotus Tours, Lotus Publication, Lotus Khmer Food និង Lotus Retreat Residence និងការងារបន្ថែមផ្សេងទៀតដូចជាមូលនិធិអៀងដែលជួយដល់សាលារៀន និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ជាដើម។
បំណងទៅថ្ងៃអនាគតលោកប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន មានគុណភាពខ្ពស់ និងមានការទទួលស្គាល់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ ចូលរួមក្នុងការសាងសង់លំនៅឋានតម្លៃទាបសម្រាប់ប្រជាជនខ្មែរដើម្បីជួយឱ្យប្រជាជនយើងមានលំនៅឋានរស់នៅសមរម្យទាំងអស់គ្នា។
លោកចូលរួមជួយដល់សង្គមខ្មែរតាមរយៈទ្រឹស្ដីព្រះពុទ្ធសាសនា គឺការអប់រំមនុស្សឱ្យមានសីលធម៌ និងគុណធម៌ជាដើម និងមួយទៀត គឺការជួយថែរក្សាសិល្បៈវប្បធម៌របស់ខ្មែរដែលមានតាំងពីដូនតាយើងមក ដូចជា ល្ខោនបាសាក់ យឺកេ អាយ៉ៃ ចាប៉ីដងវែង និងសិល្បៈច្រើនទម្រង់ទៀតប្រមាណជាជាង 20ប្រភេទឱ្យនៅគង់វង្សល្អ និងរីកចម្រើនតទៅ៕