នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2018 នេះ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ បានធ្វើការប្រកាស់នៅបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុករបស់ខ្លួន ក្នុងការប្រមូលសម្លៀកបំពាក់ដែលខ្លួនបានប្រើប្រាស់ ដែលមានសភាពនៅល្អប្រើនៅឡើយនោះ ដាក់លក់នៅក្នុងតម្លៃសមរម្យមួយ ដើម្បីប្រមូលថវិកាទៅចែកទានដល់លោកយាយលោកតា ដែលមានជីវភាពក្រលំបាកនៅក្នុងខេត្តកំពង់ស្ពឺ ។
ដោយមានទឹកចិត្តសប្បរុសធម៌ និងបានឃើញពីទុក្ខលំបាករបស់មនុស្សចាស់ តារាស្រីសាច់ខ្ចីរូបនេះ បានប្រាប់ឱ្យដឹងថា « ស្អែកនេះខ្ញុំ និងឡាយលក់សំលៀកបំពាក់មួយទឹករបស់នាងខ្ញុំ ដើម្បីយកលុយទៅចែកទានដល់យាយតាក្រខ្សត់នៅខេត្តកំពង់ស្ពឺ..។ រៀបចំសំលៀកបំពាក់មួយទឹករបស់នាងខ្ញុំ សម្រាប់លក់នៅថ្ងៃស្អែក ដើម្បីយកលុយទៅចែកទានដល់ចាស់ក្រខ្សត់ »។ ដូច្នោះហើយតារាស្រី និងធ្វើការឡាយវីដេអូនៅលើហ្វេសប៊ុក ដើម្បីលក់សម្លៀកបំពាក់របស់ខ្លួន ប្រសិនបើបងប្អូនប្រិយមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីសប្បុរសធម៌នេះ អាចទស្សនាការឡាយវីដេអូរបស់នាងបាន។
គួរបញ្ជាក់ផងដែរថា ភាពស្រស់ស្អាតជារឿងមួយឡែក ក៏ប៉ុន្ដែទឹកចិត្តសប្បុរសធម៌ និងក្ដីស្រឡាញ់ចំពោះប្រជាជនក្រីក្រ គឺជារឿងសំខាន់មួយដើម្បីជួយការងារសង្គម។ ដោយមើលឃើញថា តារាស្រីបានបញ្ឈប់ការស្លៀកពាក់សិចស៊ី ហើយងាកមកចូលរួមកម្មវិធីសប្បុរសធម៌ជាច្រើនកន្លងមក បានធ្វើឱ្យមហាជនកាន់តែគាំទ្រនាង និងស្ញើចសរសើពីទឹកចិត្តរបស់នាង និងក្រុមការងារនាងផងដែរ៕