បច្ចុប្បន្នអាចនិយាយបានថា Facebook Messenger គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយម និងមានប្រជាប្រិយភាពមួយ ខណៈដែលចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ 1.9ពាន់លាននាក់ ហើយដើម្បីឱ្យកាន់តែងាយស្រួលជាងនេះទៅទៀតនោះ Facebook Messenger នឹងមានមុខងារបកប្រែភាសា (សារ) ដោយស្វ័យប្រវត្តិ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet បានឱ្យដឹងថា ក្រុមហ៊ុន Facebook បាននិងកំពុងតែសាកល្បងលើមុខងារថ្មី គឺបកប្រែភាសា រាល់សារទាំងអស់ដែលបានផ្ញើតាមរយៈកម្មវិធី Facebook Messenger ដោយរាល់សារទាំងនោះនឹងត្រូវបកប្រែដោយស្វ័យប្រវត្តិ។
CNet បានបញ្ជាក់បន្ថែមទៀតថា មុខងារនេះនឹងត្រូវដាក់ឱ្យប្រើនៅអាមេរិក និងម៉ិកសិុកមុនគេ ហើយមុខងារនេះអាចនឹងត្រូវប្រកាសដាក់ឱ្យប្រើជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ F8 នៅក្នុងឆ្នាំនេះ។
ក្រុមអ្នកវិភាគបានយល់ឃើញថា បើសិនជា Facebook បន្ថែមមុខងារនេះមែន នោះអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាថែមមួយកម្រិតទៀត ហើយវាក៏ជាវិធីសាស្ត្រមួយសម្រាប់ទាក់ទាញអ្នកប្រើប្រាស់ផងដែរជាពិសេសគឺ Facebook ក៏កាន់តែងាយស្រួលក្នុងការទាញយកផលប្រយោជន៍ពី Facebook Messenger នេះដែរ៕