ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅអីរបស់ពួកគេទៅកាន់វគ្គ 16ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ក្រោយពីពួកគេបានផ្តួលក្រុមជម្រើសជាតិប៉ាណាម៉ា យ៉ាងចាស់ដៃក្នុងលទ្ធផល 6-1 ដោយខ្សែប្រយុទ្ធ Harry Kane បានស៊ុតបាល់បញ្ចូលទី3គ្រាប់កាលពីថ្ងៃអាទិត្យ។
បច្ចុប្បន្ន Kane រកបាន5គ្រាប់ក្នុងប្រទេសរុស្ស៊ី ដើម្បីឡើងឈរពីលើខ្សែប្រយុទ្ធ Cristiano Ronaldo និងRomeluLukaku ក្នុងការប្រជែងដណ្តើមស្បែកជើងមាស ខណៈដែលក្រុមរបស់អាមេរិកកណ្តាលមួយនេះ ត្រូវបានទម្លាក់ចេញត្រឹមវគ្គចែកពូលរួមជាមួយនឹងក្រុមជម្រើសជាតិទុយនីស៊ី។ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងអង់គ្លេស ដែលនឹងត្រូវជួបគ្នាក្នុងទីក្រុង Kaliningrad នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ1ក្នុងពូល G នោះ សុទ្ធសឹងមាន6ពិន្ទុដូចគ្នា ក្រោយពីការប្រកួត 2លើក និងមានគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើគ្នា។ លោក AliouCisse គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានប្រាប់តារាឆ្នើម Sadio Mane ឱ្យបង្កើនទម្រង់លេងរបស់ខ្លួនក្នុងយុទ្ធនាការ World Cup បើទោះបីខ្សែប្រយុទ្ធរបស់ក្លិប Liverpool រូបនេះ បានស៊ុតបាល់បញ្ចូលទី1គ្រាប់ ក្នុងពេលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុមជម្រើសជាតិជប៉ុន កាលពីថ្ងៃអាទិត្យក៏ដោយ។ ខ្សែប្រយុទ្ធបម្រុង Keisuke Honda បានរកគ្រាប់បាល់តាមស្មើវិញនៅរយៈពេល12នាទីចុងក្រោយ ខណៈដែលជប៉ុន បានធ្វើការវាយបក2លើក ដើម្បីតាមស្មើសេណេហ្គាល់ ក្នុងការប្រកួតនាកីឡដ្ឋាន Yekaterinburg Arena ដែលធ្វើឱ្យពូល H ស្ថិតក្នុងលក្ខខណៈបើកចំហ។
ស្របពេលជាមួយគ្នានេះ លោក Jose Pekerman គ្រូបង្វឹកនៃក្រុមជម្រើសជាតិកូឡុំប៊ី បានផ្ញើជ័យជម្នះ 3-០ លើក្រុមប៉ូឡូញ ក្នុងការប្រកួត World Cup លើក្រុមប៉ូឡូញ ទៅឱ្យខ្សែបម្រើ Carlos Sanchez កាលពីថ្ងៃអាទិត្យ ក្រោយពីមានព័ត៌មានថា កីឡាកររូបនេះបានទទួលការគំរាមសម្លាប់សម្រាប់ការទទួលកាតក្រហមរបស់គេពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិជប៉ុន៕
ប្រភពពី៖ Sport24