មានមហាជនមួយចំនួនបានលើកឡើងថា រឿងភាគល្បីៗរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុក បើទោះបីជារឿងមួយនេះ មានភាពល្អមើលខ្លាំងកម្រិតណាក៏ដោយ ក៏ទស្សនិកជនគ្មានអារម្មណ៍នៅក្នុងការទស្សនាដែរ ព្រោះថា សាច់រឿងមានរយៈពេលខ្លី និងមានលោតចេញនៅបណ្ដាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ អ្នកឧបត្ថម្ភមមកច្រើនពេក រហូតដល់បាត់ និងបាំងប្លង់ថតស្អាតៗ ព្រមទាំង ទស្សនាទៅមិនជក់ចិត្តដិតអារម្មណ៍នេះទេ។ គេបានលើកឡើងទៀតថា ប្រសិនបើនៅតែបន្ដសកម្មភាពបែបដូចនេះទៀតនោះ ច្បាស់ណាស់ ជាទស្សនិកខ្មែរងាកទៅជួលឌីសរឿងភាគបរទេស ឬមើលទូរទស្សន៍បរទេស ជាជាងមើលពាណិជ្ជកម្មនៅក្នុងទូរទស្សន៍ក្នុងស្រុក។
បន្ទប់ពីមានការលើកពីមតិមហាជនហើយមក តារាសម្ដែងមានឈ្មោះល្បីលោក ឈឹម សក្ដា គេមើលឃើញលោកបានមានមតិផងដែរថា « រឿងល្អមើលយ៉ាងណាក៏ដោយ បើផ្សាយពាណិជ្ជកម្មហួសហេតុពេក កុំថាឡើយទូរទស្សនិកជន សូម្បីតែខ្ញុំសម្ដែងខ្លួនឯងក៏អត់មានអារម្មណ៍មើលដែរ!!! មែនអត់??? » ។ តើប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងដែរ ចំពោះបញ្ហាមួយនេះ។
គួរបញ្ជាក់ផងដែរថា បើទោះបីមានការលើកនិយាយពីបញ្ហាមួយនេះក្ដី ក៏មានមតិតិចតួចមួយចំនួនបាននិយាយថា « បើអត់មានពាណិជ្ជកម្ម តើអ្នកថត ឬផលិតករបានអីរស់? » ។ តែយ៉ាងណាមិញ មហាជននៅតែមានការសំណូមពរទៅកាន់ម្ចាស់ស្ថានីយទូរទស្សន៍ ឱ្យមានវិធានការក្នុងរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនឡើងវិញ ដើម្បីឱ្យសន្ទុះនៃការគាំទ្ររឿងភាគខ្មែរ កើនឡើងដោយពុំមានការរំខានអារម្មណ៍ខណៈកំពុងតែទស្សនា៕