មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន «Qujiang Culture Building» ប្រចាំទីក្រុងស៊ីអានខេត្តសានស៊ីប្រទេសចិន ត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅខែឧសភានេះ ដោយមានការអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូដោយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលចិន។
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន ស្ថិតក្នុងទីតាំងនៃអគារពាណិជ្ជកម្មរបស់សមាគមសេដ្ឋកិច្ចវប្បធម៌កម្ពុជា-ចិន ស្ថិតនៅតាមបណ្តោយផ្លូវលេខ292 សង្កាត់គូយាន ទីក្រុងស៊ីអាន ខេត្តសានស៊ី។ មជ្ឈមណ្ឌលនេះគ្រប់គ្រងដោយសមាគមខ្មែរនៅប្រទេសចិន ទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងពាណិជ្ជកម្ម និងជាកន្លែងផ្តល់ព័ត៌មានដល់ពាណិជ្ជករ អ្នកទេសចរ និងវិនិយោគិនទាំងចិន និងជនជាតិបរទេសដទៃទៀតដែលចង់ស្វែងយល់ព័ត៌មានអំពីកម្ពុជា។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺមានដាក់តាំងពិព័រណ៌ផលិតផលខ្មែរជាច្រើន ខិត្តប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្ម ព័ត៌មានទាក់ទិនទៅនឹងការវិនិយោគ និងឯកសារផ្សេងៗអំពីកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអានបើកឲ្យដំណើរការជាផ្លូវការថា ការបើកសម្ភោធមជ្ឈមណ្ឌលពាណិជ្ជកម្មនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានបើកស្ថានអគ្គកុងស៊ុលនៅទីក្រុងស៊ីអាន ខេត្តសានស៊ី កាលពីថ្ងៃទី17 ខែមិថុនា ឆ្នាំ2015 ដោយគ្របដណ្តប់លើខេត្តសានស៊ី ខេត្តកានស៊ូ និងតំបន់ស្វយ័តនីងសែ។ ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ គឺកម្ពុជាបាននាំចូលផលិតផលទៅកាន់ខេត្តសានស៊ីមានទំហំទឹកប្រាក់ជាង 42លានដុល្លាក្នុងឆ្នាំ2015 និងជិត53លានដុល្លារក្នុងឆ្នាំ2016។
ទឹកប្រាក់វិនិយោគរបស់វិនិយោគិនខេត្តសានស៊ី នៅកម្ពុជាមានទំហំ 1,33លានដុល្លារក្នុងឆ្នាំ2015 និងក្នុងឆ្នាំ2015កន្លងទៅនេះដែរ ចំនួនភ្ញៀវទេសចរពីខេត្តសានស៊ី មកកម្ពុជាគឺមានចំនួន1ម៉ឺននាក់។ បច្ចុប្បន្នមាននិស្សិតខ្មែរ 47នាក់ និងមានប្រជាជនខ្មែរ ចំនួន 247 នាក់ស្នាក់នៅខេត្តសានស៊ីផងដែរ។ កាលពីថ្ងៃទី3-5 ខែសីហា ឆ្នាំ2016 ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសានស៊ី។ ជាមួយគ្នានេះដែរមេដឹកនាំខេត្តសានស៊ីក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់នៅកម្ពុជាផងដែរ៕