នៅពេលប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែងប្រុស អ៊ឺម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលឃើញថា លោកបានយកចិត្តទុកដាក់ចំពោះស្ថានភាពជំងឺរ៉ាំរ៉ៃរបស់ តារាស្រី អាលីយ៉ា និងបានទៅសួរសុខទុក ព្រមទាំងបង្ហាញអារម្មណ៍ស្រណោះស្រណោក ខណៈដែលតារាស្រីបានចូលទៅសង្គ្រោះបន្ទាន់ទាំងសភាពស្បែកដណ្ដប់ឆ្អឹង។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា « យប់នេះមកមើលសិល្បៈការិនី Dj អាលីយ៉ាសង្រ្គោះន្ទាន់ ដោយសារជំងឺសួតធ្ងន់ធ្ងរ នៅមន្ទីពេទ្យកាល់ម៉ែត្រ។ ពុទ្ធោអើយពេលជួបនាងភ្លាមខ្ញុំស្ទើតែមិនជឿថា អាលីយ៉ា ព្រោះនាងពិតជាស្គមស្លែកស្លាំងខ្លាំងណាស់ សូម្បីតែសាច់ញាតិក៏គ្មានអ្នកណាមកមើលនាងដែរ ។ ទោះបីខ្ញុំកំពុងតែមានទុក្ខធំ ក៏ខ្ញុំឆ្លៀតមកមើលដែរព្រោះក្នងនាមសិល្បករដូចគ្នាត្រូវចេះជួយគ្នាក្នងគ្រាមានអាសន្ន ជាពិសេសប្រហែលជាដំណាក់កាលចុងក្រោយរបស់នាងហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូ វិជ្ជបណ្ឌិតនៅមន្ទីពេទ្យកាល់ម៉ែត្រដែលជួយព្យាបាល Dj អាលីយ៉ា មិនយកថវិការ »។ លោកបន្ដថា លោកមានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់នាង ដើម្បីព្យាបាលបន្តតែប៉ុណ្ណោះ ធ្វើម្ដេចទេ អ្នកធម្យមជួយអ្នកអត់ អ្នកអត់ជួយអ្នកឈឺចឹងទៅសិល្បៈនៃការចែករំលែកនោះ ។
សូមជម្រាបបន្ថែមថា តារាស្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជម្ងឺរលាកទងសួតរ៉ាំរ៉ៃ និងធ្វើទុក្ខរហូតធ្វើឱ្យរូបនាងធ្លាក់ខ្លួនស្គមស្លេកស្លាំងបែបនេះ ស្របពេលដែលរូបនាងនៅតែទន្ទឹងរង់ចាំយុត្តិធម៌ពីច្បាប់ បណ្ដាលឱ្យនាងកើតមានជំងឺផ្លូវចិត្តមួយកម្រិតបន្ថែមទៀត។ ខណៈនេះ គេមើលឃើញថា នាងនៅសម្រាកព្យាបាលតែម្នាក់ឯង ដោយគ្មានញាតិណានៅចាំមើលថែរក្សា និងគ្មានប្រាក់បង់ថ្លៃព្យាបាលឡើយ និងរំពឹងថា មានការជួយជ្រោមជ្រែងឧបត្ថម្ភពីសំណាក់មិត្តសិល្បៈរួមអាជីព៕