ខ្សែភាពយន្តប្រវត្តិសាស្រ្តខ្មែរ«ហ្លួងព្រះស្តេចកន»នឹងត្រូវចាក់បញ្ចាំងសារជាថ្មីម្ដងទៀតកាលពីរសៀលថ្ងៃទី 22 ខែមិថុនាឆ្នាំ ២2018 នេះ ក្នុងនោះកញ្ញា ឆុំ វត្តី គឺជាតួអង្គមហេសីស្តេចកន ដែលជាតួឯកក្នុងរឿង ក៏បានមកចូលរួមបង្ហាញវត្តមានជូនពុកម៉ែបងប្អូននៅក្នុងការត្បាញក្រមា 1000 ម៉ែត្រ ព្រមទាំងបានចូលរួមសម្ដែងឈុតខ្លីជាមួយតួអង្គ ហ្លួងព្រះស្ដេចកន គឺលោក រស់ សោភណ្ឌ ចែកជូនអ្នកគាំទ្របានទស្សនាកម្សាន្ដសប្បាយផងដែរ។
ខ្សែភាពយន្តបែបប្រវត្តិសាស្រ្តខ្នាតធំរឿង «ហ្លួងព្រះស្តេចកន»នេះ ត្រូវបានគេមើលឃើញថា មានបងប្អូនខ្មែរដែលមិនទាន់បានទស្សនា អញ្ចើញមកទស្សនាជាច្រើនអ្នកយ៉ាងភ្លូកទឹកភ្លូកដី បើទោះបីជាថ្ងៃម្សិលមិញ អាកាសធាតុមិនអំណោយផលក៏ដោយ ក៏នៅតែមានអ្នកគាំទ្រខ្លាំងស្កាត់មកយ៉ាងច្រើននាក់។ ដោយឡែក តារាសម្ដែងថ្មី ឆុំ វត្តី ដែលមានប្រជាប្រិយភាពខ្លាំងដោយរឿងខ្នាតធំមួយនេះ បើទោះបីជាមមាញឹកយ៉ាងណាក៏ដោយ ក៏នាងមិនអាចខកខានមិនមកចូលរួមបានដែរ នាងនៅតែមកស្វាគមន៍ ថតរូបជាមួយអ្នកគាំទ្រ ព្រមទាំងលេងហ្កេមជាមួយគ្នា ដើម្បីបានរង្វាន់យ៉ាងច្រើនសន្លឹកសន្ធាប់ផងដែរ។
គួរកត់សម្គាល់ដែរថា ប្រិជាប្រិយភាពរបស់តារាស្រីនេះ កាន់តែមានភាពល្បីល្បាញខ្លាំងជាមុន ដោយសារតែនាង បានចូលសម្ដែងរឿងភាគបុរាណខ្មែរបានជាច្រើនរឿង រហូតដល់នាង ត្រូវបានទស្សនិកជនពោលសរសើរថា នាងជាតារាខ្មែរ ដែលមានមុខមាត់ និងការស្លៀកពាក់បែបបុរាណខ្មែរសមសួនបំផុត។
សូមជម្រាបបន្ថែមថា ថ្ងៃទី24 នេះ ជាថ្ងៃបញ្ចប់នៃការបញ្ជាំងរឿងល្អឯកមួយនេះ ក៏នឹងមានវត្តមានតារាដ៏ល្បីប្រចាំកម្ពុជាគឺ ស៊ិន យូប៊ីន និង ខាត់ វៃហាំង។ ដូច្នេះអ្នកគាំទ្រ អាចទៅជួបផ្ទាល់ ឬថតរូបជាមួយពួកគេបានដោយសេរី។
នៅថ្ងៃចុងក្រោយដដែលនេះ ក៏មានការលេងហ្គេមថ្មីមួយទៀត ដែលនឹងផ្ដល់ជូនពានរង្វាន់ដល់អ្នកជាប់ជ័យលាភីចំនួន3រូប។ ឯអ្នកដែលមិនទទួលបានជោគជ័យ ក៏ទទួលបានរង្វាន់លួងចិត្តជាច្រើនដែរ។ កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា ៕