ទោះបីជាពិភពលោកក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះមានការប្រែប្រួលយ៉ាងលឿនដែលធ្វើឱ្យមនុស្សមួយចំនួនធំមានភាពរវល់ខ្លាំងហើយការកម្សាន្តកាន់តែមានច្រើនសម្រាប់មនុស្សក្តី ក៏ការអាននៅតែជាអាហារគំនិតដែលមនុស្សត្រូវការ។ សៀវភៅល្បីៗជាច្រើនត្រូវបានគេរកឃើញថា បានលក់ចេញរាប់លានក្បាល ហើយសៀវភៅខ្លះក៏អាចរក្សាប្រជាប្រិយភាពបានច្រើនឆ្នាំទៀតផង។
ចាប់ពី 2ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន គេសង្កេតឃើញថាអ្នកបោះពុម្ពផ្សាយបានចេញផ្សាយសៀវភៅប្រមាណ 1.6លានក្បាលនៅលើពិភពលោក ហើយក្នុងនោះសៀវភៅ ប្រមាណជាង80ម៉ឺនក្បាលត្រូវបានគេរកឃើញថាមកពីប្រទេសធំៗចំនួន2 គឺសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមទិន្នន័យរបស់សមាគមបោះពុម្ពផ្សាយអន្តរជាតិ (IPA: International Publishers Association) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Geneva បានបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកជាប្រទេសមួយដែលបោះពុម្ពសៀវភៅចេញច្រើនជាងគេ លើពិភពលោកក្នុងរយៈពេលថ្មីៗនេះ។
របាយការណ៍ដែលបានបង្ហាញផងដែរថា នៅក្នុងចំណោមសៀវភៅទាំងអស់ដែលត្រូវបានគេបោះពុម្ពផ្សាយនៅលើពិភពលោក មានចំណែកពីប្រទេសចិនចំនួន 28% និងសហរដ្ឋអាមេរិកចំនួន 20%។ បើគិតជារួមប្រទេសទាំងពីរនេះ បានបោះពុម្ពសៀវភៅប្រមាណ 48% គឺជិតពាក់កណ្តាលនៃចំនួនសៀវភៅដែលត្រូវបានចេញផ្សាយក្នុងពិភពលោកទាំងមូល។
ចំនួនដែលត្រូវបានរាប់ក្នុងរបាយការណ៍នេះ គឺរាប់បញ្ចូលទាំងការបោះពុម្ពសាជាថ្មី ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ។ ហើយតាមរយៈទិន្នន័យនេះបានបង្ហាញឱ្យឃើញថា ចិនបោះពុម្ពផ្សាយសៀវភៅចំនួន 470ពាន់ក្បាល ខណៈអាមេរិកបានចេញផ្សាយសៀវភៅចំនួន 339ពាន់ក្បាល ដែលតាមពីក្រោយដោយចក្រភពអង់គ្លេសដែលចេញផ្សាយចំនួន 173ពាន់ក្បាល និងបារាំងចំនួន 106.8ពាន់ក្បាល។
យោងតាមឯកសារដ៏សំខាន់នេះ យើងសង្កេតឃើញថា ប្រទេសដែលបានបោះពុម្ពផ្សាយសៀវភៅច្រើនជាងគេលើពិភពលោកភាគច្រើនជាប្រទេសដែលមាន GDP ខ្ពស់ៗបំផុតលើពិភពលោក។
ស្របតាមគំនិតនេះគេអាចទាញចេញជាសេចក្តីសន្និដ្ឋានថា ការអានអាចជំរុញមនុស្សឱ្យមានគុណភាពនៃជីវិតខ្ពស់ ដែលអាចចូលរួមចំណែកបានយ៉ាងខ្ពស់ក្នុងការអភិវឌ្ឍគុណភាពសង្គម តាមរយៈការអប់រំ។
តែទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា នៅក្នុងប្រទេសដែលជាទីផ្សារសៀវភៅសំខាន់ៗទាំង 25 ចិនស្ថិតក្នុងពិន្ទុទាបលើការចេញចំណងជើងថ្មីៗដែលក្នុងចំនួនមនុស្សមួយលាននាក់ ប្រទេសចិនបានចេញសៀវភៅដែលជាចំណងជើងថ្មីចំនួនត្រឹមតែ 335ចំណងជើងប៉ុណ្ណោះ ខណៈអាមេរិកបានចេញសៀវភៅថ្មីចំនួន 1,043ចំណងជើង ក្នុងចំណោមមនុស្សមួយលាននាក់៕