អ្នកវិទ្យាសាស្រ្តពី University of Washington ក្នុងប្រទេសអាមេរិកបានផលិតដ្រូនខ្នាតតូចល្អិតមួយប៉ុនសត្វរុយ ដើម្បីប្រើប្រាស់ក្នុងការបង្ហោះចូលទៅក្នុងទីកន្លែងដែលដ្រូនប្រក្រតីមិនអាចចូលទៅដល់ ដោយ RoboFly ដែលមានទម្ងន់ស្រាលប៉ុនឈើចាក់ធ្មេញមួយនេះ អាចហោះឡើង និងចុះចតបានដោយស្លាបតូចៗនៅសងខាងខ្លួនជំនួសឱ្យកង្ហារដូចដែលយើងធ្លាប់ឃើញ តែវាអាចហោះបានតែក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ ដោយក្រុមអ្នកវិទ្យាសាស្រ្តនឹងអភិវឌ្ឍកម្រិតសមត្ថភាពក្នុងផ្នែកនេះឱ្យកាន់តែល្អឡើង។
Vikram Iyer និស្សិតបរិញ្ញាឯកពីគណៈវិស្វកម្មអគ្គិសនីរបស់សាកលវិទ្យាល័យខាងលើបានរៀបរាប់ថា RoboFly ជាដ្រូនយន្តខ្នាតតូចល្អិត ដែលអាចហោះឡើងបានដោយមិនចាំបាច់ប្រើខ្សែភ្លើងតភ្ជាប់ជាមួយនឹងប្រភពថាមពលអគ្គិសនីខាងក្រៅឡើយ តែជាការបាញ់ពន្លឺភ្លើងឡាហែ្ស៊រទៅបន្ទះសូឡាសេលល៍តូចមួយនៅលើខ្លួនដ្រូនយន្តដើម្បីបំប្លែងទៅជាថាមពលអគ្គិសនី រួចបញ្ជូនបន្តទៅចរន្តដែលបានកំណត់ឡើង បន្ទាប់ពីនោះស្លាបក៏នឹងកម្រើកឡើងដើម្បីលើកតួដ្រូនយន្តឱ្យអណ្ដែតឡើងពីដី។
ចំណែកលោក Shyam Gollakota ជំនួយការសាស្រ្តាចារ្យនៃសាលាវិស្វកម្ម បានបង្ហើបឱ្យដឹងថា ដ្រូនយន្តល្អិត RoboFly ដែលហោះបាននេះអាចមានប្រយោជន៍សម្រាប់ការប្រើការលើការងារជាច្រើន រួមទាំងភារកិច្ចក្នុងការស្វែងរក និងជួយសង្គ្រោះ ដែលទំហំដ៏តូចល្អិតរបស់វាធ្វើឱ្យចំណាយដើមទុនតិចក្នុងការផលិត តែប្រើការបានចំនួនច្រើន។ ក្រៅពីនេះ នៅអាចនាំយកមកប្រើជាមួយការងារត្រួតពិនិត្យផ្សេងៗបានទៀតផង ដូចជា ការពិនិត្យរកមើលបំពង់ហ្គាសដែលលេច ឬធ្លាយ ឬពិនិត្យមើលផលិតផលខាងកសិកម្មក្នុងកសិដ្ឋានសរីរាង្គជាដើម៕