កាលពីលើកមុន ធ្លាប់បានដាក់បង្ហាញឱ្យវាដើរ លើករបស់របរ ពេលដួលហើយចេះក្រោកឡើងវិញ និងចេះលោតត្រឡប់ខ្លួន ឥឡូវនេះអាប់ឌែតថ្មីចុងក្រោយបំផុតនេះគឺ Boston Dynamics បាននាំមនុស្សយន្តឈ្មោះ “Atlas” ដដែលនោះចេញមករត់នៅកណ្ដាលសួនច្បារព្រមទាំងលោតរំលងឧបសគ្គដែលពាំងពីមុខឱ្យមើលទៀតផង។
ថយត្រឡប់ទៅកាលពី2ឆ្នាំមុន Boston Dynamics ក្រុមហ៊ុនអភិវឌ្ឍមនុស្សយន្តដ៏ល្បីល្បាញបានបង្ហាញខ្លួន “Atlas” មនុស្សយន្តដែលមានរូបរាងដូចមនុស្សបំផុត ដែលអាចដើរដោយជើងបាន ជួយលើករបស់របរបានហើយថែមទាំងចេះក្រោកឡើងវិញបាននៅពេលដួលទៀតផង។ តមកកាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ “Atlas” បានបង្ហួតពីការលោតក្រឡាប់ខ្លួនត្រឡប់ទៅក្រោយថែមទៀត!! អាចនិយាយបានថាជាការបង្ហាញសមត្ថភាពរបស់មនុស្សយន្តដែលទំនើបឈានមុខយ៉ាងខ្លាំង រហូតធ្វើឱ្យមនុស្សជាច្រើនចាប់ផ្ដើមនឹងបារម្ភខ្លះៗហើយ។ រហូតមកដល់ពេលថ្មីៗនេះ ខាងក្រុមហ៊ុនបានបង្ហាញភាពឈានមុខមួយកម្រិតទៀតរបស់ “Atlas” ជាថ្មីម្ដងទៀត នោះគឺ ការរត់ត្រឹកៗនៅក្នុងសួនច្បារ ដោយមានលក្ខណៈ និងអាកប្បកិរិយាដូចមនុស្សមែនទែនតែម្ដង ហើយថែមទាំងបញ្ចប់ដោយការលោតជើងពីររំលងឧសគ្គដែលពាំងពីមុខទៀតផង។
សម្រាប់ Boston Dynamics ពីមុនធ្លាប់ជាក្រុមហ៊ុនផលិតមនុស្សយន្តក្រោមឈ្មោះថា Alphabet (ក្រុមហ៊ុនមេ Google) តែចុងក្រោយក្លាយជារបស់ក្រុមហ៊ុន SoftBank របស់ប្រទេសជប៉ុនកាលពីឆ្នាំកន្លងទៅ៕