
Lionel Messi បានដើរទៅកាន់ច្រកចេញនាកីឡដ្ឋាន Nizhny Novgorod ដោយក្បាលរបស់គេឱនចុះក្រោម ក្រោយពីបានដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ប្រឈមមុខនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូលយ៉ាងគួរឱ្យអាម៉ាស់បំផុតក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី។
តារាឆ្នើមរបស់ក្លិប Barcelona រូបនេះ ត្រូវបានរារាំងទាំងស្រុងដោយក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងពេលចាញ់ក្នុងលទ្ធផល 3-០ ដែលបានធ្វើឱ្យក្រុមរបស់អាមេរិកខាងត្បូងមួយនេះត្រូវការឈ្នះជាដាច់ខាតក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល ដើម្បីរក្សាក្តីសង្ឃឹមនៃការឈានទៅវគ្គបន្ត។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី2 របស់កីឡាករ Ante Rebic, Luka Modric និង Ivan Rakitic ដែលគ្រាប់បាល់ទី1បានកើតឡើងដោយសារការធ្វេសប្រហែសរបស់អ្នកចាំទី Willy Caballero បានបំពេញជ័យជម្នះយ៉ាងល្អមួយសម្រាប់ក្រុមមកពីអឺរ៉ុបមួយនេះ និងបានធ្វើឱ្យពួកគេឈ្នះកៅអីទៅវគ្គ 16ក្រុមចុងក្រោយ។

លោក Sampaoli បានបញ្ជាក់ថា លទ្ធផលនេះ គឺជាកំហុសរបស់លោកទាំងស្រុង និងបានសុំការអភ័យទោសពីអ្នកគាំទ្រ ដែលបានចាកចេញពីទីលានទាំងទឹកភ្នែក នាកីឡដ្ឋាន Nizhny Novgorod លើច្រាំងទន្លេ River Volga។

លោក Sampaoli បានឱ្យដឹងថា៖ «ដំបូងឡើយ ខ្ញុំសុំការលើកលែងទោសពីពួកគេ ជាពិសេសអ្នកដែលបានធ្វើដំណើរដ៏ឆ្ងាយដើម្បីមើលក្រុមអាហ្សង់ទីន។ ខ្ញុំជាអ្នកទទួលខុសត្រូវសម្រាប់លទ្ធផលនេះ ប៉ុន្តែ ខ្ញុំក៏ខកចិត្តដូចអ្នកគាំទ្រផងដែរ»។
ការរងបរាជ័យក្នុងការប្រកួតក្នុងពូល D នេះ មានន័យថា អាហ្សង់ទីន ដែលជាក្រុមមួយក្នុងចំណោមក្រុមមានក្តីសង្ឃឹមច្រើនក្នុងការលើកពានមុនយុទ្ធនាការនេះចាប់ផ្តើម និងជាក្រុមជើងឯករងកាលពីឆ្នាំ2014 នោះ កំពុងតែស្ថិតលើផ្លូវនៃការធ្លាក់ចេញដ៏អាម៉ាស់ត្រឹមជុំទី1៕
ប្រភពព័ត៌មាន៖ Channel News Asia
