អតីតតារាចម្រៀងល្បីឈ្មោះកាលពីអំឡុងទសវត្សរ៍ឆ្នាំ90 ដែលមហាជនភាគច្រើនស្គាល់លោកតាមរយៈបទ «ទូរស័ព្ទប្រាប់ផង» និងបទ «ជាប់រវល់» គឺ លោក សាន ផានិត បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលធ្វើឱ្យគេមើលឃើញថា លោកមានចេតនាចូលរួមជួយរំលែកទុក្ខលំបាករបស់បងប្អូនអ្នកប្រមូលសំរាមនៅតាមទីសាធារណៈ ដោយទឹកចិត្តសប្បុរសធម៌។
នៅព្រឹកថ្ងៃទី21 ខែមិថុនា ឆ្នាំ2018 នេះ លោកបានរៀបរាប់ និងរំឭកដល់អនុស្សាវរីយ៍កាលមកភ្នំពេញដំបូង ខណៈពេលដែលលោកបានឃើញពីសកម្មភាពរបស់បុរស2នាក់កំពុងដើរប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ លោកបានសរសេរសាររៀបរាប់យ៉ាងក្ដុកក្ដួលនៅហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំដើរទៅសុំពួកគាត់ថត ខ្ញុំឱ្យគាត់ម្នាក់10,000 ៛ ប្អូនអាវក្រហមសួរខ្ញុំថាម៉េចបានបងថតជាមួយខ្ញុំ ខ្ញុំឆ្លើយតបវិញមកពីបងធ្លាប់ជាក្មេងម្នាក់ក្នុងចំណោមពួកប្អូនកាលពីបងមកភ្នំពេញដំបូងឆ្នាំ1989»។
ពិតជារំភើប និងចាក់ដោតអារម្មណ៍ខ្លាំង ពេលឃើញពីសកម្មភាពដ៏គួឱ្យគោរពដែលមិនភ្លេចពីភាពជូរចត់របស់តារាចម្រៀងរូបនេះ និងបានធ្វើមហាជន ជាពិសេសអ្នកគាំទ្រដែលតែងតែស្រឡាញ់គាំទ្ររូបលោក លាន់មាត់សរសើរលោកមិនដាច់ពីមាត់ឡើយ ដ្បិតការធ្វើរឿងដ៏មានអត្ថន័យនេះ មិនមានលក្ខណៈធំដំក៏ពិតមែន តែវាចេញពីទឹកចិត្តពិតៗ។ គួររំឭកដែរថា ម្ចាស់បទ«ទូរស័ព្ទប្រាប់ផង»រូបនេះ មានស្រុកកំណើតកើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងនាមជាកូនកសិករ ប៉ុន្តែបានជម្នះឡើងមកភ្នំពេញ ដើម្បីសម្រេចបំណងក្លាយជាតារាចម្រៀងកាលពីឆ្នាំ1989៕