តាមរយៈការទម្លាយរូបភាពជាច្រើនរបស់តារាស្រី ឌីជេ អាលីយ៉ា បានឱ្យដឹងថា ខណៈនេះនាងកំពុងធ្លាក់ខ្លួនឈឺខ្លាំងសម្រាកព្យាបាលនៅលើគ្រែមន្ទីរពេទ្យ និងពុំមានសូម្បីប្រាក់ព្យាបាល ដែលបង្កឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមប្រភពមួយបានបញ្ជាក់ឱ្យដឹងថា តារាស្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជម្ងឺរលាកទងសួតរ៉ាំរ៉ៃ និងធ្វើទុក្ខរហូតធ្វើឱ្យរូបនាងធ្លាក់ខ្លួនស្គមស្លេកស្លាំងបែបនេះ ស្របពេលដែលរូបនាងនៅតែទន្ទឹងរង់ចាំយុត្តិធម៌ពីច្បាប់។ ខណៈបានធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ ប្រភពដដែលបានប្រាប់ថា នាងនៅសម្រាកព្យាបាលតែម្នាក់ឯង ដោយគ្មានញាតិណានៅចាំមើលថែរក្សា និងគ្មានប្រាក់បង់ថ្លៃព្យាបាលឡើយ។
គួរបញ្ជាក់ផងដែរថា អតីតផលិតករភាពយន្ត និងជាអ្នកលក់សម្លៀកបំពាក់ធំមួយរូបនេះ ត្រូវធ្លាក់ខ្លួនឈឺយ៉ាងដុនដាបអស់ប្រាក់ពីខ្លួនសូម្បីតែរកលុយទិញបាយហូបស្ទើរតែគ្មានផង ហើយគ្រឿងសម្អាង និងសម្លៀកបំពាក់ត្រូវម្ចាស់់ផ្ទះជួលរឹបអូសអស់ទៀតផង។ នេះអស់រយៈពេលជាង 2 ឆ្នាំមកហើយដែលឌីជេ អាលីយ៉ា ធ្លាប់ជួបប្រទះរឿងដ៏អាក្រក់ ដោយនាងធ្លាប់ត្រូវបានអតីតសង្សារវាយដំ និងរងនូវភាពអយុត្តិធម៌ ថែមទាំងត្រូវគេរឹបអូបទ្រព្យសម្បត្តិដែលនាងខំប្រឹងរកយ៉ាងលំបាកទៀតផង។ រឿងរ៉ាវទាំងអស់នេះបានធ្វើឱ្យ អាលីយ៉ា រងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរតែម្ដង៕