ជីរវ៉ាន់ស៊ុយ ឬឈ្មោះវិទ្យាសាស្រ្តហៅថា Coriandrum sativa Linn ជាបន្លែមានដើមឈរត្រង់ទៅលើ មានអាយុប្រមាណជា40-60ថ្ងៃ អាចដាំបានលើគ្រប់សភាពដី ហើយនឹងដាំបានល្អនៅលើដីដែលធូរមានចរន្តទឹកហូរចេញចូលបានល្អ មានសំណើមសមល្មម និងអាចដាំបានពេញមួយឆ្នាំ តែនឹងលូតលាស់ធំធាត់បានល្អបំផុតនៅក្នុងអំឡុងខែរងា ដោយពូជជីរវ៉ាន់ស៊ុយដែលកសិករនិយមនាំគ្នាដាំជាទូទៅគឺ ពូជសាំងហ្គាពួរ ពូជសាំងហ្គាពួរគ្រាប់ខ្មៅ និងពូជតៃវ៉ាន់។ បន្លែជីរវ៉ាន់ស៊ុយគេអាចប្រើប្រាស់បានគ្រប់ផ្នែក ទាំងស្លឹក ដើម គល់ និងឫស ដែលប្រើប្រាស់ធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានច្រើនយ៉ាង ប្រៀបដូចជាគ្រឿងទេស និងបន្លែដែលប្រើសម្រាប់បន្ថែមក្លិន ជួយបង្កើនក្លិនឈ្ងុយ និងរសជាតិម្ហូបអាហារឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើងថែមទៀត។
ការដាំដុះ
• ការត្រៀមដី : សម្រាប់ជីរវ៉ាន់ស៊ុយ គឺជាដំណាំបន្លែដែលមានប្រព័ន្ធចាក់ឫសខ្លីរាក់ ដូច្នេះហើយទើបដីដែលស័ក្តិសមនឹងការដាំដុះជីរវ៉ាន់ស៊ុយនេះត្រូវតែជាដីដែលមានសភាពធូរមិនណែនស្អិត ដោយការដាំដុះត្រូវចាប់ផ្ដើមពីការភ្ជួរដាស់ដីឱ្យបានជ្រៅប្រមាណ15-20សង់ទីម៉ែត្រ ហើយត្រូវហាលដីឱ្យឆ្អិនប្រមាណជា5-7ថ្ងៃ។ បន្ទាប់ពីនោះទើបដាក់ជីកំប៉ុស ឬជីលាមកគោក្នុងអត្រា2តោនក្នុងទំហំដី 50ម៉ែត្រ x 50 ម៉ែត្រ(កន្លះហិកតា) ហើយរាស់ច្របល់ឱ្យចូលគ្នាសព្វ និងបំបែកដីឱ្យម៉ដ្ឋ ដើម្បីងាយស្រួលក្នុងការដាក់ដាំ។
• វិធីដាំ : ចាប់ផ្ដើមពីការត្រៀមកូនដោយការនាំយកគ្រាប់ពូជមកដំល្មមៗតែបែក បន្ទាប់មកក៏ដាក់ត្រាំក្នុងទឹកទុកចោល1យប់។ ឯការដាក់ដាំវិញ គឺមុននឹងដាក់ដាំត្រូវស្រោចទឹកឱ្យសព្វលើដី (ឬរង) រួចយកគ្រាប់ពូជជីរវ៉ាន់ស៊ុយដែលត្រាំទឹក1យប់ហើយនោះមកព្រោះឱ្យសព្វលើដី (ឬរង) ដែលត្រូវដាំ បន្ទាប់ពីនោះក៏គ្របពីលើដោយចំបើងស្ងួត និងស្រោចទឹកពីលើម្ដងទៀតដោយចំបើងនឹងជួយរក្សាសំណើមនៅក្នុងដីជួយឱ្យដំណាំធំលូតលាស់បានល្អ។
វិធីថែរក្សា និងមើលថែទាំ
• ការស្រោចទឹក : គួរស្រោចទឹករាល់ពេលព្រឹក-ល្ងាចឱ្យបានជាប់លាប់ និងគ្រប់គ្រាន់ តែកុំឱ្យច្រើនជ្រុលពេករហូតដល់បែកភក់ ព្រោះដំណាំជីរវ៉ាន់ស៊ុយមិនចូលចិត្តទឹកច្រើនឡើយបើច្រើនជ្រុលពេកនឹងធ្វើឱ្យរលួយគល់។
• ការដាក់ជី : ចូរឧស្សាហ៍ដាក់ជីលាមកគោ ឬជីសរីរាង្គរៀងរាល់7ថ្ងៃម្ដង ដោយរោយពីលើស្ដើងៗ ព្រមជាមួយបាញ់ទឹកថ្នាំសរីរាង្គ1វែកសម្ល លាយជាមួយទឹកធម្មតា10លិត្រ និងបាញ់ដាក់រៀងរាល់7ថ្ងៃម្ដងព្រមគ្នា ឬជ្រើសរើសដាក់ជីគីមីរូបមន្ត 25-7-7 ក្នុងអត្រា20-30គីឡូក្រាមលើទំហំដី 50ម៉ x 50ម៉ រួមជាមួយផងក៏បាន។
• ការការពារ និងកម្ចាត់សត្រូវដំណាំ : រោគ និងសត្វល្អិតសត្រូវរបស់ដំណាំជីរវ៉ាន់ស៊ុយគឺពពួកសត្វល្អិតស៊ីស្លឹក និងរោគក្រាស៊ីស្លឹក។ តាំងពីរយៈដំបូងដែលសត្រូវដំណាំចូលមក រហូតដល់រយៈកាលឆ្លងរាលដាល ចូរប្រើថ្នាំឱសថបុរាណ ដូចជា សម្បកដើមស្ដៅ មើមម្ដេង គល់ស្លឹកគ្រៃ មួយមុខមួយផ្នែកផ្សំចូលគ្នា ហើយត្រាំទឹកទុកចោល1យប់ រួចត្រងយកតែទឹកចំនួន1លិត្រមកលាយជាមួយទឹកចំនួន18លិត្រ រួចយកទៅបាញ់ ឬស្រោចលើដំណាំរៀងរាល់7ថ្ងៃម្ដង។
វិធីប្រមូលផល
នៅពេលដំណាំជីរវ៉ាន់ស៊ុយមានអាយុប្រមាណ40-50ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ដាំមក អ្នកអាចប្រមូលផលបានហើយ ដូច្នេះអ្នកគួរប្រមូលផល ដោយការដកទាំងឫស ក្នុងខណៈដែលវាមិនទាន់ចេញផ្កា និងរក្សាទុកក្នុងកន្លែងដែលមិនមានពន្លឺថ្ងៃ និងស្ងួតល្អ៕