ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ បានឈ្នះកៅអីរបស់ខ្លួនទៅវគ្គ 16ក្រុមចុងក្រោយ ខណៈដែលនៅសល់ 1ប្រកួតទៀតក្នុងពូល A ក្រោយពីពួកគេបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផល 1-០ ក្នុងការប្រកួតកាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធ Luis Suarez បានរកគ្រាប់បាល់ឈ្នះនោះ ក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី1០០របស់គេក្នុងទីក្រុង Rostov-on-Don។ ក្រុមរបស់អាមេរិកខាងត្បូងមួយនេះនឹងត្រូវជួបក្រុមម្ចាស់ផ្ទះក្នុងការប្រកួតជុំចុងក្រោយនៃពូល A របស់ពួកគេ នាថ្ងៃទី25 ខែមិថុនា ដើម្បីប្រជែងដណ្តើមចំណាត់ថ្នាក់លេខ1 ក្នុងពូល ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានកាត់ចេញ ក្រោយពីក្រុមទាំង2 សុទ្ធតែបរាជ័យទាំង 2លើកដូចគ្នា។ រុស្ស៊ី និងអ៊ុយរូហ្គាយ នឹងត្រូវជួបក្រុមមួយក្នុងចំណោមក្រុមឈរលើកំពូលតារាងនៃពូល B ក្នុងវគ្គ 16ក្រុមចុងក្រោយ អាចជាអេស្ប៉ាញ ព័រទុយហ្គាល់ ឬអ៊ីរ៉ង់។ស្របពេលជាមួយគ្នានេះ លោក Fernando Hierro គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានទទួលស្គាល់ថា ក្រុមរបស់លោកបានស្ថិតនៅលើខ្សែពួរ នៅមុនពេលគ្រាប់បាល់នាំសំណាងរបស់ខ្សែប្រយុទ្ធ Diego Costa បានជួយឱ្យពួកគេកត់ត្រាជ័យជម្នះជាលើកទី1របស់ពួកគេក្នុងយុទ្ធនាការ World Cup កាលពីថ្ងៃពុធ ខណៈដែលក្រុមជម្រើសជាតិអ៊ីរ៉ង់ ស្ទើរតែបានបង្កើតភាពអស្ចារ្យមួយបានទៅហើយ។ ដោយឡែក ក្នុងការប្រកួតពូល B ដូចគ្នានេះ រយៈពេល 5ថ្ងៃ ក្រោយពីការរកបានគ្រាប់បាល់ 3គ្រាប់របស់ Ronaldo ដែលបានជួយសង្គ្រោះក្រុមព័រទុយហ្គាល់ នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើ 3-3 ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីថ្ងៃបើកឆាកនោះ គ្រាប់បាល់តែតបញ្ចូលទីនៅនាទីទី4 របស់ Cristiano Ronaldo បានជួយឱ្យក្រុមខ្លួនទទួលជ័យជម្នះ 1-០ លើក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងការប្រកួតពូល B នាទីក្រុងម៉ូស្គូតែម្តង៕
ប្រភពពី៖ Channel News Asia