មុននេះបន្ដិចមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក អាចារ្យធំ ដែលប្រិយមិត្តអ្នកគាំទ្រជាច្រើនស្គាល់ថា លោកជាមនុស្សម្នាក់ដែលខិតខំលើកស្ទួយវិស័យវប្បធម៌បុរាណខ្មែរ។ លោកបានលើកជាសំណួរឡើងថា៖ « ពេលចេញMV បទហ្នឹងមានឆ្លងក្រសួងទេ?» ដែលសំណួរនេះត្រូវបានគេយល់ឃើញថា ជាការចោទសួរទៅកាន់អ្នកដឹកនាំខាងចម្រៀង និងផលិតកម្មសាស្ដា ដែលបានបញ្ចេញ MVបទចម្រៀង «ស្រីមុខលុយ» ដែលបានបង្ហាញពីសកម្មភាពសិចស៊ីរោលរាលក្ដៅសាច់នៅក្នុង MVបទចម្រៀងនោះ។
កន្លងមកមានតែការចេញផ្សាយជាព័ត៌មានវាយប្រហាតាមរយៈរូបភាពនៃពាក្យសម្ដីរិះគន់ ទៅលើតួសម្ដែងនៅក្នុងបទចម្រៀងនេះ និងអ្នកដឹកនាំសម្ដែងតែប៉ុណ្ណោះ។ ដោយឡែក នៅមិនទាន់ឃើញមានការរិះគន់ណាមួយទៅខាងផលិតកម្មនៅឡើយទេ។ ដោយផ្អែកទៅលើគណនីរបស់អាចារ្យធំ លោកលើកឡើងថា ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែលបង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំចៃមាត់ពីសំណាក់មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា ក្រសួងត្រៀមអញ្ជើញទាំងសិល្បករ និងផលិតករនៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឱ្យបញ្ចប់ការសម្តែងបទចម្រៀងបែបស្រើបស្រាលនោះ។
រូបភាពនៃឈុតឆាកស្រើបស្រាលពីបទចម្រៀង ”ស្រីមុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករនៃផលិតកម្ម សាស្តាបានធ្វើឱ្យលេចចេញនូវការរិះគន់ខ្លាំង រហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែឈុតឆាកជាច្រើនបង្ហាញពីការឱបថើប លូកស្ទាប ស្ទើរគ្មានសល់កន្លែងណាមួយលើរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថា ជាបទចម្រៀងដែលមានតែឱបថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ? ។ លោកថា ”គិតថាធ្វើអ៊ីចឹងទៅល្បីមែន? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ…គ្នាបានគេហៅក្បត់ទេ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹង មុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស។ គ្មានអ្វីថ្មី បែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយ មកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោស បើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ»។
ប្រភពពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា សំណើរបស់ក្រុមការងារបានធ្វើរួចរាល់ហើយ គឺនៅតែការសម្រេចចុងក្រោយរបស់រដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រភពបញ្ជាក់ថា ប្រសិនបើសំណើនេះទទួលបានការឯកភាពនោះ ទាំងសិល្បករ ទាំងផលិតករនឹងត្រូវអញ្ជើញឱ្យមកទទួលយកការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកពីសីលធម៌នៃការផលិតបែបសិល្បៈ។ ប្រភពដដែលបានលើកឡើងទៀតថា ការព្រមាននេះក៏ជាគំរូដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃទៀតផងដែរ ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេននី ក្វាន់កន្លងមកនោះទេ»។
យ៉ាងណាមិញ លោកអាចារ្យធំ បានបញ្ជាក់ចម្លើយដែរថា «ក្រសួងនឹងកោះហៅតារាសម្តែង និងអ្នកដឹកនាំសម្ដែងបទ ”ស្រីមុខលុយ” ទៅដុសក្អែលពីរឿងថតបទចម្រៀងស្រើបស្រាល»។ ចំពោះបញ្ហានេះ តើប្រិយមិត្តទាំងអស់យល់ឃើញបែបណាដែរ?៕