ជាការពិតណាស់ការថែរក្សាស្បែករបស់មនុស្សម្នាក់ៗគឺត្រូវធ្វើឡើងអាស្រ័យទៅលើប្រភេទនៃស្បែករបស់អ្នកផ្ទាល់ ប៉ុន្តែទោះជាយ៉ាងណាក្តីអ្នកក៏គួរតែដឹងពីគ្រឹះនៃការថែរក្សាស្បែកជាមុនសិន មុននឹងឈានចូលទៅដល់ការថែរក្សាស្បែកទៅតាមប្រភេទស្បែកដែលអ្នកមាន។ មិនថាពេលថ្ងៃ ឬពេលយប់នោះទេ ការថែរក្សាស្បែកឱ្យបានត្រឹមត្រូវគឺជាទម្លាប់ដ៏ចាំបាច់ ដែលអ្នកត្រូវតែអនុវត្ត ដើម្បីដណ្តើមយកភាពស្រស់ស្អាត ហើយទម្លាប់ប្រចាំថ្ងៃនេះគឺមិនត្រូវការចំណាយពេលច្រើនជាង10នាទីនោះទេ។ ដូច្នេះសូមតាមដានជាមួយនឹងជំហានសំខាន់ៗនៃការថែរក្សាស្បែកទៅតាមដំណាក់កាលធំៗទាំង3 គឺ ការសម្អាត ការលាបឡេ (Toner) និងការផ្តល់សំណើម (Moisturize)។
1. ការលាងសម្អាត : លុបលាងមុខរបស់អ្នកឱ្យបានស្អាតមុនពេលចូលគេង ជាពិសេសប្រសិនបើអ្នកតែងតែតុបតែងមុខជាមួយគ្រឿងសម្អាងផ្សេងៗទៀតនោះ គឺរឹតតែមិនអាចមើលរំលងបញ្ហានេះបានឡើយ។ ធូលី មេរោគ និងកម្ទេច ដែលនៅសេសសល់លើផ្ទៃមុខ គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យមុខកើតមុន។
2. Toner : សំដៅទៅលើឡេ ឬទឹកសម្អាតស្បែក ដែលគេច្រើនតែយកមកប្រើលើផ្ទៃមុខ ដើម្បីបង្រួមរន្ធញើសជាដើម។ ការលាប Toner នៅលើផ្ទៃមុខជួយរក្សាតុល្យភាពនៃកម្រិត pH និងការពារស្បែក។ បន្ទាប់ពីសម្អាតផ្ទៃមុខរួច អ្នកត្រូវលាប Toner ទៅលើមុខ ដើម្បីឱ្យវាចូលទៅជួយបង្រួមរន្ធញើស បន្តឹងស្បែកមុខ និងការពារស្បែកមុខពីមេរោគផ្សេងៗ ដែលអ្នកមិនអាចមើលឃើញពេលអ្នកកំពុងគេង។
3. Moisturize : នេះគឺជាការរៀបរាប់អំពីការផ្តល់សំណើមដល់ស្បែក ហើយសំណើមនៅពេលនេះគឺយើងចង់សំដៅលើជាតិទឹក។ ទឹកគឺជាគ្រឿងផ្សំដ៏អាថ៌កំបាំងបំផុតសម្រាប់ឱ្យស្បែកមានសំណើម និងស្រស់ស្រាយ។ នៅពេលដែលស្បែករបស់អ្នកមានសំណើមគ្រប់គ្រាន់នោះ វានឹងមានភាពទន់រលោងជាក់ជាមិនខាន ដូច្នេះអ្នកគួរទទួលទានទឹកឱ្យបានច្រើន។ ក្រៅពីទឹកអ្នកក៏អាចជ្រើសរើសប្រើផលិតផលផ្តល់សំណើម ឬឱសថធម្មជាតិមួយចំនួនដូចជា ប្រទាលកន្ទុយក្រពើជាដើម ដើម្បីផ្តល់នូវសំណើមឱ្យស្បែករបស់អ្នកផងដែរ។
ជាចុងក្រោយ ឡារ៉ែន ចង់ឱ្យអ្នកចងចាំនូវចំណុចមួយទៀតគឺ មុនចូលគេងអ្នកត្រូវធ្វើឱ្យខ្លួនឯងមានអារម្មណ៍រីករាយ ព្រោះថាភាពរីករាយនេះហើយដែលជាវិធីនាំអ្នកទៅកាន់ភាពស្រស់-ស្រាយ គេងលក់បានស្កប់ស្កល់ ជួយថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ៕