តាមបទពិសោធគេដឹងថា ទម្រាំតែនិពន្ធបទចម្រៀងថ្មីបានមួយបទ ដែលមានមេឡូឌីខុសប្លែកពីគេ និងមានភាពទាក់ទាញខ្លាំងបំផុតនោះ លុះត្រាតែមានការប្រមូលផ្ដុំអារម្មណ៍និពន្ធឱ្យស្ថិតនៅក្នុងពិភពថ្មីមួយដែលដាច់ដោយឡែកពីគេ និងគួបផ្សំជាមួយទេពកោសល្យនៃភាពច្នៃប្រឌិតខ្ពស់ ទើបអាចសម្រិតសម្រាំងបានស្នាដៃដែលប្លែកថ្មីសន្លាងបាន។ ដូចគ្នានោះដែរ លោក ហេង ពិទូ គឺជាតារាចម្រៀងដែលនិយមនិពន្ធបទចម្រៀងថ្មី និងមានមេឡូឌីដែលទាក់ទាញអារម្មណ៍មិត្តយុវវ័យ។ ទម្រាំនឹងទទួលបានការគាំទ្រលើបទចម្រៀងមួយបទៗ លោកនិយាយថា វាពិតជាពិបាក និងត្រូវចំណាយពេលច្រើនគួរសម។
កន្លងមកលោក ពិទូ ធ្លាប់បានទម្លាយអារម្មណ៍ពិតថា ក្ដីរំពឹងថានឹងបានទស្សនិកជនទទួលស្គាល់បទចម្រៀងខ្លួនមានមិនច្រើន តែប៉ះចំពេលដែលយុវវ័យផ្ទុះខ្លាំងពាក់ព័ន្ធនឹងស្នាដៃបទនិពន្ធថ្មីៗ គួបផ្សំនឹងគោលដៅដែលខ្លួនធ្លាប់បានស្រមៃថា មុននឹងស្លាប់ទៅ ត្រូវមានបទរបស់ខ្លួនឯង និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។ ជុំវិញការខំប្រឹងប្រែងទាំងអស់នេះ ក៏ដោយសារតែមានការលើកទឹកចិត្តពីបងប្អូនយើងខ្លាំងបំផុតហ្នឹងឯង កាលណាទស្សនិកជនសរសើរថា បទរបស់លោកពីរោះ និងមានខ្លឹមសារទាក់ទាញ នោះនឹងធ្វើឱ្យលោកកាន់តែមានទឹកចិត្តចង់ធ្វើអ្វីដែលថ្មីៗ សម្រាប់ជាការតបស្នងដល់អ្នកទាំងនោះវិញ។
នៅពេលថ្មីៗនេះ លោក ហេង ពិទូ កំពុងតែត្រៀមនិពន្ធបទចម្រៀងថ្មីៗរបស់លោកជាបន្ដបន្ទាប់ទៀត តែអ្វីដែលលោកអាចប្រាប់មហាជនបាននៅពេលនេះគឺ «ដល់ពេលត្រូវចេញបទថ្មី ខួរក្បាលត្រៀមក្រញាញ់ទៀតហើយ» នេះបញ្ជាក់ថា មិនមែនជារឿងធម្មតា និងមិនងាយស្រួលនេះឡើយ!៕