ទើបត្រឡប់ពីទឹកដីប្រទេសមហាអំណាច មកដល់ទឹកដីសុវណ្ណភូមិវិញភ្លាម តារាចម្រៀងស្រី ចំរើន សុភ័ក្រ ស្រាប់តែបង្ហាញខ្លួនដោយបានដឹកដៃគ្នានឹងតារាចម្រៀងប្រុស នួន សុធារៈ ចូលរួមកម្មវិធីសប្បុរសធម៌ ចែកសម្ភារសិក្សាផ្សេងៗជូនដល់កុមារៗដែលមានជីវភាពខ្វះខាតចំនួន 500 ទៅ 600 នាក់នៅវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ2 ជិតរង្វង់មូលកួរស្រូវ ចម្ងាយ 7គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ នៅថ្ងៃទី19 ខែមិថុនា ឆ្នាំ2018 ម្សិលមិញនេះ។
ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាចម្រៀងប្រុស នួន សុធារៈ ជាអតីតបេក្ខភាពប្រឡងចម្រៀងកម្មវិធី Cambodian Idol រដូវកាលទី2 ដែលមានប្រជាប្រិយភាពទទួលបានសំឡេងសារគាំទ្រច្រើនជាងគេ ជារៀងរាល់សប្ដាហ៍ និងស្រាប់តែពេលថ្មីៗនេះ គេមើលឃើញរូបលោកបានចូលរួមធ្វើសកម្មភាពសប្បុរសធម៌មួយចំនួន ដែលគួរឱ្យកោតសរសើរពីទឹកចិត្តរបស់លោកមែនទែន។ ងាកមក កញ្ញា ចំរើន សុភ័ក្រ វិញ នាងបានដឹកដៃបងប្អូនប្រុសស្រីរបស់ខ្លួនចេញទៅកើបប្រាក់នៅទឹកដីអាមេរិកអស់រយៈពេល 2ខែកន្លងមកហើយ ហើយពួកគេទើបតែត្រឡប់មកដល់មាតុប្រទេសវិញកាលពីពាក់កណ្ដាលខែមិថុនា នេះឯង។ គ្រាន់តែមកដល់ស្រុកខ្មែរភ្លាម តារាស្រីរូបនេះស្រាប់តែបង្ហាញមុខក្នុងសកម្មភាពសប្បុរសធម៌ភ្លែតតែម្ដងដោយមិនខ្វល់ពីថ្ងៃឈប់សម្រាករបស់ខ្លួនឡើយ។
គួរបញ្ជាក់ផងដែរថា ក្រៅពីតារាចម្រៀងទាំង 2ដួងនៅក្នុងទ្រនំរស្មីហង្សមាសនេះហើយ ក្នុងនោះគេក៏ឃើញវត្តមានអ្នកសិល្បៈជាច្រើនរូបទៀតបានចូលរួមសកម្មភាពសប្បុរសធម៌មួយនេះ ដូចជា តារាចម្រៀង វ៉ាន់ នីឡា លោក So Cool និងតារាសម្ដែង ដួង ម៉ានិច ជាដើម។ ទឹកចិត្តចែករំលែកអំពើសប្បុរសធម៌ និងក្ដីស្រឡាញ់របស់អ្នកសិល្បៈមួយក្រុមនេះ កំពុងធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង៕