ជប៉ុន បានក្លាយជាក្រុមដំបូងគេរបស់ទ្វីបអាស៊ី ក្នុងការយកឈ្នះលើក្រុមរបស់តំបន់អាមេរិកខាងត្បូង នាព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុមនៅសល់សមាជិកត្រឹមតែ 10នាក់ កូឡុំប៊ី ក្នុងលទ្ធផល 2-1 ដើម្បីបំពេញការសងសឹកដ៏ផ្អែមល្ហែមមួយសម្រាប់ការបរាជ័យដ៏ឈឺចាប់ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ2014។
គ្រាប់បាល់ឈ្នះនៅនាទីទី73 របស់កីឡាករ Yuya Osako បានផ្តល់នូវការធូរស្រាលដ៏ធំមួយសម្រាប់ជប៉ុន ដែលបានរងបរាជ័យក្នុងលទ្ធផល 4-1 ក្រោមស្នាដៃក្រុមជម្រើសជាតិកូឡុំប៊ី កាលពី 4ឆ្នាំមុន អំឡុងពេលនៃយុទ្ធនាការដ៏ខកចិត្តមួយ ខណៈដែលពួកគេមិនអាចសូម្បីតែដណ្តើមយកជ័យជម្នះ 1លើក។ ក្នុងការប្រកួតជុំទី2 នៃពូល A នាថ្ងៃដដែលនោះ ការវិលត្រឡប់របស់ Mohamed Salah ពីបញ្ហារបួសវិញ មិនបានរារាំងមិនឱ្យក្រុមម្ចាស់ផ្ទះ World Cup រុស្ស៊ី បំពេញការឈ្នះកៅអីរបស់ពួកគេក្នុងវគ្គ 16ក្រុមចុងក្រោយតាមរយៈការផ្តួលក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងលទ្ធផល 3-1 កាលពីថ្ងៃអង្គារឡើយ។ ការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ប្រធានក្រុមអេហ្ស៊ីប Ahmed Fathy បានបង្កើតឱ្យមានគ្រាប់បាល់បន្តបន្ទាប់ជាច្រើន នៅរាត្រីដ៏សោកសៅក្នុងទីក្រុង Saint Petersburg នៅមុនពេលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Denis Cheryshevនិង ArtemDzyuba បានពង្រឹងក្តីសង្ឃឹមរបស់រុស្ស៊ីថា ពួកគេអាចលុបចោលនូវការមន្ទិលសង្ស័យទាំងឡាយដើម្បីឈានទៅវគ្គជ្រៅៗទៀតនៃយុទ្ធនាការនេះ។
ជាមួយគ្នានេះ លោក AliouCisse គ្រូបង្វឹកនៃក្រុមជម្រើសជាតិសេណេហ្គាល់ បានព្រមានដល់គូប្រជែងក្នុង World Cup របស់ខ្លួនថា ក្រុមនៅអាហ្វ្រិកខាងលិចមួយនេះ បានបន្ថែមជំនាញបច្ចេកទេសទៅលើទេពកោសល្យរបស់ពួកគេ កាលពីថ្ងៃអង្គារ ក្រោយពីពួកគេបានបើកយុទ្ធនាការរបស់ពួកគេ ជាមួយនឹងជ័យជម្នះ 2-1 លើក្រុមជម្រើសជាតិប៉ូឡូញ៕
ប្រភពពី៖ Channel News Asia