ស្របពេលដែលវិស័យសំណង់បាន និងកំពុងរីកលូតលាស់ខ្លាំងនៅក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នវិស័យនេះបានងាកទៅខណ្ឌដង្កោវិញម្ដង ជាហេតុនាំឱ្យតម្លៃដីនៅភាគខាងត្បូងរាជធានីបានហក់កាន់តែខ្ពស់ឡើងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ហ៊ឹម សីហា ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ឱ្យដឹងថា របាយការណ៍ស្រាវជ្រាវ នៅត្រីមាសទី1 ដើមឆ្នាំ2018 របស់ក្រុមហ៊ុន VTrust Appraisal សហការជាមួយក្រុមហ៊ុន Zillenium បានរកឃើញថា អត្រាកំណើនតម្លៃដីធ្លីជាមធ្យមនៅក្នុងខណ្ឌដង្កោពីឆ្នាំ2002 ដល់ឆ្នាំ2007 បានកើនឡើងប្រមាណជា 35%។ លោកថា “ខណ្ឌដង្កោនិយាយជាទូទៅ នៅសង្កាត់ដង្កោ និងសង្កាត់ជើងឯក តម្លៃដីបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានគម្រោងទីក្រុងរណប ING City និងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងនៅស្រុកកណ្តាលស្ទឹង ខេត្ដកណ្តាល។
តម្លៃដីធ្លីនៅខណ្ឌដង្កោអាចខ្ពស់ ឫទាបអាស្រ័យលើចម្ងាយផ្លូវពីវត្តភ្នំដែលជាចំណុចកណ្ដាលរបស់រាជធានីភ្នំពេញ។ តាមបណ្តោយផ្លូវធំ ដីទំនេរចម្ងាយប្រហែល10គីឡូម៉ែត្រពីវត្តភ្នំ អាចមានតម្លៃ 450ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីអាចត្រឹមតែ 10ដុល្លារក្នុងមួយម៉ែត្រការ៉េ ប្រសិនបើមានចម្ងាយប្រហែល 25គីឡូម៉ែត្រពីវត្តភ្នំ។ ទោះជាយ៉ាងណាក៏ដោយ ដីទំនេរដែលមានចម្ងាយ2 ទៅ3គីឡូម៉ែត្រពីសង្កាត់ដង្កោនៅតាមបណ្តោយផ្លូវចំការដូង (ឫផ្លូវ217) អាចមានតម្លៃចាប់ពី 400ដុល្លារ ទៅ 800ដុល្លារក្នុងមួយម៉ែត្រការ៉េដែលជាតម្លៃខ្ពស់បំផុតនៅក្នុងសង្កាត់ដង្កោ។
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនដូចជាបុរីពិភពថ្មី លឹមឈាងហាក់ និងសូនីជាដើម បានសាងសង់គម្រោងលំនៅឋានមួយចំនួននៅក្នុងសង្កាត់ដង្កោ។ ចំពោះការអភិវឌ្ឍលំនៅឋាន ខណ្ឌដង្កោ មានចំនួនលំនៅឋានច្រើនជាងគេលំដាប់ទី3 បន្ទាប់ពីខណ្ឌពោធិ៍សែនជ័យ និងសែនសុខ។ ការផ្គត់ផ្គង់លំនៅឋាននៅខណ្ឌដង្កោបានឈានដល់ចំនួន 17,664ខ្នងផ្ទះ ដែលក្នុងនោះចំនួន 11,386ខ្នងផ្ទះត្រូវបានបញ្ចប់ជាស្ថាពរ។
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនប្រចាំឆ្នាំ 8ភាគរយនៃខណ្ឌមួយនេះ អ្នកអភិវឌ្ឍន៍មានគម្រោងសាងសង់លំនៅឋានចំនួន 3,000ខ្នងបន្ថែមទៀតនៅត្រឹមឆ្នាំ2018នេះ។ ទន្ទឹមនឹងនេះដែរ ការផ្គត់ផ្គង់លំនៅឋានថ្មីក៏ដើម្បីឆ្លើយតបទៅនឹងការពង្រីកទីក្រុងនៅក្នុងខណ្ឌដង្កោផងដែរ។
គម្រោងអភិវឌ្ឍន៍សំខាន់ៗដូច ING City និងគម្រោងអាកាសយានដ្ឋានភ្នំពេញនឹងដើរតួជា កាតាលីករដើម្បីទាក់ទាញគម្រោងអភិវឌ្ឍន៍ដទៃទៀតនៅក្នុងខណ្ឌដង្កោ ហើយប្រការនេះនឹងធ្វើឱ្យតម្លៃដីធ្លីកាន់តែប្រសើរឡើងនៅក្នុងតំបន់។ ជាមួយនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម ឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញ ខណ្ឌដង្កោត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទៅជាតំបន់ទីក្រុងពេញលេញក្នុងរយៈពេល2ទសវត្សរ៍ខាងមុខទៀត។
លោក សន ស៊ាប ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd មានប្រសាសន៍ថា ក្រោយពីវិស័យសំណង់បានរីកឡើងខ្លាំងនៅភាគខាងលិច និងភាគខាងជើងរាជធានីភ្នំពេញរួចមក និន្នាការនៃការសាងសង់សំណង់លំនៅឋាននានា រួមនឹងអគារពាណិជ្ជកម្ម ក៏ដូចជាផ្សារទំនើបកំពុងបែឆ្ពោះទៅភាគខាងត្បូងជាបណ្តើរៗហើយ ពិសេសនៅក្នុងខណ្ឌដង្កោនេះតែម្តង។
លោកបន្តថា នៅពេលសំណង់កើនឡើងខ្លាំងនៅក្នុងខណ្ឌខាងលើរួច សកម្មភាពសំណង់ និងបន្តឆ្ពោះទៅភាគខាងកើតវិញម្តង ពិសេសនៅតំបន់អរិយក្សត្រក្នុងស្រុកល្វាឯម និងនៅស្រុកកៀនស្វាយ ខេត្តកណ្តាលក្រោយពេលដែលរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេរួចនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មានប្រសាសន៍ថា ជាទូទៅនៅពេលដែលទីក្រុងភ្នំពេញមានលក្ខណៈចង្អៀត ទីតាំងភូមិសាស្ត្រនេះនឹងពង្រីកកាន់តែធំឡើងៗ ដោយបច្ចុប្បន្នវិស័យសំណង់បានរីកដុះដាលក្នុងរង្វង់ 20គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ ហើយនៅរយៈពេលប្រមាណជា 10ឆ្នាំក្រោយទៀត វានឹងរីកកាន់តែធំរហូតដល់ 40គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ៕