ស្របពេលដែលរោងចក្រសហគ្រាស និងក្រុមហ៊ុនឯកជននានា មានការកើនឡើងជារៀងរាល់ឆ្នាំបានធ្វើឱ្យចំណូលពន្ធនៅកម្ពុជាមានការកើនឡើងប្រមាណជា 20%ជារៀងរាល់ឆ្នាំ។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងជំនួបជាមួយវិស័យឯកជន ធុរជន និងពាណិជ្ជករ ដែលរៀបចំឡើងដោយសហគមន៍អឺរ៉ុប ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្មពន្ធដារ ដោយអនុវត្តស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ចាប់ពីឆ្នាំ2014-2018 ជាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទចាប់តាំងពីឆ្នាំ2012មក អគ្គនាយកដ្ឋានពន្ធដារតែងសម្រេចបានគ្រប់និងលើសផែនការកំណត់ ពិសេសឆ្នាំ2017កន្លងទៅនេះជាកំណត់ថ្មីរបស់ពន្ធដារដែលសម្រេចបាននេះ បានឆ្លុះបញ្ចាំង 113% នៃផែនការច្បាប់។
លទ្ធផលសម្រេចបាននេះក្នុងបរិបទមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ ៖1.មិនមានការបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មី។ ទី2. មានតែពង្រឹងច្បាប់ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីពន្ធដារមានស្រាប់។ 3.ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យអស់សក្តានុពលដែលមានស្រាប់ និងទី4.ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅនៃការប្រមូលពន្ធកំណត់ដោយច្បាប់ត្រូវបានកើនឡើងក្នុងរង្វង់ប្រមាណ 20% ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីប្រែក្លាយអគ្គនាយកដ្ឋានពន្ធដារ ទៅជាអង្គភាពសាធារណៈមួយដែលត្រូវបានទទួលស្គាល់លើគុណភាព និងជំនាញក្នុងការប្រមូលចំណូលពន្ធ ក៏ដូចជាការបញ្ជ្រាបព័ត៌មានពន្ធដារ ដោយធ្វើឱ្យការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលសារពើពន្ធកាន់តែមានប្រសិទ្ធភាព គុណភាពខ្ពស់រហ័ស សាមញ្ញ ស័ក្តិសិទ្ធិភាពគួរឱ្យទុកចិត្ត ក្នុងន័យថា ប្រព័ន្ធពន្ធដារកម្ពុជាកាន់តែសាមញ្ញា ងាយស្រួល សម្រាប់អ្នកជាប់ពន្ធ ប៉ុន្តែលំបាកក្នុងការគេចវេះ។
ដើម្បីធ្វើទំនើប ពន្ធដារ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធតាមដាន លំហូរឯកសារចេញ-ចូល (Tracking Document System) សេវា Call Center ទូរស័ព្ទ 1277, GDT Live Chat ក្នុងន័យពង្រឹងសេវា និងការឆ្លើយតបនានាជូនអ្នកជាប់ពន្ធឱ្យបានប្រសើរ ការបង់ពន្ធតាមប្រព័ន្ធធនាគារ និងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-Payment) កម្មវិធីពិនិត្យលិខិតសវនកម្ម (Audit Checking Application) តាមរយៈទូរស័ព្ទដៃដែលអាចទាញយកពី Appstore ឬ Playstore ដោយឥតបង់ថ្លៃ និងបំពេញនូវព័ត៌មានដែលបានតម្រូវ។ បន្ថែមពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខ អគ្គនាយកដ្ឋានពន្ធដារ និងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធអាចដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) បន្ថែមពីលើការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក E-Payment ដែលកំពុងបានដាក់ឱ្យប្រើប្រាស់។
ជាមួយគ្នានេះលោក Anaud Darc ប្រធានសភាពាណិជ្ជកម្មអុឺរ៉ុប (EUROCHAM) បានវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវការគាំទ្រដល់វិស័យឯកជន ក្នុងការពង្រឹងនូវការប្រកួតប្រជែងដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ក្នុងចំណោមសហគ្រាសទាំងឡាយ ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ សហគ្រាសជាអ្នកជាប់ពន្ធតូច តាមរយៈការធ្វើកំណែទម្រង់ គោលនយោបាយ និងរដ្ឋាភិបាលសារពើពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តជាពិសេសក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា ក្នុងរយៈពេល 4ខែ ដើមឆ្នាំ2018 ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន 3,638.31 ពាន់រៀលប្រមាណជា 909.57លានដុល្លារអាមេរិក ស្មើនឹងប្រមាណជា 47.29% នៃផែនការកំណត់។ ប្រសិនបើធៀបនឹងរយៈពេល 4ខែ ដើមឆ្នាំ2017 ឃើញថា ការប្រមូលពន្ធអាករគ្រប់ប្រភេទ(តាមប្រព័ន្ធអនឡាញ)ក្នុងរយៈពេល 4ខែ ឆ្នាំ2018 កើនឡើងចំនួន 389.96ពាន់លានរៀល ស្មើនឹង 97.49 លានដុល្លារអាមេរិក ស្មើនឹង12.01%៕