ក្រោយពីបញ្ចប់ជីវិតគូរវាងតារាសម្តែងអ្នកនាង ភិន សុដាលីស រួចមក គេមើលឃើញថា តារាសម្តែងដ៏មានឈ្មោះល្បីល្បាញ លោក ប៉ែន ចំរ៉ុង ហាក់ដូចជាមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាផ្សេងទៀតទ្បើយ។ តែកាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីគេបានមើលឃើញនៅក្នុងបណ្តាញសង្គមរបស់នារីម្នាក់បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនឹងតារាប្រុសរូបនេះ និងថែមទាំងភ្ជាប់ជាមួយសារដ៏មានអត្ថន័យផ្អែមល្ហែមមិនធម្មតាទៀតផង។
ជាក់ស្ដែងនៅក្នុងថ្ងៃខួបកំណើតរបស់លោក ប៉ែន ចំរ៉ុង ត្រូវបានអ្នកលេងបណ្ដាញសង្គមម្នាក់ចែកចាយឃ្លីបវីដេអូរបស់លោកនឹងនារីម្នាក់នោះដែលបានស្ដែងឱ្យឃើញពីភាពផ្អែមល្ហែមដោយការឱបថើប បឺតជញ្ជក់មាត់គ្នាយ៉ាងច្បាស់ៗតែម្ដង។
តាមរយៈឃ្លីបវីដេអូនេះដែរ គេឃើញរូបនារីវ័យក្មេងម្នាក់នោះកាន់នំខួបកំណើតមួយ និងហៅ ប៉ែន ចំរ៉ុង ថា ប្ដីពេញៗមាត់តែម្ដង ដោយគ្មានលាក់លៀមអ្វីឡើយ។ បន្ថែមពីនេះ នាងបានជូនពរឱ្យលោកកាន់តែមានភាពល្បីល្បាញទ្វេឡើង និងសុំឱ្យតារាប្រុសរូបនេះឈប់ខូចតទៅទៀត ហើយស្រឡាញ់តែនាងម្នាក់គត់ទៀតផង។ ចំណែកលោក ប៉ែន ចំរ៉ុងវិញ បានឱបស្មានាង និងផ្តល់ស្នាមថើបមាត់នារីម្នាក់នោះយ៉ាងផ្អែមល្អែម ជាមួយពាក្យថា “ឈប់គិតច្រើនថា ប្តីមានស្រី កុំរករឿងប្តីទៀតណា៎”។
តាមរយៈសាច់រឿងនៃការបែកធ្លាយមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន តែទោះជាយ៉ាងណាក៏អ្នកគាំទ្រ នៅតែចង់ដឹងច្បាស់ពីរឿងនេះថា តើជារឿងពិត ឫក៏យ៉ាងណា?។ សារព័ត៌មាន ឡារ៉ែន នៅមិនទាន់អាចទំនាក់ទំនងតារាប្រុសរូបនេះដើម្បីសុំការបកស្រាយបាននៅឡើយទេ៕