កូរ៉េខាងជើង និងខាងត្បូង បានយល់ព្រមរៀបចំការប្រកួតកីឡាបាល់បោះរួមគ្នាមួយ ក្នុងទីក្រុង Pyongyang ហើយនឹងបង្កើតក្រុមរួមគ្នាជាច្រើនទៀតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នាខែសីហា ក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការប្រកាសរបស់ប្រទេសទាំង2 កាលពីថ្ងៃចន្ទ ក្រោយពីការចរចានានាពេញ 1ថ្ងៃ នៅឯព្រំដែនរួមគ្នារបស់ពួកគេរួចមក។
ការប្រកួតកីឡាបាល់បោះនេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី4 ខែកក្កដា ដើម្បីអបអរខួបគម្រប់នៃកិច្ចព្រមព្រៀងរួមគ្នាមួយរបស់អន្តរកូរ៉េ។ នេះបើយោងតាមការប្រកាសរបស់ប្រទេសទាំង2 ក្នុងសេចក្តីថ្លែងការណ៍មួយ។ ការប្រកួតមួយផ្សេងទៀតនឹងត្រូវរៀបចំឡើងនៅទីក្រុងសេអ៊ូល នៅចុងឆ្នាំនេះ។ អត្តពលិកមកពីប្រទេសទាំង2 នឹងដង្ហែក្បួនជាមួយគ្នាក្រោមទង់ជាតិរួមគ្នាមួយ និងប្រទេសដែលមានឈ្មោះថា «កូរ៉េ» អំឡុងពេលបើក និងបិទកម្មវិធីប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ី ដូចដែលពួកគេបានធ្វើរួចមកហើយក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែកុម្ភៈដូច្នោះដែរ។
ពួកគេក៏បានយល់ព្រមក្នុងការបង្កើតក្រុមរួមចម្រុះគ្នា សម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ និងសម្រាប់យុទ្ធនាការអន្តរជាតិផ្សេងទៀតផងដែរ ហើយប្រទេសទាំង2 នឹងរៀបចំការពិភាក្សាផ្សេងៗជាច្រើនបន្ថែមទៀតដើម្បីធ្វើការងារលើសេចក្តីលម្អិតនានាទាំងនោះ។ លោក Jeon Choong-ryul អគ្គរដ្ឋលេខាធិការរបស់គណៈកម្មាធិការអូឡាំពិក និងកីឡាកូរ៉េ បានឱ្យដឹងថា៖ «យើងនឹងព្យាយាមបង្ហាញពីស្មារតី និងគោលការណ៍នានាដែលត្រូវបានព្រមព្រៀងរវាងមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងខាងជើង ក្រោមការជឿជាក់ថា កីឡាអាចដើរតួជាអ្នកនាំផ្លូវមួយសម្រាប់ការដោះដូរកាន់តែច្រើនឡើងរវាងអន្តរកូរ៉េ»៕
ប្រភពពី៖ Channel News Asia