ក្រុមហ៊ុនដ៏ធំរបស់អាមេរិក Google អាចត្រូវប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរនៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ ប្រសិនបើគណៈកម្មការអឺរ៉ុប (EU) រកឃើញថា ក្រុមហ៊ុនមួយនេះបានប្រើប្រាស់នូវវិធីសាស្ត្រស្មោកគ្រោកក្នុងការប្រូម៉ូតប្រព័ន្ធដំណើរការ Android ឱ្យល្បី។
យោងតាមការចេញផ្សាយរបស់ Reuters បានឱ្យដឹងថា EU បានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន Google អស់រយៈពេលច្រើនឆ្នាំមកហើយ ក្នុងករណីប្រូម៉ូតប្រព័ន្ធដំណើរការ Android ឱ្យល្បីតាមរយៈមធ្យោបាយផ្សេង។
ប្រភពដែលជិតស្និទ្ធនឹង EU បានលួចបង្ហើបឱ្យដឹងថា EU បានតាមដានទៅលើកិច្ចព្រមព្រៀងរវាង Google និងក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងៗ ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ជាពិសេស Google អាចនឹងត្រូវពិន័យជាប្រាក់ក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ បើសិនជា EU រកឃើញថា Google បានប្រើប្រាស់ Google Search ដើម្បីជួយជំរុញឱ្យ Android មានភាពល្បីល្បាញ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google ទើបតែបញ្ចប់សំណុំរឿងដ៏ធំមួយជាមួយនឹងតុលាការក្នុងករណីបិទ និងប្រើប្រាស់ផ្ទាំងពាណិជ្ជកម្ម AdSense លើសពីច្បាប់កំណត់ ប៉ុន្តែសំណុំរឿងមួយនេះមិនត្រូវបានគេទម្លាយឱ្យដឹងលម្អិតឡើយ៕