គំនិតច្នៃប្រឌិត ជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាមនុស្ស និងរុញច្រានពិភពលោកឱ្យស្ថិតក្នុងស្ថានភាពកាន់តែប្រសើរឡើង តាមរយៈសមិទ្ធផលប្រកបដោយគុណតម្លៃនានាដែលត្រូវបានគេផលិតឡើងតាមរយៈគំនិតប្លែកៗទាំងអស់នោះ។
នៅកម្ពុជា ក្រៅពីជំរុញយុវជនជំនាន់ថ្មីឱ្យស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រពិត STEM និងជំនាញបច្ចេកទេសដើម្បីបំពេញទីផ្សារការងារ និងទាក់ទាញការវិនិយោគហើយនោះ ជំនាញច្នៃប្រឌិត ឬនវានុវត្តន៍ក៏ជាចំណុចសំខាន់មួយដែលកម្ពុជាកំពុងត្រូវការ ព្រោះជំនាញនេះអាចជំរុញប្រទេសយើងឱ្យមានសម្ទុះលឿន ស្របពេលដែលរដ្ឋាភិបាលកំពុងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ជាចំណុចចាប់ផ្តើមយ៉ាងសំខាន់មួយដែលជំរុញឱ្យសិស្សានុសិស្សកម្ពុជា ព្យាយាមប្រើប្រាស់ចំណេះដឹងពិតប្រាកដដើម្បីអភិវឌ្ឍខ្លួនឯង និងបោះជំហានទៅជាប្រជាជនសកម្ម ឬជាធនធានមនុស្សដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់ផ្តើមពីមូលដ្ឋានគ្រឹះនៃការអប់រំ ពីថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា សិស្ស-និស្សិតកម្ពុជាគួរចាប់ផ្តើមបង្កើតជាក្លិបសិក្សា ឬផ្លាស់ប្តូររបៀបសិក្សាពីការរៀនបែបធម្មតា មកធ្វើការស្រាវជ្រាវដើម្បីបំបែកចេញជាគំហើញថ្មីៗទាក់ទងនឹងវិស័យវិទ្យាសាស្ត្រដើម្បីជួយដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងសង្គម។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ៖ “សិស្ស-និស្សិតគួរចាប់ផ្តើមសិក្សាឱ្យដល់ឬសគល់នៃចំណេះដឹង ហើយព្យាយាមស្រាវជ្រាវឱ្យបានច្រើនដើម្បីយកទ្រឹស្តី ទាំងនោះ ទៅបង្កើតជាសមិទ្ធផល ឬគំហើញថ្មី។ វិស័យកសិកម្ម ក៏ជាវិស័យសំខាន់មួយដែរ និស្សិតគួរស្រាវជ្រាវថា ធ្វើយ៉ាងម៉េចដើម្បីឱ្យទទួលបានទិន្នផលច្រើន ហើយមានវិធីឆ្លាតវៃអ្វីខ្លះដើម្បីឱ្យមានភាពងាយស្រួលកាន់តែខ្លាំងក្នុងការរស់នៅជាដើម។
លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានបញ្ជាក់ផងដែរថា នៅពេលដែលយើងមានធនធានមនុស្សដែលអាចមានសមត្ថភាពក្នុងការបង្កើតអ្វីដែលថ្មីបាន ពួកគេក៏អាចសហការជាមួយនឹងអ្នកជំនាញ ឬបង្កើតវាទៅជាអាជីវកម្មខ្នាតតូច និងមធ្យម (SME)ឡើងដើម្បីទាក់ទាញធនធានមនុស្សបានច្រើនថែមទៀតផង។ ម្យ៉ាងវិញទៀត ការបង្កើតអ្វីដែលថ្មី និងមានគំនិតច្នៃប្រឌិត រួមទាំងភាពជាអ្នកដឹកនាំផង ក៏ជាគុណសម្បត្តិពិសេសក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចាប់អារម្មណ៍កាន់តែខ្លាំងនៅកម្ពុជាព្រោះអ្នកវិនិយោគបានសម្លឹងឃើញពីលក្ខណៈពិសេសរបស់កម្ពុជាជាច្រើន តែពួកគេក៏ត្រូវការធនធានមនុស្សដែលអាចធ្វើការងារបាន និងយល់ពីគេបានច្រើនផងដែរ។
សហគ្រិនកម្ពុជា ដែលបានបង្កើតសមិទ្ធផលឥដ្ឋបរិស្ថាន និងគម្រោងផ្ទះតាមក្តីប្រាថ្នា លោកហាវ គង់ងី បានលើកឡើងថា នវានុវត្តន៍សំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ព្រោះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនជាច្រើនមិនអាចប្រើប្រាស់ផលិតផលដែលប្រទេសអភិវឌ្ឍន៍បានបង្កើត ដូចជាទូរស័ព្ទទំនើប ឬសម្ភារប្រើប្រាស់ផ្សេងៗដែលមានតម្លៃថ្លៃៗនោះទេ តែត្រូវការជំនួយពីនវានុវត្តន៍សំខាន់ៗមួយចំនួនដែលត្រូវនឹងកម្រិតជីវភាពរបស់ពួកគាត់។ អ្វីដែលយើងគួរធ្វើ គឺស្វែងរកគំហើញថ្មី ឬផលិតផលណាដែលចំណេញដល់ការរស់នៅរបស់មនុស្សនៅក្នុងសង្គមទូទៅ ឬតម្រូវការពិតប្រាកដរបស់ប្រជាជននៅគ្រប់ទីកន្លែង ទាំងអ្នកមានជីវភាពធូរធារ និងអ្នកមានជីវភាពកម្រិតមធ្យម ឬក្រោមមធ្យម។
លោក ហាវ គង់ងី បាននិយាយថា ៖ “សម្រាប់ខ្ញុំ គឺខ្ញុំបានរកឃើញថា ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនត្រូវការលំនៅឋាន តែលទ្ធភាពនៃប្រាក់ចំណូលរបស់គាត់មិនអាចធ្វើឱ្យគាត់ទទួលបានលំនៅឋានដោយងាយស្រួលនោះទេ ហេតុនេះការបង្កើតឥដ្ឋបរិស្ថានឡើង គឺដើម្បីកាត់បន្ថយចំណាយសម្រាប់អ្នកសាងសង់ និងព្យាយាមធ្វើយ៉ាងណាដើម្បីសង់ផ្ទះឡើងបានក្នុងតម្លៃធូរថ្លៃសម្រាប់ប្រជាជនដែលមានកម្រិតជីវភាពមធ្យម។
ស្ថាបនិកនៃនវានុវត្តន៍ដ៏មានសារៈសំខាន់ខាងលើក៏បានលើកឡើងផងដែរថា យើងគួរជំរុញឱ្យយុវជនជំនាន់ថ្មីស្រាវជ្រាវឱ្យបានច្រើនពីការស្វែងរករបកគំហើញថ្មីៗដើម្បីចូលរួមជាផ្នែកមួយក្នុងការដោះស្រាយបញ្ហារស់នៅរបស់មនុស្ស ព្រោះចាប់ផ្តើមពីការចូលរួមចំណែកពីនវានុវត្តន៍ល្អៗ ប្រជាជននៅទីជនបទ ឬប្រជាជនដែលមានលទ្ធភាពតិចតួចក៏អាចទទួលបាននូវឧបករណ៍នានាសម្រាប់សម្រួលដល់ការរស់នៅ ដែលអាចធ្វើឱ្យគាត់ចំណាយតិច និងបង្កើតចំណូលបានច្រើន។
យុវជនដែលបានស្រាវជ្រាវរកឃើញកង្ហារឆ្លាតវៃ ដែលមានសមត្ថភាពក្នុងការជួយដល់ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ លោក សៀន ផាលីនហួរ បានលើកឡើងថា នៅក្នុងសង្គមមានបញ្ហាច្រើនណាស់ដែលទាមទារឱ្យមានដំណោះស្រាយ។ ហើយដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នោះប្រកបដោយភាពឆ្លាតវៃ អ្នកបង្កើតនវានុវត្តន៍ គួរតែបញ្ចេញសមត្ថភាពរបស់ខ្លួនដើម្បីជួយដល់ប្រជាជន និងធ្វើយ៉ាងណាឱ្យសមិទ្ធផលរបស់ខ្លួនក្លាយជារបស់ដែលអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងមានតម្លៃសមរម្យ តែបានផលប្រយោជន៍ច្រើនជាងមុន។
លោក សៀន ផាលីនហួរ បាននិយាយថា ៖ “ជាឧទាហរណ៍ជាក់ស្តែងយើងឃើញហើយថា មនុស្សនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអ្នកនៅតំបន់ជនបទគាត់មិនមានលទ្ធភាពក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នោះទេព្រោះវាមានតម្លៃថ្លៃ តែទោះជាយ៉ាងនេះក្តី ក៏គាត់ចង់បានឧបករណ៍អេឡិចត្រូនិកដែលអាចជួយឱ្យគាត់មានភាពងាយស្រួលដែរ។ ហេតុនេះការបង្កើតកង្ហារឆ្លាតវៃដែលមានមុខងារច្រើន និងតម្លៃសមរម្យសម្រាប់ពួកគាត់ គឺអាចជួយគាត់ឱ្យមានការរស់នៅកាន់តែប្រសើរ នៅក្នុងសង្គមដែលមានការអភិវឌ្ឍលឿនផ្នែកបច្ចេកវិទ្យា។
បើតាមលោក សៀន ផាលីនហួរ នវានុវត្តន៍ដែលបានគិតគូរល្អិតល្អន់ ពីផលចំណេញសម្រាប់អ្នកប្រើប្រាស់ នឹងអាចជំរុញឱ្យប្រទេសយើងកាន់តែមានលក្ខណៈឆ្លាតវៃ ហើយការរស់នៅរបស់ប្រជាជនក៏កាន់តែមានលក្ខណៈប្រសើរឡើងផងដែរ៕