ស្របពេលដែលប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមយល់ដឹងពីការទទួលទានអាហារធម្មជាតិគ្មានជាតិគីមី បានធ្វើឱ្យការចិញ្ចឹមមាន់ស្រែលក់ទទួលបានការគាំទ្រខ្លាំងឡើង ដែលធ្វើឱ្យរបរភ្ញាស់កូនមាន់លក់ក៏កាន់តែកាក់កប ឆាប់ទទួលបានផល និងមានការគាំទ្រខ្លាំងនៅលើទីផ្សារផងដែរ។
លោក សៅ ឌី ម្ចាស់កសិដ្ឋានភ្ញាស់កូនមាន់ស្រែដែលមានទីតាំងនៅក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត បានឱ្យដឹងថា កន្លងមកលោកធ្លាប់តែចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែដោយសារមើលឃើញតម្រូវការមាន់ស្រែនៅលើទីផ្សារកើនឡើង លោកក៏បានបង្កើតកសិដ្ឋានខ្នាតតូចមួយឡើង ដោយបានច្នៃបង្កើតម៉ាស៊ីនភ្ញាស់កូនមាន់ដោយខ្លួនឯងបានដោយជោគជ័យ កាលពីអំឡុងឆ្នាំ2016។
ក្រោយពីបង្កើតម៉ាស៊ីនភ្ញាស់កូនមាន់បានជោគជ័យរួចមក លោកបានចិញ្ចឹមមេមាន់ចំនួនជាង 30ក្បាល និងមាន់ឈ្មោលប្រមាណជា 5-6ក្បាល ដែលមេមាន់ទាំងនោះមានសមត្ថភាពអាចផ្ដល់ស៊ុតឱ្យម្តងៗបានចំនួនជាង300 ទៅ400គ្រាប់សម្រាប់ដាក់ភ្ញាស់មួយលើក។ តាមពិតទៅ លោកមិនសូវបានចិញ្ចឹមមាន់ច្រើនប៉ុន្មានទេ ដោយសារតែជាប់រវល់ផលិតម៉ាស៊ីនភ្ញាស់កូនមាន់លក់ ហើយសរុបទៅមកទល់ពេលនេះលោកទើបតែភ្ញាស់បានចំនួន 4-5លើក និងលក់កូនមាន់សរុបបានចំនួនប្រហែលជាជាង 2,000កូនតែប៉ុណ្ណោះ។
លោកបានបញ្ជាក់បន្ថែមថា នៅពេលដែលគេចិញ្ចឹមមាន់បានពងមកហើយ គេត្រូវយកមកដាក់នៅក្នុងធុងភ្ញាស់ដោយមានដោតភ្លើងអគ្គិសនីកម្តៅ ហើយត្រូវមើលថែជាប់ជាប្រចាំ ចៀសវាងភ្លើងក្តៅខ្លាំងជ្រុល និងត្រជាក់ជ្រុល។ ក្រោយពីនោះមួយសប្តាហ៍ គេត្រូវបើកទូភ្ញាស់នោះពិនិត្យមើលម្ដង ដើម្បីឱ្យដឹងថា តើពងមាន់មួយណាដែលមិនមានកូន និងត្រូវយកចេញក្រៅដើម្បីកុំឱ្យចង្អៀតកន្លែង និងកុំឱ្យខាតភ្លើងកម្ដៅចោល។ រហូតដល់ 21ថ្ងៃ ទើបកូនមាន់អាចញាស់ឡើងបានល្អតែម្តង។ ពេលនោះត្រូវដកចរន្តអគ្គិសនីចេញពីទូ ដើម្បីប្រមូលកូនមាន់ទៅចិញ្ចឹមនៅក្នុងទ្រុងដែលបានរៀបចំទុករួចជាស្រេច។
សម្រាប់ទ្រុងចិញ្ចឹមកូនមាន់ គេត្រូវរៀបចំក្នុងទីកន្លែងដែលស្អាត គ្មានមេរោគ និងការពារកុំឱ្យត្រូវទឹកភ្លៀង ឬត្រូវពន្លឺចាំងចូលមកនាំឱ្យកើនកម្ដៅឡើងខ្លាំងពេក ព្រោះថា ក្នុងរោងចញ្ចឹមកូនមាន់នោះគេមានដាក់បំពង់ ឬក្អមដើម្បីដុតធ្យូងសម្រាប់កម្ដៅរួចស្រេចហើយ។ សម្រាប់កូនមាន់តូចៗទើបនឹងញាស់ឡើងនេះវាមិនចេះស៊ីចំណីរឹងខ្លាំងទេពោលកសិករត្រូវយកចំណី ស្រូវ ពោតឬអង្ករទៅបុក ឬកិនឱ្យបែកជាគ្រាប់តូចប៉ុនៗចុងអង្ករ ទើបវាអាចស៊ីបាន ឬបើយើងមិនចង់ធ្វើដូច្នេះទេ យើងអាចទៅទិញចំណីពីផ្សារមកបំប៉នកូនមាន់មួយរយៈជាមុនសិន ទម្រាំនឹងវារឹងដៃរឹងជើងអាចដើរបាន និងចេះរកចំណីស៊ីដោយខ្លួនឯងបានខ្លះ។
បន្ទាប់ពីកូនមាន់អាយុបាន1សប្តាហ៍ គឺវាមានកម្លាំងខ្លះហើយ និងអាចលែងចេញពីទ្រុងឱ្យដើររកចំណីខាងក្រៅបានខ្លះៗហើយ និងគេអាចវាចាប់លក់បានជាបណ្តើរៗហើយ ដោយកូនមាន់មួយក្បាលតម្លៃពី 3-4ពាន់រៀលទៅតាមការកុម្ម៉ង់តិច ឬច្រើន និងកូនមាន់ដែលមានអាយុ 2សប្តាហ៍មានតម្លៃ 4-5ពាន់រៀល និងអាយុ 3សប្តាហ៍មានតម្លៃចន្លោះពី 5-6ពាន់រៀលក្នុងមួយក្បាល។ លោកថា ការភ្ញាស់កូនមាន់លក់ គឺមិនដែលគ្រប់តាមការកុម្ម៉ង់របស់អតិថិជននៅក្នុងភូមិស្រុកឬមកពីបណ្តាខេត្តផ្សេងៗនោះទេ ដោយសារលោករវល់តែចំណាយពេលផលិតម៉ាស៊ីនភ្ញាស់កូនមាន់លក់ ទើបមិនសូវមានពេលទៅចិញ្ចឹមមាន់យកពងសម្រាប់ភ្ញាស់កូនមាន់លក់។
គួរបញ្ជាក់ថា នៅក្នុងស្រុកឈូកនេះមិនមែនមានតែកសិដ្ឋានរបស់លោក សៅ ឌីតែមួយនោះទេដែលចិញ្ចឹមមាន់សម្រាប់យកស៊ុតភ្ញាស់យកកូនលក់នោះប៉ុន្តែនៅមានកសិដ្ឋានធំៗចំនួន 3-4ទីតាំងផ្សេងទៀតក៏ចិញ្ចឹមមាន់យកស៊ុតភ្ញាស់យកកូនលក់ដែរ ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការរបស់អតិថិជននៅលើទីផ្សារដដែល។
កសិករម្នាក់ឈ្មោះ តាន់ លី អ្នកទិញកូនមាន់យកទៅចិញ្ចឹមនៅក្នុងស្រុកឈូកនោះដែរមានប្រសាសន៍ឱ្យដឹងដែរថា លោកយកកូនមាន់នោះទៅបំប៉នចំណីធម្មជាតិសុទ្ធសាធ ដូចជាយកកន្ទក់មកដាំជាបបរលាយជាមួយត្រកួនឱ្យស៊ី និងមានចំណីផ្សេងទៀត ដូចជាគ្រាប់ពោត គ្រាប់ស្រូវ និងចុងអង្ករទុកសម្រាប់បាចឱ្យកូនមាន់ស៊ីបន្ថែមពេលរកចំណីខាងក្រៅស៊ីមិនគ្រប់គ្រាន់ដើម្បីបំប៉នឱ្យវាឆាប់ធំធាត់។
ត្រឹមតែរយៈពេល 3ខែប៉ុណ្ណោះ កូនមាន់នឹងធំមានទម្ងន់បាន1គីឡូ ឬជាង 1គីឡូក៏មាន។ ឯតម្លៃលក់វិញ ជាធម្មតាគេលក់បោះដុំឱ្យម៉ូយដែលមកទិញដល់ផ្ទះ បានមួយគីឡូក្រាមថ្លៃ 18,000រៀល ហើយមានប៉ុន្មានក៏គេទិញយកទាំងអស់ដែរ ព្រោះថា សាច់មាន់ស្រែកំពុងមានតម្រូវការខ្លាំងណាស់នៅលើទីផ្សារ ទាំងនៅជនបទស្រុកស្រែ និងនៅក្នុងទីប្រជុំជននានាទូទាំងប្រទេស៕