“ទោះបីស្ថិតក្នុងពេលមុនបោះឆ្នោត កំពុងបោះឆ្នោត ឬក្រោយបោះឆ្នោតក្ដីក្នុងបណ្ដាឆ្នាំកន្លងមកនេះបញ្ហាអចលនទ្រព្យមិនមានការប្រែប្រួលខ្លាំងទេ ខណៈបច្ចុប្បន្ននេះទីផ្សារដីធ្លីនៅកន្លែងណាក៏មានការកើនឡើងខ្ពស់ដែរ ពិសេសក្នុងខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញតែម្ដង។
ទាំងអស់នេះបង្ហាញពីជំនឿជឿជាក់ថា ប្រទេសកម្ពុជាពិតជាមានស្ថិរភាព និងការវិនិយោគលើអចលនទ្រព្យអាចទទួលប្រាក់ចំណេញបាន។ នេះបើតាមប្រសាសន៍របស់់ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់កាលពីខែឧសភាកន្លងទៅនេះ។
ការថ្លែងរបស់ឯកឧត្តម គឺស្របពេលមានការលេចឡើងនូវវត្តមានផ្សារទំនើបអន្តរជាតិ អុីអនដែលបានបើកដំណើរការសាកល្បងកាលពីចុងខែឧសភា និងគម្រោងវិនិយោគថ្មីៗទៀតនៅក្នុងខណ្ឌសែនសុខ ធ្វើឱ្យតម្លៃអចលនទ្រព្យ និងដីធ្លីក្នុងខណ្ឌនេះហក់ឡើងខ្ពស់ និងក្លាយទៅជាគោលដៅវិនិយោគ បើទោះបីជាកៀកនឹងពេលបោះឆ្នោតក៏ដោយ។ តែទោះជាយ៉ាងនេះក្តី ក៏នៅមានវិនិយោគិនខាងអចលនទ្រព្យខ្លះបានបង្អង់ល្បឿននៃការទិញ-លក់ដោយនៅរង់ចាំអ៊ុតមើលលទ្ធផលបោះឆ្នោតសិនថា តើអាចនឹងមានបញ្ហាអ្វីកើតឡើងឬទេ?
ការហក់ឡើងខ្ពស់នៃតម្លៃអចលនទ្រព្យនេះត្រូវបានបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាពន្យល់ឱ្យដឹងថា ការកើនឡើងនៃតម្លៃអចលនទ្រព្យក្នុងទីតាំងខាងលើនោះ(ខណ្ឌសែនសុខ) គឺដោយសារតែតំបន់នោះមាននូវអ្វីដែលជាតម្រូវការសម្រាប់ការរស់នៅស្ទើរគ្រប់ទៅហើយ ដូចជាមានសាលារៀន ផ្សារទំនើបលំនៅឋានស្នាក់នៅមានលក្ខណៈស្ដង់ដារ កន្លែងរៀបចំពិធីអាពាហ៍ពិពាហ៍ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះកំពុងមានការអភិវឌ្ឍខ្លាំងដែលសុទ្ធតែជាប្រភេទហេដ្ឋារចនាសម្ព័ន្ធធំ។
លោកបញ្ជាក់ថា កាលពី 3ឆ្នាំមុន ផ្ទះលក់ក្នុងបុរីពិភពថ្មីមានតម្លៃតែជាង 20ម៉ឺនទេ ប៉ុន្តែឥឡូវតម្លៃបានហក់ឡើងរហូតដល់ជាង 40ម៉ឺនដុល្លារ។ គួរបញ្ជាក់ដែរថា គម្រោងខ្នាតធំដែលបាននិងកំពុងសាងសង់ និងគម្រោងដែលបានបើកដំណើរការហើយនៅក្នុងខណ្ឌសែនសុខរួមមានផ្សារម៉ាក្រូរបស់ថៃ គម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងរៀបចំអាពាហ៍ពិពាហ៍អន្តរជាតិ ឌឹ ព្រីមៀមលែន និងផ្សារទំនើបធំទី2 របស់ជប៉ុន អុីអនម៉ល ដែលបានបើកដំណើរការសាកល្បងរួចហើយកាលពីចុងខែកន្លងទៅ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន cencury21mekong បានមានប្រសាសន៍អំពីបញ្ហានេះថា ពាក់ព័ន្ធនឹងការកើនឡើងនៃតម្លៃអចលនទ្រព្យ វាអាចកើតមានឡើងជាករណីពិសេសគឺកើនឡើងតែម្តុំអុីអនម៉លហ្នឹងឯង។
លោកបានបន្តថា ជាទូទៅយើងត្រូវមើលឃើញថា តម្លៃផ្ទះបុរីវាអាចកើនឡើងតែមិនអាចឡើងខ្លាំងរហូតដល់100%បានទេ។ យើងទទួលស្គាល់ថា វាកើនឡើង តែវាមិនអាចស្ទុះឡើងខ្លាំងពេកទេ គឺត្រឹមតែខ្ពស់ជាងតម្លៃពីមុនតិចតួច។ ចំណែកផ្ទះនៅក្នុងបុរីពិភពថ្មីជិតផ្សារទំនើបអុីអនម៉លទី2វិញ ទិញថ្លៃ17-18ម៉ឺនដុល្លារអាមេរិក ឥឡូវកើនដល់30-40ម៉ឺនដុល្លារអាមេរិកដែលយើងអាចនិយាយបានថា ជាលក្ខណៈពិសេសដោយកន្លែង មិនអាចសន្និដ្ឋានថាជាតម្លៃទីផ្សាររួមក្នុងខណ្ឌសែនសុខបានទេ។
លោក សុខនីម គិតថា គឺគ្រាន់តែជាតម្រូវការជុំវិញផ្សារអុីអន និងផ្សារម៉ាក្រូប៉ុណ្ណោះ ដោយសារវាជាផ្ទះបែប shophouse(ផ្ទះដែលអាចធ្វើអាជីវកម្មបាន)។ តែជាទូទៅទីផ្សារអចលនទ្រព្យនៅមានតម្លៃធម្មតាទោះបីជាកៀកពេលបោះឆ្នោតជាតិដែលគេបានសង្កេតឃើញថា វាតែងតែមានការជាប់គាំងតម្លៃក្នុងរយៈពេលកន្លងមកក៏ដោយ វាក៏មិនមានអ្វីជាក្តីបារម្ភខ្លាំងពេកដែរ គឺទីផ្សារនៅមានដំណើរការ មិនមានភាពស្ងប់ស្ងាត់នោះទេ។
លោកស្រី សេង ហ្គិចអ៊ាង ជាអ្នកទីផ្សារនៅក្រុមហ៊ុន សាន់នី ប្រភើធី (Sunny Property) មានប្រសាសន៍ថា ការកើនឡើងខុសប្លែកពីឆ្នាំបោះឆ្នោតមុនៗ មកពីមានវិនិយោគិនចិនចូលមកច្រើន ហើយពួកគេពុំខ្វល់ពីនយោបាយទេ ដោយគេគិតថាកម្ពុជាមានស្ថិរភាពជាបន្ត ទោះបីបោះឆ្នោតរួចក៏ដោយទើបគេនៅតែបន្តបោះទុនវិនិយោគខាងអចលនទ្រព្យនេះ។ ដូច្នេះទើបធ្វើឱ្យស្ថានភាពអចលនទ្រព្យនៅតែមានទីផ្សារធម្មតា។
ដោយឡែកអ្នកវិភាគអចលនទ្រព្យ និងសេដ្ឋកិច្ច លោក ង៉ែត ជូ ត្រូវបានគេស្រង់សម្តីថា នៅក្នុង វិស័យនេះមានការបំពុលព័ត៌មានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគម្រោងអភិវឌ្ឍន៍នានាតាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បីទាក់ទាញអតិថិជន ប្រយោជន៍ដើម្បីធ្វើឱ្យពួកគេលក់គម្រោងរបស់ពួកគេឆាប់ដាច់។ លោកបន្តថា ប៉ុន្តែជាក់ស្តែងយើងឃើញគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលជាឧទាហរណ៍ស្រាប់ អ្នកវិនិយោគមួយចំនួនបានប្រឈមមុខនឹងហានិភ័យ ព្រោះនៅពេលដែលរដ្ឋាភិបាលបានប្រកាសសាងសង់ព្រលានថ្មីនោះ អ្នកខ្លះបានខ្ចីលុយធនាគារទៅទិញប៉ុន្តែបច្ចុប្បន្នគម្រោងនោះបានស្ងប់ស្ងាត់ទៅវិញ ហើយចលនានៃការទិញ-លក់ដីធ្លីនៅតំបន់នោះក៏ស្ងប់ស្ងាត់ទៅវិញដែរ។
លោកបានបន្តថា “ហេតុនេះមុននឹងសម្រេចចិត្តវិនិយោគ ខ្ញុំសុំឱ្យប្រជាពលរដ្ឋប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគដើម្បីកាត់បន្ថយហានិភ័យ។ លោកបានបន្តទៀតថា “នៅពេលយើងមិនសូវស្វែងយល់សិក្សា និងតាមដានព័ត៌មានឱ្យបានជាក់លាក់ទេនឹងធ្វើឱ្យការវិនិយោគរបស់យើងមានហានិភ័យខ្ពស់។
លោក ង៉ែត ជូ បានបន្តថា ការសិក្សានិងប្រមូលព័ត៌មានបានត្រឹមត្រូវជាមូលដ្ឋានដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្ត និងអាចកាត់បន្ថយ ឬបញ្ចៀសបាននូវហានិភ័យជាជាងយើងវិនិយោគបែបប្រថុយប្រថាន ព្រោះបើការវិនិយោគពឹងលើព្រេងសំណាង មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ៕