លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានអំពាវនាវឱ្យក្រុមប្រជុំដោយតារាឆ្នើមៗរបស់ខ្លួន «ដណ្តើមយកថ្ងៃរបស់ខ្លួនឱ្យបាន» នៅពេលដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ដែលកំពុងសម្លឹងរកជ័យជម្នះក្នុងការប្រកួតបើកឆាករបស់ខ្លួនក្នុងយុទ្ធនាការ World Cup ក្នុងទីក្រុង Kazan នៅល្ងាចថ្ងៃសៅរ៍នេះ។
លោក Deschamps ដែលជាសមាជិកឈ្នះពាន World Cup ឆ្នាំ1998 ជាមួយនឹងក្រុមជម្រើសជាតិបារាំង នឹងត្រូវដឹកនាំក្រុមប្រជុំដោយកីឡាករវ័យក្មេងបំផុតនៃយុទ្ធនាការនេះ និងកំពុងតែសង្ឃឹមថា អាចធ្វើការស្តារមុខមាត់ពីការរងបរាជ័យក្នុងការប្រកួត Euro ឆ្នាំ2016 វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងប្រទេសបារាំង កាលពី 2ឆ្នាំមុន។
ក្នុងចំណោមកីឡាករទាំង 23នាក់ក្នុងក្រុមរបស់លោក Deschamps មានកីឡាករ 14នាក់មិនធ្លាប់បានលេងក្នុងយុទ្ធនាការធំៗណាមួយនៅឡើយ ប៉ុន្តែ លោកមិនបានចាត់ទុកការខ្វះនូវបទពិសោធនេះថា ជាបញ្ហាធំឡើយ។ លោក Deschamps វ័យ 49ឆ្នាំ បានបញ្ជាក់កាលពីថ្ងៃសុក្រថា៖ «សម្រាប់ខ្ញុំ វាគ្មាននូវការប្រថុយប្រថានណាមួយឡើយ និងប្រសិនបើមាន គឺដោយសារតែពួកគេខ្លួនឯងហ្នឹងឯង»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងមិនអាចធ្វើឱ្យមានអារម្មណ៍ភ័យខ្លាចបានឡើយ។ ខ្ញុំចង់ឱ្យកីឡាករទាំងអស់មានអារម្មណ៍ស្ងប់ និងមានការផ្តោតអារម្មណ៍។ គោលដៅរបស់ពួកគេ គឺការធ្វើឱ្យបានល្អបំផុត។ ពួកគេត្រូវតែដណ្តើមយកឱកាសរបស់ពួកគេឱ្យបានច្រើនបំផុត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 5ល្ងាច៕
ប្រភពពី៖ Channel News Asia