តើ​អ្នកណា​មាន​សិទ្ធិ​ចាត់ចែង​ប្រាក់​បញ្ញើ​នៅ​ធនាគារ ក្នុងករណី​ម្ចាស់​ទទួលមរណភាព?

បច្ចុប្បន្ន​គេ​សង្កេតឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​យល់ដឹង​ពី​អត្ថប្រយោជន៍ និង​សុវត្ថិភាព​នៃ​ការដាក់​ប្រាក់​បញ្ញើ​នៅ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នានា​ជាមួយនឹង​ទំនុកចិត្ត​ក៏ដូចជាទទួលបាន​នូវ​ការប្រាក់​ពី​ការដាក់​ប្រាក់​បញ្ញើ​នេះ​ផងដែរ។

ទន្ទឹមនឹងនោះ​វា​ក៏​អាច​នឹង​កើតមាន​ផលវិបាក​ផ្លូវច្បាប់​មួយចំនួន​ក្នុងករណី​ម្ចាស់​គណនី​ជួបប្រទះ​នឹង​ហេតុការណ៍​ណាមួយ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ ឈានដល់​ការកើតមាន​វិបត្តិផ្នែក​បញ្ញា​ស្មារតី ឬ​រហូតដល់​បាត់បង់​ជីវិត ដូច្នេះ​តើ​ផលវិបាក​នៃ​ការចាត់ចែង​ទ្រព្យ​ប្រាក់​បញ្ញើ​របស់គាត់​ត្រូវធ្វើ​ដូចម្តេច? តើ​អាច​ឱ្យមាន​ការទទួល​សិទ្ធិ​បន្ត​លើ​ការចាត់ចែង​ប្រាក់​បញ្ញើ​តាមរយៈ​ការទទួល​ស្នង​មរតក​ពី​ម្ចាស់​គណនី(ម្ចាស់​ប្រាក់​បញ្ញើ) ដែល​អសមត្ថភាព ឬ​ទទួលមរណភាព​នោះ​ឬទេ?

ដើម្បីឱ្យ​សាធារណជន​បាន​ស្វែងយល់​ពី​បញ្ហា និង​ដំណោះស្រាយ​ផ្នែក​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការចាត់ចែង​ប្រាក់​បញ្ញើ​ជំនួស ឬ​ការចាត់ចែង​ប្រាក់​បញ្ញើ​បន្ត ក្រោយ​ពេលដែល​ម្ចាស់​គណនីអសមត្ថភាព ឬ​ទទួលមរណភាព​នោះ អ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក ប៉ាន់ វាសនា ស្ថាបនិក​នៃ​មន្ទីរ​សារការី​មេគង្គ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​សំនួរ-ចម្លើយ​ដូចខាងក្រោម៖

1.តើ​អ្វី​ទៅជា​ប្រាក់​បញ្ញើ?

ប្រាក់​បញ្ញើ​គឺជា​ប្រាក់(ទ្រព្យសម្បត្តិ)ដែល​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាក់​បញ្ញើ(ម្ចាស់​គណនី)បានដាក់​ផ្ញើ​សាច់ប្រាក់​តាម​គ្រប់​ប្រភព​ដែលជា​ចំណូល​របស់ខ្លួន​នៅ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់​បញ្ញើ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​នេះ​ពី​ធនាគារជាតិ​នៃ​កម្ពុជា។

ច្បាប់​កំណត់ថា បញ្ញើ​ជា​កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ជា​អ្នកទទួល​បញ្ញើ​សន្យា​ទទួលយក​វត្ថុ​បញ្ញើ​ពី​ភាគី​ម្ខាង​ទៀត​ជា​អ្នក​ផ្ញើមក​រក្សាទុក​ក្នុងអំឡុង​ពេលដែល​បានកំណត់​ហើយ​នៅក្រោយ​ពេលដែល​អំឡុងពេល​រក្សាទុក​នោះ​ត្រូវបាន​បញ្ចប់ ត្រូវ​សង​វត្ថុ​ដដែល​នោះ​ទៅឱ្យ​អ្នក​ផ្ញើ​វិញ។

លើសពីនេះ​ការដាក់​ប្រាក់​បញ្ញើ​អាចធ្វើ​បាន​នៅ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ដែលមាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ដើម្បី​បំពេញ​នូវ​ទំនុកចិត្ត​ស្របច្បាប់​ដល់​ម្ចាស់​ប្រាក់​បញ្ញើ និង​ដើម្បី​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ពីព្រោះ​មានតែ​គ្រឹះស្ថាន​ធនាគារ ជាពិសេស​ធនាគារពាណិជ្ជ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប៉ុណ្ណោះ​ដែល​អាចធ្វើ​ប្រតិបត្តិ​ការទទួលប្រាក់​ប​ញ្ញើ​ពី​សាធារណជន​បាន​ស្របតាម​ច្បាប់​ស្តី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

2.តើ​បុគ្គល​ណាខ្លះ​អាច​បើក​គណនី​របស់ខ្លួន​នៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ដាក់​ប្រាក់​បញ្ញើ​បាន?
ជាគោលការណ៍​ច្បាប់​គ្រប់​បុគ្គល​ទាំងអស់​រួមទាំង​រូបវន្តបុគ្គល និង​នីតិបុគ្គល (ដូចជា​ក្រុមហ៊ុន/អង្គការក្រៅរដ្ឋាភិបាល​នានា/សមាគម ជាដើម) មាន​សិទ្ធិ​បង្កើត​គណនី​សន្សំ ឬ​គណនី​ធនាគារ​ស្របតាម​តម្រូវការ​របស់ខ្លួន​នៅតាម​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​រក្សាទុក​ប្រាក់​បញ្ញើ​ឬ​រក្សាទុក​ប្រាក់​សន្សំ​ដោយ​អាច​ទទួលបាន​ការប្រាក់ ឬ​អត្ថប្រយោជន៍​ផ្សេងទៀត​ស្របតាម​ការព្រមព្រៀង និង​គោលនយោបាយ​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នោះ។

ទន្ទឹមនឹងនោះ​ការស្នើ​បើក​គណនី​នៅតាម​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ត្រូវបាន​ច្បាប់​តម្រូវឱ្យ​បុគ្គល​នោះ(អ្នកស្នើសុំ) ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្នុងនោះ​លក្ខខណ្ឌ​សមត្ថភាព​ត្រូវតម្រូវ​ចំពោះ​ម្ចាស់​ស្នើសុំ​បើក​គណនី​ផងដែរ។ ជាគោលការណ៍​ច្បាប់​អ្នកស្នើសុំ​បើក​គណនី​ត្រូវតែ​ជា​ជន​ដែលមាន​នីតិភាព ឬ​ជា​នីតិបុគ្គល។ នីតិភាព​មានន័យថា រាល់​បុគ្គល​ដែលមាន​អាយុ​ស្របច្បាប់​អាចធ្វើ​ការចាត់ចែង​រាល់​កិច្ចការ​នានា​របស់ខ្លួន​ស្របច្បាប់​បាន។

ជន​ដែល​ដល់​នីតិភាព គឺជា​ជន​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ ហើយ​មិនមាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី ឬ​ជន​ដែលមាន​អាយុ​ចាប់ពី 16ដល់ 18ឆ្នាំ​ដែល​ច្បាប់​កំណត់ថា​ជន​នោះ​មាន​នីតិភាព​បាន ត្រូវមាន​លិខិតបញ្ជាក់​ត្រឹមត្រូវ​ដូចជា​សំបុត្រអាពាហ៍ពិពាហ៍ ឬ​មាន​ដីកា​សម្រេច​ពី​តុលាការ​បញ្ជាក់ថា ជន​នោះ​មាន​សមត្ថភាព​ស្របច្បាប់​ជាដើម។ ករណី​ម្ចាស់​ស្នើសុំ​បើក​គណនី​ជា​អនីតិជន និង​ជា​នីតិជន​ដែលមាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី​ច្បាប់ តម្រូវឱ្យ​ជន​នោះ​ត្រូវមាន​អ្នកតំណាង​ស្របច្បាប់​ដែល​ត្រូវបាន​ជ្រើសតាំង​តាម​ដីកា​សម្រេច​របស់​តុលាការ និង/ឬ​ត្រូវ​បំពេញបែបបទ​ស្នើសុំ​នានា​តាម​ការកំណត់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​នោះ។

ក្រោយ​បង្កើត​គណនី​រួច គ្រឹះស្ថាន​ត្រូវ​ផ្តល់​ឯកសារ​បញ្ជាក់​នានា​ដល់​ម្ចាស់​កម្មសិទ្ធិ​នៃ​គណនី​មានដូចជា​សៀវភៅ​គណនី​សន្សំ ឬ​លេខ​គណនី​សម្គាល់​ម្ចាស់​គណនី ឬ​ឯកសារ​បញ្ជាក់​ផ្សេងទៀត​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន។

ការកាន់កាប់​សៀវភៅ​គណនី ឬ​ការកាន់កាប់​ឯកសារ​ផ្សេង​ដទៃទៀត​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​បញ្ជាក់ថា បុគ្គល​នោះ(ម្ចាស់​គណនី)មាន​សិទ្ធិ​គ្រប់យ៉ាង​លើ​សាច់ប្រាក់​បញ្ញើ​របស់ខ្លួន ហើយ​ខ្លួន​មាន​សិទ្ធិ​ចាត់ចែង​ស្របតាម​ឆន្ទៈ​របស់ខ្លួន​បាន​គ្រប់ពេល លើកលែងតែ​គណនី​នោះ​ត្រូវបាន​បង្ក​កដោយ​មូលហេតុ​ណាមួយ ដូច​ជាការ​បង្កក​ត្រូវបាន​ធ្វើឡើង​ដោយ​អំណាច​នៃ​ដីកា​រក្សា​ការពារ​របស់​តុលាការ ឬ​សេចក្តីសម្រេច​របស់​តុលាការ​ផ្អែក​តាម​មូលហេតុ​ស្របច្បាប់​ជាអាទិ៍។

3.តើ​ប្រាក់​បញ្ញើ​នោះ​នឹង​ត្រូវបាន​ចាត់ចែង ឬ​គ្រប់គ្រង​យ៉ាងដូចម្តេច កាលបើ​ម្ចាស់​គណនី​ក្លាយជា​អ​សមត្ថ​ជន?

កាលណា​បុគ្គល​ម្នាក់​ក្លាយជា​អ​សមត្ថ​ជន ជន​នោះ​ត្រូវបាន​ច្បាប់​កម្រិត​សមត្ថភាព​របស់គាត់​ពិសេស​សិទ្ធិ​ក្នុងការ​ចាត់ចែង​នានា។ អ​សមត្ថ​ជន​ក្នុង​កាលៈទេសៈ​នេះ រួមមាន​ជន​ដែលមាន​អ​នីតិភាព ឬ​ជន​ដែលមាន​សមត្ថភាព​តិចតួច​ពេក​ក្នុងការ​យល់ដឹង និង​វិនិច្ឆ័យ​អំពី​លទ្ធផល​តាមផ្លូវ​ច្បាប់​នៃ​សកម្មភាព​របស់ខ្លួន​ដោយសារ​មាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី ឬ​ជន​ដែល​ស្ថិតក្នុង​ស្ថាន​ភាពជា​និរន្តរ៍(ជា​អចិន្ត្រៃយ៍)ដែល​ខ្វះ​សមត្ថភាព​ក្នុងការ​យល់ដឹង និង​វិនិច្ឆ័យ​ដោយសារ​មាន​វិបត្តិ​ផ្នែក​បញ្ញា​ស្មារតី​ដែល​អាច​ឈានដល់​ការធ្វើការ​សម្រេចចិត្ត​ចាត់ចែង​ប្រាក់​បញ្ញើ​របស់ខ្លួន​ត្រូវបាន​កម្រិត​ករណី​បើ​គ្មាន​អ្នកតំណាង​ស្របច្បាប់ ឬ​អ្នកមានអំណាច​មេបា​ទេ។

អ្នកតំណាង​ស្របច្បាប់​ក្នុងន័យនេះ​គឺជា​ជន​ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​ដីកា​សម្រេច​តុលាការ​ធ្វើជា​តំណាង​ជន​នោះ(ម្ចាស់​គណនី)ហើយ​ដែល​អាចធ្វើ​ការចាត់ចែង​ប្រាក់​បញ្ញើ​ក្នុងនាម និង​ដើម្បី​ផលប្រយោជន៍​របស់​ជន​នោះបាន។ ជាគោលការណ៍​អ្នកតំណាង​ស្របច្បាប់ ឬ​អ្នកមានអំណាច​មេបា​គួរ​ត្រូវបាន​តម្រូវឱ្យ​បង្ហាញ​ឯកសារ​ផ្លូវច្បាប់​នានា​ករណី​ម្ចាស់​គណនី(ម្ចាស់ប្រាក់​បញ្ញើ)ក្លាយជា​អ​សមត្ថ​ជន ឬ​ទទួលមរណភាព ដូចជា​លិខិត​បណ្តាំមរតក​ដីកា សម្រេច​របស់​តុលាការ ឬ​អត្តសញ្ញាណប័ណ្ណ​អ្នកតំណាង ឬ​លិខិតឆ្លងដែន ឬ​ត្រូវបង្កើត​លិខិតធានា​អះអាង​បន្ថែម​ផ្សេងទៀត​លើ​ការចាត់ចែង​ប្រាក់​បញ្ញើ​ឬ​ត្រូវ​បំពេញបែបបទ​ផ្សេងទៀត​តាម​ការកំណត់​របស់​ច្បាប់​ដើម្បី​បញ្ជាក់​ពី​ភាពស្របច្បាប់​ក្នុងការ​ចាត់ចែង​ប្រាក់​បញ្ញើ។

4.តើ​បុគ្គល​ណាខ្លះ​មាន​សិទ្ធិ​ចាត់ចែង​ទ្រព្យ​ប្រាក់​បញ្ញើ​ករណី​ម្ចាស់​គណនី​ទទួលមរណភាព?

មរណភាព គឺជា​ស្ថានភាព​មួយ​ដែល​កាត់ផ្តាច់​ទាំងស្រុង​នូវ​សិទ្ធិ​ចាត់ចែង​ដោយផ្ទាល់​របស់​ម្ចាស់​គណនី។ តាមន័យ​ច្បាប់ ទោះបី​បុគ្គល​ម្នាក់​ទទួលមរណភាព​ហើយក៏​ដោយ ទ្រព្យ​ដែលជា​មរតក​រួមទាំង​ប្រាក់​បញ្ញើ​របស់​ម្ចាស់​គណនី​ត្រូវបាន​ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ​ទៅ​សន្តតិ​ជន​របស់ខ្លួន(បុគ្គល​ដែល​ត្រូវ​ទទួលបាន​ប្រាក់​បញ្ញើ​តាមច្បាប់​កំណត់) ឬ​អច្ច័យលាភី(ជន​ដទៃទៀត​ក្រៅពី​កូន​ប្តី/ប្រពន្ធបងប្អូន​បង្កើត ឬ​ឪពុកម្តាយ​របស់​ម្ចាស់​ប្រាក់​បញ្ញើ) នៅពេលដែល​ម្ចាស់​គណនី​ទទួលមរណភាព​ហើយ​ដែល​របៀប​នៃ​ការផ្ទេរ​ប្រាក់​បញ្ញើ​នេះ​អាច​ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​នៃ​សន្តតិ​កម្ម​តាមច្បាប់ (ករណី​ម្ចាស់​ប្រាក់​បញ្ញើ​ទទួលមរណភាព​ដោយ​គ្មាន​បន្សល់​លិខិត​បណ្តាំ​នានា) ឬ​ក្រោមរូបភាព​នៃ​មរតក​តាម​លិខិត​សារការី(លិខិត​មរតកសាសន៍​ដែល​ទទួល​រៀបចំ និង​ផ្តល់​យថាភូត​ភាព​ដោយ​សារការី) ឬ​ក្រោម​ទម្រង់​លិខិត​មរតក​ផ្សេងទៀត។

ហេតុដូចនេះ​បុគ្គល​ដែលមាន​សិទ្ធិ​ចាត់ចែង​ប្រាក់​បញ្ញើ​របស់​ម្ចាស់​គណនី​អាចមាន​កូន ឬ​ឪពុកម្តាយ ឬ​បងប្អូន​បង្កើត ឬ​បុគ្គល​ដទៃ​ផ្សេងទៀត​ដូច​មានកំណត់​ច្បាស់​ក្នុង​លិខិត​បណ្តាំ​របស់​ម្ចាស់​គណនី​ដែល​ទទួលមរណភាព។

5.ការចាត់ចែង​ប្រាក់​បញ្ញើ ករណី​ម្ចាស់​ប្រាក់​បញ្ញើ​ពុំមាន​បន្សល់ទុក​លិខិត​បណ្តាំមរតក

ការទទួល​ទ្រព្យ​មរតក(ប្រាក់​បញ្ញើ)តាមច្បាប់​មានន័យថា បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ថា​ជា​សន្តតិ​ជន ឬ​អច្ច័យលាភី​នៃ​ម្ចាស់​ប្រាក់​បញ្ញើ​ដែល​ទទួលមរណភាព​ដោយ​គ្មាន​បន្សល់ទុក​លិខិត​បណ្តាំ ហើយ​អាច​ទទួល​ចំណែក​នៃ​ប្រាក់​បញ្ញើ(ទ្រព្យ​មរតក) តាម​ការកំណត់​របស់​ច្បាប់​ដូច​មាន​បញ្ជាក់​ក្នុង​សេចក្តីសម្រេច​របស់​តុលាការ។

ករណី​អនុវត្ត​ជាក់ស្តែង​បុគ្គល​មាន​សិទ្ធិ​ទទួល​បន្ត​ប្រាក់​បញ្ញើ​ក្នុងករណី​ម្ចាស់​ប្រាក់​បញ្ញើ​ទទួលមរណភាព​គ្មាន​លិខិតបញ្ជាក់​ជា​សេចក្តីសម្រេច​របស់​តុលាការ​គួរតែមាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដូចជា​មេឃុំ/ចៅសង្កាត់(លិខិត​តំណ​វង្ស​ត្រកូល) ឬ​លិខិតបញ្ជាក់​ពី​គុណ​ភាពជា​សន្តតិ​ជន​ដែល​បញ្ជាក់​ដោយសារ​ការី​ដែល​បញ្ជាក់​ច្បាស់លាស់​ពី​បុគ្គល​ដែលមាន​លក្ខណសម្បត្តិ​ជា​សន្តតិ​ជន​ដែល​ត្រូវ​ទទួល​បន្តម​រត​ករួ​ម​ទាំង​ប្រាក់​បញ្ញើ​ដោយមាន​ការចុះហត្ថលេខា​យល់ព្រម​ពី​សន្តតិ​ជន (កូន​ឬ​ឪពុកម្តាយ ឬ​បងប្អូន​បង្កើត)របស់​ជន​នោះ​ជាដើម ហើយ​និង​លិខិតធានា​អះអាង​របស់​អ្នកទទួល​សិទ្ធិ​ចាត់ចែង​បន្ត​ប្រាក់​បញ្ញើ​ជាអាទិ៍​ដើម្បី​បញ្ចៀស​ការជំទាស់​នានា​អាច​នឹង​កើតឡើង​នាពេល​អនាគត។

6.ការចាត់ចែង​ប្រាក់​បញ្ញើ​ករណី​ម្ចាស់​ប្រាក់​បញ្ញើ​បន្សល់ទុក​នូវ​លិខិត​ប​ណ្តាំ​មរតក​នានា​ក្រៅពី​លិខិត​បណ្តាំ​មរកត​ដែល​រៀបចំ​ដោយសារ​ការី

ការទទួល​បានទ្រព្យ​មរតក(ប្រាក់​បញ្ញើ) ករណីនេះ​អាចជា​ករណី​ម្ចាស់​ប្រាក់​បញ្ញើ​បាន​បន្សល់ទុក​នូវ​លិខិត​បណ្តាំមរតក​ឯកជន​ជាអាទិ៍​ដែល​ម្ចាស់​ប្រាក់​បញ្ញើ​កាល​នៅរស់​បាន​សរសេរ​ទុក​លិខិតបណ្តាំ​របស់ខ្លួន​ហើយ​រក្សាទុក​ទីកន្លែង​សម្ងាត់​ណាមួយ​ហើយ​ក្រោយ​ថ្ងៃ​មរណភាព​របស់​ជន​នោះ​សន្តតិ​ជន ឬ​ជន​ដែល​ត្រូវ​ទទួលបាន​ចំណែក​ដូច​មានកំណត់​ក្នុង​លិខិត​បណ្តាំ​បែបនេះ​ត្រូវដាក់​ពាក្យស្នើសុំ​ចែក​ចំណែក​ទៅ​តុលាការ។ តុលាការ​ត្រូវ​សម្រេច​ផ្អែក​តាម​ឆន្ទៈ​របស់​ម្ចាស់​បណ្តាំ​ករណី​ទម្រង់​របស់​លិខិត​ស្របតាម​ការកំណត់​រប​ស់​ច្បាប់។

ដូចនេះ​បុគ្គល​ដែល​តុលាការ​បញ្ជាក់ថា​ជា​សន្តតិ-ជន​ត្រូវយក​សេចក្តីសម្រេច​របស់​តុលា​ការដែល​បញ្ជាក់​ពី​សិទ្ធិ​ស្នង​មរតក ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដូចជា​មេឃុំ/ចៅសង្កាត់(លិខិត​តំណ​វង្ស​ត្រកូល) ឬ​លិខិតបញ្ជាក់​ពី​គុណ​ភាពជា​សន្តតិ​ជន​ដែល​បញ្ជាក់​ដោយសារ​ការី​ដែល​បញ្ជាក់​ច្បាស់លាស់​ពី​បុគ្គល​ដែលមាន​លក្ខណសម្បត្តិ​ជា​សន្តតិ​ជន​ដែល​ត្រូវ​ទទួល​បន្ត​មរតក រួមទាំង​ប្រាក់​បញ្ញើ​ដោយមាន​ការចុះហត្ថលេខា​យល់ព្រម​ពី​សន្តតិ​ជន​មក​បង្ហាញ​ដល់​គ្រឹះស្ថាន​ដោយ​ភ្ជាប់​នូវ​ឯកសារ​ភ័ស្តុតាងផ្សេងៗទៀត​តាម​ការកំណត់​របស់​គ្រឹះស្ថាន​ស្របតាម​ច្បាប់។

7.ការចាត់ចែង​ប្រាក់​បញ្ញើ ករណី​ម្ចាស់​ប្រាក់​បញ្ញើ​បន្សល់ទុក​នូវ​លិខិត​ប​ណ្តាំ​មរតក​ដែល​រៀបចំ​ដោយសារ​ការី(មរតកសាសន៍​តាម​លិខិត​សារការី)

លិខិត​បណ្តាំមរតក​តា​ម​លិខិត​សារការី​ជា​លិខិត​ដែល​ទទួល​រៀបចំ​ដោយសារ​ការី​តាម​ឆន្ទៈ​ផ្ទាល់​ដោយ​ម្ចាស់​ប្រាក់​បញ្ញើ​កាលដែល​បុគ្គល​នោះ​នៅរស់​ដោយបាន​កំណត់​បែង​ចែក​ប្រាក់​បញ្ញើ​របស់ខ្លួន​ដល់​អ្នកទទួល​សិទ្ធិ​ស្នង​ណា​ម្នាក់ (កូនៗ ឬ​ឪពុកម្តាយ ឬ​បងប្អូន​បង្កើត ឬ​បុគ្គលផ្សេងៗទៀត) នៅ​ចំពោះមុខ​សារការី។

ករណីនេះ​កាលបើ​ម្ចាស់​ប្រាក់​បញ្ញើ​ទទួលមរណភាព​អ្នកទទួល​សិទ្ធិ​ស្នង​អាច​យក​លិខិត​បញ្ជាក់ថា​ខ្លួន​ជា​អ្នកទទួល​សិទ្ធិ​ស្នង(សន្តតិ​ជន ឬ​អច្ច័យលាភី) ដែល​ចេញ​ដោយសារ​ការី​ទៅ​បង្ហាញ​ដល់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទទួលបាន​សិទ្ធិ​ចាត់ចែង​ប្រាក់​បញ្ញើ​ដែលជា​ផ្នែក​មួយ​នៃ​ទ្រព្យ​មរតក​បន្សល់ទុក​ដោយ​ម្ចាស់​ប្រាក់​បញ្ញើ ឬ​គ្រឹះស្ថាន​ត្រូវធ្វើ​ការផ្ទេរ​ប្រាក់​បញ្ញើ(ទ្រព្យមរតក) មក​គណនី​របស់​មន្ទី​រ​សារការី​ដែល​ទទួលបន្ទុក​សំណុំរឿង​សន្តតិ​កម្ម​នោះ​តាមរយៈ​លិខិត​ផ្ទេរសិទ្ធិ​របស់​អ្នកទទួល​សិទ្ធិ​ស្នង(សន្តតិ​ជន ឬ​អច្ច័យលាភី)ដើម្បី​ធ្វើការ​ជម្រះបញ្ជី​សន្តតិ​កម្ម រួមទាំង​ធ្វើការ​ចាត់ចែង​ទ្រព្យ​មរតក​របស់​ម្ចាស់​ប្រាក់​បញ្ញើ​ដែល​ទទួលមរណភាព​ស្រប​តាម​ឆន្ទៈ​របស់គាត់​ដូច​មាន​បញ្ជាក់​ក្នុង​លិខិត​បណ្តាំមរតក​ដែល​បានរៀបចំ​ឡើង​ដោយសារ​ការី​ដែល​ច្បាប់​ចាត់ទុកជា​មរតកសាសន៍​ជា​លិខិតយថាភូត។

8.តើ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​មាន​សិទ្ធិ​ចាត់ចែង​ទ្រព្យ​ប្រាក់​បញ្ញើ បានដែរ​ទេ ករណី​ម្ចាស់​គណនី​ទទួលមរណភាព​ហើយ​គ្មាន​បន្សល់ទុក​នូវ​អ្នកទទួល​សិទ្ធិ​ស្នង​ណា​ម្នាក់?

ក្នុងករណី​ណាក៏ដោយ បើសិនជា​ប្រាក់​បញ្ញើ (ទ្រព្យ​មរតក)ដែល​មិន​ត្រូវបាន​ចាត់ចែង​ស្របតាម​អំឡុង​ពេលដែល​កំណត់ដោយ​ច្បាប់ ដោយ​មូលហេតុ​មិនមាន​អ្នកទទួល​សិទ្ធិ​ស្នង(គ្មាន​សន្តតិ​ជនឬ​អច្ច័យលាភី ឬ​គ្មាន​បុគ្គល​ដែលមាន​និស្ស័យ​ពិសេស​តាម​ការកំណត់​របស់​ច្បាប់)ទេនោះ ប្រាក់​បញ្ញើ(ទ្រព្យ​មរតក) ត្រូវ​ធ្លាក់​ជា​ទ្រព្យ​របស់​រដ្ឋ៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា