តារាឆ្នើមយុទ្ធគុនចម្រុះ (MMA) របស់អៀរឡង់ Conor McGregor បានបង្ហាញខ្លួនក្នុងរយៈពេលដ៏ខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែការប្រើប្រាស់តួនាទីរបស់គេ ក្នុងជម្លោះវាយតប់គ្នាមួយនៅលើរថយន្ត ហើយក្រោយមក បានសម្តែងការសុំអភ័យទោស សម្រាប់សកម្មភាពរបស់គេ។
McGregor វ័យ 29ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើនដូចជា ការវាយប្រហារ និងការប្រើប្រាស់ឥរិយាបថបែបឧក្រិដ្ឋកម្ម ក្រោយពីបានធ្វើការវាយប្រហាររថយន្តក្រុងមួយគ្រឿង ដែលពោរពេញដោយកីឡាកររបស់ UFC នៅឯ Barclays Center កាលពីខែមេសា។
មេធាវីរបស់ McGregor និងរដ្ឋអាជ្ញា កំពុងតែពិភាក្សាទៅលើរឿងក្តីនេះ ហើយតុលាការ Brooklyn Criminal Court បានផ្តល់ពេលវេលាដល់ពួកគេបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការងារលើការរៀបចំផ្សេង។ McGregor ត្រូវបានបញ្ជាឱ្យវិលទៅកាន់តុលាការវិញ នាថ្ងៃទី26 ខែកក្កដា ខាងមុខនេះ។
តារាឆ្នើមវាយដាក់ទ្រុងរូបនេះ បានសុំអភ័យទោសក្នុងសេចក្តីថ្លែងការណ៍មួយនេះ ក្រោយពីការបង្ហាញខ្លួនក្នុងតុលាការ ដែលបានចំណាយពេលត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ McGregor បានឱ្យដឹងថា៖ «ខ្ញុំពិតជាសោកស្តាយពីសកម្មភាពរបស់ខ្ញុំ ដែលបានធ្វើឱ្យស្ថិតនៅទីនេះ នៅថ្ងៃនេះ។ ខ្ញុំយល់ពីភាពធ្ងន់ធ្ងរនៃករណីនេះ ហើយខ្ញុំពោរពេញដោយក្តីសង្ឃឹមថា វានឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗនេះ»។
McGregor ប្រឈមមុខនឹងការជាប់គុកដល់ទៅរយៈពេល 7ឆ្នាំ ប្រសិនបើត្រូវកាត់ទោសរាល់ករណីទាំងអស់ ប៉ុន្តែ រូបគេមិនត្រូវបានរំពឹងទុកថានឹងទទួលបានការកាត់ទោសធ្ងន់ធ្ងរបែបនោះឡើយ។ McGregor ត្រូវបានដោះលែងជាមួយនឹងប្រាក់ធានា 5០,០០០ដុល្លារ ក្រោយពីការឃាត់ខ្លួនរបស់គេលើការវាយប្រហារលើរថយន្តក្រុងមួយរបស់កីឡាករជាគូប្រជែងដែលបានធ្វើឱ្យអត្តពលិក២នាក់រងរបួស៕
ប្រភពពី៖ The Guardian