ចុំ! ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ងាត់ៗស្រាប់តែធ្លាយដំណឹងអតីតគូដណ្តឹងតារាកំប្លែង កញ្ញា វ៉ាន់ នីឡា គឺលោកផន រង្សី បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូសំណព្វចិត្តថ្មី ដែលគេមើលឃើញថានាងនារីរូបស្រស់ម្នាក់។ បន្ទាប់ពីចំណងស្នេហាត្រូវបានប្រេះឆាជាមួយតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនកញ្ញា វ៉ាន់ នីឡា នៅពេលថ្មីៗនេះលោក ផន រង្សី ត្រូវបានអ្នកលេងបណ្ដាញសង្គមទម្លាយរូបថតប៉ុន្មានសន្លឹក ដែលគេមើលឃើញថា លោកបានប្រារព្ធពិធីភ្ជាប់ពាក្យនៅព្រឹកថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ម្សិលមិញនេះ។
សូមជម្រាបដែរថា លោក ផន រង្សី អតីតគូដណ្តឹង កញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យម្ដងទៀតជាមួយកញ្ញា ហ៊ុន អាប៉ូ ដែលជាកូនអ្នករស់នៅភ្នំពេញ ដោយមានសាច់ញាតិចាស់ទុំទាំងសងខាងបានដឹងឮ និងពេញចិត្តពេញថ្លើមទៀតផង។ ស្រីស្អាតរូបនេះត្រូវបានគេស្គាល់ថាជាកូនស្រីអ្នកភ្នំពេញ សព្វថ្ងៃជានិស្សិតឆ្នាំទី4 នៅសាកលវិទ្យាល័យ បៀលប្រាយ ផ្នែកគណនេយ្យ ព្រមជាមួយមុខរបរមួយ ជាអ្នកលក់ផលិតផលតាម Onlineផងដែរ។ បើតាមប្រភពស្និទ្ធស្នាលនឹងលោក ផន រង្សី បានបញ្ជាក់ថា លោកនឹងគ្រោងចូលរោងការនៅខែមីនា ឆ្នាំ2019 ខាងមុខនេះ។
បើក្រឡេកមកមើលខាងតារាកំប្លែង វ៉ាន់ នីឡា ឯណេះវិញ ហាក់បីដូចជាមិនមានការចាប់អារម្មណ៍អ្វីចំពោះដំណឹងនោះទេ ។ កន្លងមកស្រីស្អាតរូបនេះ តែងតែបង្ហាញរូបភាពស្វ៊ីតស្វ៊ីតជាមួយបុរសវ័យក្មេងម្នាក់ តែនាងបានអះអាងថា ជាមិត្តភ័ក្តិ។ វ៉ាន់ នីឡា សព្វថ្ងៃនេះក្រៅពីអាជីពជាតារាកំប្លែងហើយ គេសង្កេតឃើញនាងក៏បានចូលរួមថតរឿង និងសម្អាងការជាច្រើនផងដែរ៕