បើមិនចង់ឱ្យពិធីមង្គលការរបស់អ្នកក្លាយជារឿងដែលមិនគួរឱ្យពេញចិត្ត និងត្រូវគេនាំយកទៅនិយាយក្រោយចប់ពិធីក្នុងន័យមិនល្អនោះ ក៏មិនគួរធ្វើរឿង5យ៉ាងខាងក្រោមនេះជាដាច់ខាត ព្រោះនឹងធ្វើឱ្យកូនកំលោះកូនក្រមុំត្រូវគេមើលឃើញថាជាមនុស្សគ្មានសុជីវធម៌ និងមិនផ្ដល់កិត្តិយស ឬមិនយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីរបស់ខ្លួន។
1. ត្រៀមវត្ថុអនុស្សាវរីយ៍មកមិនគ្រប់គ្រាន់ តាមគោលការណ៍ ការត្រៀមវត្ថុអនុស្សាវរីយ៍មង្គលការត្រូវតែត្រៀមឱ្យបានគ្រប់នឹងចំនួនភ្ញៀវដែលបានអញ្ជើញ ជារឿងដែលកូនកំលោះកូនក្រមុំមិនអាចមើលរំលងបានឡើយព្រោះបើវត្ថុអនុស្សាវរីយ៍មិនគ្រប់ នឹងធ្វើឱ្យភ្ញៀវដែលមិនបាន មានអារម្មណ៍ខកចិត្ត និងមិនសប្បាយចិត្តហ្នឹងឯង។
2. ចែកសំបុត្រអញ្ជើញកៀកពេលខ្លាំងពេកការចែកសំបុត្រអញ្ជើញមង្គលការ ត្រូវទុកពេលវេលាឱ្យភ្ញៀវបានត្រៀមខ្លួនខ្លះផងដែល បើសិនជាចែកបែបកៀកពេលខ្លាំងពេក វានឹងធ្វើឱ្យភ្ញៀវមិនសូវសប្បាយចិត្ តហើយអាចនឹងគិតថាជាសំបុត្រដែលសល់ពីអ្នកដទៃ ដូច្នេះគួរកំណត់ពេលវេលាចែកសំបុត្រអញ្ជើញឱ្យបានច្បាស់លាស់ កុំរង់ចាំដល់កៀកពេលខ្លាំងពេក។
3. ទុកឱ្យភ្ញៀវរង់ចាំពិធីការយូរពេក ការដំណើរការកម្មវិធីផ្សេងៗគួរតែប្រព្រឹត្តទៅតាមកាលវេលា ដែលបានកំណត់នៅលើសំបុត្រអញ្ជើញ មិនគួរបណ្ដោយឱ្យពេលវេលារំកិលទៅខុសកាលកំណត់ឡើយ ព្រោះអាចបណ្ដាលឱ្យភ្ញៀវដែលមកចូលរួមត្រូវរង់ចាំយូរ។ វិធីដែលល្អ គួរត្រៀមឱ្យរួចជាស្រេច គួរពិនិត្យមើល ឬហាត់សមមុនពេលធ្វើពិធីមែនទែនក៏ជាការល្អដែរ។
4. មិនរៀបចំកន្លែងអង្គុយជូនភ្ញៀវការយកចិត្តទុកដាក់ និងមើលថែទាំចំពោះភ្ញៀវដែលមកចូលរួមក្នុងពីធីមង្គលការ ជារឿងមួយដែលកូនកំលោះកូនក្រមុំគួរតែធ្វើ និងជាសុជីវធម៌មួយដែលមិនអាចមើលរំលងបានឡើយ ព្រោះនឹងធ្វើឱ្យភ្ញៀវមានអារម្មណ៍រំភើប ពេញចិត្ត និងរីករាយជាមួយពិធីមង្គលការរបស់អ្នក។
5. មានបញ្ហាជាមួយមនុស្សដែលមិនត្រូវគ្នាអាចមានខ្លះដែរដែលភ្ញៀវមកចូលរួមពិធីជាមនុស្សដែលមិនត្រូវគ្នា ដោយអាចជាភ្ញៀវរបស់កូនក្រមុំ ឬជាភ្ញៀវខាងកូនកំលោះដែលកូនកំលោះ ឬកូនក្រមុំគួរតែអត់ធ្មត់សង្កត់អារម្មណ៍ទុកសិន កុំឱ្យមានរឿងក្នុងពិធីមង្គលការរបស់អ្នកជាដាច់ខាត មិនដូច្នោះទេពិធីមង្គលការរបស់អ្នកនឹងដួលរលំខ្ទេចខ្ទីអស់មិនខាន៕