លោក Stanislav Cherchesov គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បានបញ្ជាក់ថា លោកបានទទួលសារអបអរសាទរពីសំណាក់លោកប្រធានាធិបតី Vladimir Putin ក្រោយពីក្រុមម្ចាស់ផ្ទះ World Cup មួយនេះ បានផ្តួលក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងលទ្ធផល 5-០ ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការនេះ កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមរបស់លោក Cherchesov បានឈានទៅកាន់ការប្រកួតនាកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ ក្រោមសម្ពាធដ៏ធំ ដើម្បីបង្ហាញពីទម្រង់លេងប្រកបដោយភាពទាក់ទាញ។ ក្រុមជម្រើសជាតិរុស្ស៊ី មិនដែលស្គាល់ឈ្នះសោះអស់រយៈពេលច្រើនជាង 8ខែមកហើយ និងបានស្ថិតក្នុងចំណាត់ថ្នាក់លេខ70 ក្នុងពិភពលោក ដែលនេះជាចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងចំណោមក្រុមទាំង32 ក្នុងព្រឹត្តិការណ៍ World Cup។ ប៉ុន្តែ ក្រុមម្ចាស់ផ្ទះមួយនេះ បានបង្ហាញពីភាពជឿជាក់ម្តងទៀត ជាមួយនឹងការបង្ហាញពីទម្រង់លេងដ៏គួរឱ្យកត់សម្គាល់។ ពួកគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅពេលជិតបញ្ចប់ការប្រកួត ហើយកីឡាកររបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយពីបញ្ចប់ការប្រកួតភ្លាមៗ។ លោក Putin បានញញឹមជាច្រើនលើក ខណៈដែលលោកបានទស្សនាការប្រកួតពីកៅអីក្នុងប្រអប់ VIP ជាមួយនឹងព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman។
កីឡាករ IuryGazinsky បានស៊ុតបាល់បញ្ចូលទីក្រោយពីលេងបានរយៈពេល 12នាទី ហើយ Denis Cheryshev បានបន្ថែមគ្រាប់បាល់ទី2 នៅមុនពេលសម្រាកតង់ទី1 ក្រោយពីចូលលេងជំនួសកន្លែងរបស់កីឡាករ Alan Dzagoev ដែលមានរបួស។ ខ្សែប្រយុទ្ធ ArtemDzuyba បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី3 មុនពេលក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់បន្ថែមទៀតនៅពេលជិតបញ្ចប់ការប្រកួតពីសំណាក់កីឡាករ Cheryshev និង AleksandrGolovin និងបានបំពេញជ័យជម្នះដ៏កក់ក្តៅជាលើកទី1 របស់រុស្ស៊ី ចាប់តាំងពីខែតុលា ឆ្នាំទៅដើម្បីចាប់ផ្តើមយុទ្ធនាការក្នុងពូល A របស់ពួកគេ បានយ៉ាងល្អឥតខ្ចោះតែម្តង៕
ប្រភពពី៖ Channel News Asia