ស្របពេលដែលកំណើនប្រជាជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួនច្រើន និងមានភាពចង្អៀតកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះ អាជ្ញាធរសាលារាជធានីភ្នំពេញបានសហការជាមួយអាជ្ញាធរសាលាក្រុងប៉ារីសរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងភ្នំពេញឱ្យកាន់តែធំទូលាយ ដោយយកទីតាំងភាគខាងត្បូងធ្វើជាទីតាំងសម្រាប់សាងសង់សំណង់គ្រឹះស្ថាន អគារ នានា និងអភិវឌ្ឍតំបន់នោះឱ្យក្លាយជាទីក្រុងបៃតងសម្រាប់ទាក់ទាញឱ្យប្រជាពលរដ្ឋចូលទៅរស់នៅកាន់តែច្រើនឡើង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាជាមួយភាគីបារាំងដោយបានដាក់ចេញនូវផែនការថ្មីមួយដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍ទេសចរណ៍ សោភណភាព និងការអភិវឌ្ឍរីកចម្រើនលើវិស័យផ្សេងៗនៅរាជធានីភ្នំពេញ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងទីក្រុងបៃតងថ្មីមួយដែលមានទីតាំងនៅតំបន់បឹងជើងឯក។
ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា “បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុងដែលបានកើនឡើងយ៉ាងឆាប់រហ័ស។
គម្រោងអភិវឌ្ឍន៍ថ្មីនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីសលើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយតំបន់ភាគខាងត្បូងជាទីតាំងដែលមានទំហំធំទូលាយមួយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលមានសក្តានុពលក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជ្ជកម្មដែលជាមូលហេតុនាំឱ្យសាលាក្រុងប៉ារីសដែលជាទីក្រុងដ៏ធំ ទំនើប និងមានបទពិសោធក្នុងការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង និងចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ ពិសេសចៀសផុតពីគ្រោះទឹកជំនន់។
លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំងបានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុងដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះនោះគឺមានការងារអាទិភាពចំនួន2 ត្រូវបានដាក់ឱ្យសិក្សាមាន៖ 1-ការរៀបចំផែនការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងក្រុងភ្នំពេញដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និង2-គឺការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងការពង្រីកទៅភាគខាងជើងនៃតីរវិថីព្រះស៊ីសុវត្ថិ។
ភាគីបារាំងតែងតែជួយគាំទ្រកិច្ចសហប្រតិបត្តិការចំពោះសាលារាជធានីភ្នំពេញ និងបានបញ្ជូនអ្នកជំនាញមកសិក្សាពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀតក្នុងកិច្ចប្រតិបត្តិការលើការរៀបចំអភិវឌ្ឍ ជាពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដូចជាការអភិវឌ្ឍបណ្តាញធារាសាស្ត្រ សំណង់ធំតូច លំហូរចរាចរណ៍ រៀបចំបណ្តាញផ្លូវឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបន្តចូលរួមអនុវត្តលើការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ក្នុងរាជធានីភ្នំពេញកាន់តែស៊ីជម្រៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យស្រស់បំព្រងឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គមសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា ដោយសារទីតាំងបឹងជើងឯកនៅជាប់ផ្លូវលេខ 60កំពុងមានសក្តានុពល បច្ចុប្បន្នគេសង្កេតឃើញវត្តមានសំណង់លំនៅឋាននៃក្រុមហ៊ុនសាងសង់មួយចំនួនបាននិងកំពុងងាកឆ្ពោះទៅទីនោះជាបណ្តើរៗហើយ ដូចជាសំណង់លំនៅឋាន និងផ្សារទំនើប ប៉េងហួត ផ្សារទំនើបអុីអន(AEON)ទី3 និងផ្សារ Makroទី2 ក៏កំពុងត្រៀមខ្លួនសាងសង់នៅភាគខាងត្បូងរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះដែរ។
យោងតាមទិន្នន័យស្ថិតិរបស់សាលារាជធានីភ្នំពេញឱ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញបានកើនឡើងរហូតដល់ 1.7លាននាក់ គឺប្រមាណជា 56ភាគរយ ដែលភាគច្រើនជាអ្នកចំណាកស្រុកមកពីបណ្តាខេត្តផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជាដែលចូលមកបន្តការសិក្សា និងបំពេញការងារផ្សេងៗ ដែលធ្វើទីក្រុងកាន់តែមានភាពចង្អៀតឡើង៕