អ្នកជំនាញបានមើលឃើញថា វិស័យអប់រំប្រៀបដូចជារោងចក្រផលិតធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ឆក់ឱកាសក្នុងការទាញយកនូវផលប្រយោជន៍សំខាន់ៗពីពិភពលោក និងឱកាសការងារជាច្រើននៅគ្រប់ទីកន្លែង។ តែទោះជាយ៉ាងនេះក្តី ប្រព័ន្ធអប់រំបច្ចុប្បន្នត្រូវបានគេមើលឃើញថា បានផលិតមនុស្សភាគច្រើនតែលើជំនាញសម្រាប់តែធ្វើការងារដដែលៗ តែមិនបានបង្រៀនមនុស្សឱ្យបានច្រើនពីវិធីសាស្ត្រឆ្លាតវៃក្នុងការអភិវឌ្ឍការងារនោះ ដើម្បីចេញឱ្យផុតពីពិភពការងារដែលមានដែនកំណត់ និងគួរឱ្យធុញទ្រាន់នោះទេ។ អ្នកដែលអាចមានសមត្ថភាពចេញផុតពីកន្លែងទាំងអស់នេះ ភាគច្រើនជាមនុស្សដែលស្វះស្វែងអភិវឌ្ឍផ្នែកគំនិតដោយខ្លួនឯង និងជាអ្នកដែលព្យាយាមស្វែងយល់ពីខ្លួនឯងដោយលំបាក ដើម្បីបំបែកវិធីសាស្ត្រដដែលៗឱ្យទៅជាវិធីសាស្ត្រឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់វិស័យការងារ។
បណ្ឌិត Tony Wagner ដែលជាសហនាយកនៃក្រុមផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យ Harvard បានបង្ហាញថា សព្វថ្ងៃនេះសាលាដែលបណ្តុះបណ្តាលកុមារគឺមានបញ្ហាប្រឈមមួយសំខាន់គឺ កម្មវិធីសិក្សាមិនទាន់ឆ្លើយតបនឹងអ្វីដែលក្មេងក្នុងសម័យថ្មីត្រូវទទួលបានពិតប្រាកដ។ ពិភពលោកបានប្រែប្រួលយ៉ាងឆាប់រហ័ស តែប្រព័ន្ធអប់រំនៅលើពិភពលោកដើរមិនទាន់នៃការប្រែប្រួលនោះឡើយ។ ជាឧទាហរណ៍ ពិភពលោកកំពុងបង្រៀនពីសេដ្ឋកិច្ចឧស្សាហកម្ម តែស្ថានភាពពិតប្រាកដមនុស្សកំពុងតែដើរដល់សម័យបច្ចេកវិទ្យារួចបាត់ទៅហើយ ដែលទាមទារឱ្យសិស្សត្រូវតែរត់តាមស្ថានភាពជាក់ស្តែងនៃការរស់នៅ។
ដើម្បីជាការចូលរួមចំណែកដោះស្រាយបញ្ហានៃការអប់រំ បណ្ឌិត Tony Wagner បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា The Global Achievement Gap ដើម្បីបង្ហាញពីជំនាញ 7យ៉ាងដែលកុមារត្រូវការដើម្បីរុញច្រានឱ្យពិភពនៃការធ្វើការលើពិភពលោកកាន់តែមានលក្ខណៈប្រសើរឡើង។ ជំនាញទាំងអស់នេះ នឹងនៅតែអាចរុញច្រានឱ្យមនុស្សអាចរក្សាលំនឹងរបស់ខ្លួនលើទីផ្សារការងារ បើទោះបីជាពិភពលោកបានវិវឌ្ឍដល់ណាក៏ដោយ។
- ជំនាញក្នុងការត្រិះរិះពិចារណា និងដោះស្រាយបញ្ហា
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនទាំងអស់លើពិភពលោកចាំបាច់ត្រូវតែបន្តការអភិវឌ្ឍលើផលិតផល ដំណើរការងារ និងសេវាកម្មរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែង។ ហេតុនេះពួកគេត្រូវការជាចាំបាច់នូវមនុស្សដែលមានជំនាញក្នុងការគិតពិចារណាខ្ពស់ ដើម្បីស្វែងរកចំណុចចន្លោះប្រហោងដែលគ្រោះថ្នាក់សម្រាប់អាជីវកម្មនោះ ហើយរៀបចំជាគម្រោងល្អៗសម្រាប់ជាដំណោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍឱ្យបានលឿនជាងគេនៅក្នុងទីផ្សារ។
- ជំនាញគ្រប់គ្រងការទំនាក់ទំនង និងការដឹកនាំប្រកបដោយប្រសិទ្ធភាព
នៅក្នុងពិភពនៃការរស់នៅ និងអាជីវកម្មក្នុងសម័យថ្មីនេះ ត្រូវបានគេរកឃើញថា ពាណិជ្ជកម្មទាំងអស់មានការកើនឡើងយ៉ាងរហ័ស ហើយច្រើនប្រភេទស្ទើរតែរាប់មិនអស់ ហេតុនេះបើចង់ឱ្យអាជីវកម្ម ឬក្រុមហ៊ុនខ្លាំង ម្ចាស់ក្រុមហ៊ុនចាំបាច់ត្រូវការនូវមនុស្សដែលយល់ដឹងពីទំនាក់ទំនងល្អរវាងក្រុមហ៊ុនដែលមានចរិតលក្ខណៈខុសគ្នាដើម្បីជួយគ្នាឱ្យកាន់តែរីកចម្រើនទាំងអស់គ្នា។ ជំនាញទាំងអស់នេះក៏ត្រូវការផងដែរនូវជំនាញភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការធ្វើការងារជាក្រុមដើម្បីដឹកនាំក្រុមការងារផ្ទៃក្នុងឱ្យមានការរីកចម្រើន។
ដើម្បីសម្រេចបាននូវផលប្រយោជន៍ដែលកើតចេញពីលក្ខខណ្ឌល្អប្រសើរខាងលើ លោកបណ្ឌិត Wagner បានផ្តល់យោបល់ថា អ្នកធ្វើការងារចាំបាច់ហ្វឹកហាត់ឱ្យមានភាពច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយបញ្ហា និងចេះរៀបចំគម្រោងការនានាប្រកបដោយក្រុមសីលធម៌។
- ភាពរហ័សរហួន និងការសម្របខ្លួន
សមត្ថភាពក្នុងការសម្របខ្លួន និងចេះចាប់យកជំនាញថ្មីបានលឿន គឺជាគុណសម្បត្តិយ៉ាងសំខាន់សម្រាប់មនុស្សដែលជោគជ័យ ហេតុនេះអ្នកធ្វើការងារចាំបាច់ត្រូវព្យាយាមកែច្នៃខ្លួនឯងពីបុគ្គលធម្មតាដែលធ្វើការងារដដែលៗ តាមរយៈការបន្សាំខ្លួនជាមួយនឹងអ្នកជំនាញដទៃទៀត ហើយកែច្នៃនូវគុណសម្បត្តិដែលគេមានមកធ្វើជាបទពិសោធ និងគំនិតសម្រាប់អភិវឌ្ឍការងាររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង។
- គំនិតផ្តួចផ្តើម និងភាពជាសហគ្រិន
ការផ្តួចផ្តើមគំនិតថ្មីៗ ឬសាកល្បងជំរុញវាឱ្យទៅជាអាជីវកម្ម បើទោះបីជាយើងមានការប្រុង-ប្រយ័ត្នយ៉ាងណាក៏ដោយ ក៏វាអាចនៅតែមានចន្លោះប្រហោង ឬបរាជ័យដែរ តែទោះជាយ៉ាងនេះក្តីអ្នកជំនាញបានណែនាំថា ការបានសាកល្បងនូវគំនិតបង្កើតថ្មីរបស់យើងហើយបរាជ័យខ្លះ មុននឹងវាទទួលបានជោគជ័យប្រសើរជាងយើងមិនបានធ្វើអ្វីសោះ។ តាមពិតទៅ អ្នកធ្វើការងារឱ្យគេក៏អាចក្លាយជាអ្នកផ្តួចផ្តើមគំនិត និងអនុវត្តនូវផ្នត់គំនិតសហគ្រិនរបស់ខ្លួនបានដែរ ព្រោះគេអាចបង្កើតគម្រោងថ្មីៗដើម្បីអភិវឌ្ឍអាជីវកម្មឱ្យកាន់តែប្រសើរដោយមិនបាច់ចំណាយដើមទុន និងរៀនពីវាដោយមិនបារម្ភខ្ពស់ពីហានិភ័យទៀតផង។
- ការទំនាក់ទំនងដោយផ្ទាល់មាត់ និងការសរសេរប្រកបដោយប្រសិទ្ធភាព
បណ្ឌិត Wagner បាននិយាយថា មនុស្សខ្លះមានគំនិតផ្តួចផ្តើមល្អ ហើយថែមទាំងមានភាពច្នៃប្រឌិតល្អបំផុត តែស្នាដៃរបស់គេមិនត្រូវបានគេយកមកប្រើប្រាស់នោះទេ ហើយទីបំផុតគាត់នៅតែបរាជ័យ។ ហេតុនេះសមត្ថភាពក្នុងការធ្វើបទបង្ហាញ និងការសរសេរលម្អិតពីអ្វីដែលខ្លួនមានទៅកាន់ម្ចាស់ទុន អ្នករួមការងារ រួមទាំងអតិថិជនគឺជារឿងចាំបាច់មួយសម្រាប់មនុស្សគ្រប់សម័យកាល មិនថាស្ថិតក្នុងយុគសម័យឧស្សាហកម្ម យុគសម័យបច្ចេកវិទ្យា ឬក្នុងដំណាក់កាលវិវឌ្ឍន៍ណាផ្សេងទៀតនោះថ្ងៃអនាគតនោះទេ។
- ការទទួលយក និងវិភាគព័ត៌មាន
អ្នកធ្វើការងារជាច្រើននាពេលបច្ចុប្បន្ននេះលែងលំបាកជាមួយនឹងការស្វែងរកព័ត៌មានទៀតហើយ តែអ្វីដែលជាកត្តាប្រឈមគឺប្រភពព័ត៌មានច្រើនខ្លាំងពេកដែលចូលមកក្នុងជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ។ សមត្ថភាពក្នុងការវិភាគ ទាញប្រយោជន៍ និងចែករំលែកព័ត៌មានដើម្បីបង្កើនភាពរីកចម្រើនសម្រាប់ក្រុមការងាររបស់ខ្លួន ស្ថាប័ន និងសង្គមទាំងមូលជាអ្វីដែលមនុស្សសម័យថ្មីត្រូវមាន ដើម្បីក្លាយជាមនុស្សដែលគេត្រូវការបំផុត។
- ជីកឫសជីកគល់ និងមានភាពស្រមើស្រមៃខ្ពស់
ភាពចង់ជជីកឱ្យដល់ឫសគល់ និងភាពស្រមើស្រមៃខ្ពស់ គឺជាសមត្ថភាពដែលជំរុញឱ្យមាននវានុវត្តន៍ និងជាគន្លឹះយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា។ បណ្ឌិត Wagner បាននិយាយថា៖ “យើង ទាំងអស់គ្នាកើតឡើងក្នុងភាពងឿងឆ្ងល់ ច្នៃប្រឌិតនិងស្រមើស្រមៃ។ ជាក់ស្តែងយើងអាចមើលឃើញបានថា កូនក្មេងដែលមានអាយុប្រហែលជា 4ឆ្នាំតែងតែសួរសំណួររាប់រយសំណួរក្នុងមួយថ្ងៃៗ ហើយក្មេងកាន់តែធំទៅ កាន់តែត្រូវការចម្លើយជាច្រើនសម្រាប់ការងារសាលាផង និងសម្រាប់ជីវិតជាក់ស្តែងដែលគេឃើញផង។ ចម្លើយនៃចម្ងល់ទាំងអស់នោះ បានបង្កើតជាគំនិត ការយល់ដឹង និងភាពច្នៃប្រឌិត”៕