លោក Stanislav Cherchesov គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បានប្រាប់ក្រុមរបស់លោកឱ្យធ្វើព្រងើយកន្តើយទៅនឹងការរិះគន់ផ្សេងៗរបស់បណ្តាញសារព័ត៌មាន នៅមុនពេលការប្រកួតបើកឆាកនៃយុទ្ធនាការ World Cup ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត នៅរាត្រីនេះ និងត្រូវផ្តោតទៅលើការឈ្នះ។
ក្រុមម្ចាស់ផ្ទះមួយនេះ នឹងឈានទៅកាន់យុទ្ធនាការ World Cup លើទឹកដីខ្លួនឯងជាលើកទី1 ក្នុងទម្រង់លេងដ៏អន់។ ពួកគេបានបំបែកទាំងកំណត់ត្រារបស់រុស្ស៊ី និងសហភាពសូវៀត តាមរយៈការមិនស្គាល់ឈ្នះសោះចំនួន 7លើកជាប់ៗគ្នា និងធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ70 នៅលើតារាងពិភពលោក ដែលជាចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងចំណោមក្រុមទាំង32 ក្នុងយុទ្ធនាការ World Cup លើកនេះ។ ទំព័រមុខរបស់កាសែតជាច្រើន កំពុងតែដាក់សំណួរថា តើរុស្ស៊ីនឹងមានឱកាសលើកពាន World Cup ជាលើកទី1 ឬយ៉ាងណា ប្រសិនបើអ្វីៗកាន់តែលិចលង់បែបនេះ?។ លោក Cherchesov បានប្រាប់អ្នកយកព័ត៌មាន ក្រោយពីការហ្វឹកហាត់ជាលើកចុងក្រោយរបស់ក្រុមលោកនៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូថា៖ «យើងត្រូវតែទទួលយករាល់ការរិះគន់ទាំងអស់ និងធ្វើឱ្យវាក្លាយជារឿងវិជ្ជមាន»។
ការបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្នុងទីក្រុងម៉ូស្គូ ជាមួយនឹងក្រុមជម្រើសជាតិតួកគី កាលពីសប្តាហ៍មុន បានធ្វើឱ្យអតីតអ្នកចាំទីអន្តរជាតិរុស្ស៊ីលោក Cherchesov ក្លាយជាអ្នកចាត់ការទូទៅរបស់រុស្ស៊ី ឬសហភាពសូវៀតដំបូងគេ ក្នុងការមិនស្គាល់ឈ្នះសោះក្នុងការប្រកួត 7លើកជាប់ៗគ្នា ក្នុងនោះ 4ប្រកួតបញ្ចប់ដោយការចាញ់។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 10យប់៕
ប្រភពពី៖ Times of India