បើយើងងាកត្រឡប់ទៅមើលកាលពីអំឡុងឆ្នាំ2000 – 2006 វិញ កម្មវិធីផ្ញើសារជជែកកម្សាន្តដ៏ល្បី និងមានប្រជាប្រិយភាពជាងគេគឺ Yahoo Messenger ប៉ុន្តែបច្ចុប្បន្ន វានឹងត្រូវបាត់ខ្លួនទៅវិញនៅពាក់កណ្ដាលខែក្រោយនេះហើយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena បានឱ្យដឹងថា Yahoo Messenger នឹងត្រូវបញ្ចប់ជីវិតនៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2018 ប៉ុន្តែមូលហេតុដែលបណ្ដាលឱ្យត្រូវបិទកម្មវិធីនេះចោលទៅវិញ មិនត្រូវបានខាងក្រុមហ៊ុន Yahoo និង Verizon លាតត្រដាងបញ្ជាក់ប្រាប់ឡើយ តែក្រុមអ្នកឃ្លាំមើលបានយល់ឃើញថា អាចបណ្ដាលមកពីលែងមានអ្នកប្រើប្រាស់ Yahoo Messenger ខណៈដែលបច្ចុប្បន្នកម្មវិធីផ្ញើសារជជែកកម្សាន្ត WhatsApp និង Facebook Messenger កំពុងតែមានប្រជាប្រិយភាពខ្លាំង។
គួរបញ្ជាក់ផងដែរថា កម្មវិធី Yahoo Messenger ត្រូវបានបង្កើតឡើងនៅថ្ងៃទី9 ខែមីនា ឆ្នាំ1998 ហើយបើគិតមកដល់ពេលនេះគឺមានអាយុកាលជាង 20ឆ្នាំហើយ៕