គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(MFIs) គឺជាអ្នកផ្តល់សេវាហិរញ្ញវត្ថុចម្បងសម្រាប់សេដ្ឋកិច្ចជនបទ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនអាចជួយដល់អ្នកជនបទក្រីក្រក្នុងការបង្កើនប្រាក់ចំណូល ជួយដល់ប្រជាពលរដ្ឋក្នុងការផ្តល់ទុនពង្រីកមុខរបរ និងកាត់បន្ថយភាពងាយរងគ្រោះពីស្ថានការណ៍ខាងក្រៅ ដូចជាជំងឺ គ្រោះមហន្តរាយផ្សេងៗ និងគ្រោះធម្មជាតិនានា ហើយក៏មានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងកាត់បន្ថយភាពក្រីក្រដែរ។
ម្យ៉ាងទៀតនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុខ្នាតតូច និងមធ្យមដែលផ្តល់សេវាកម្មប្រាក់សន្សំ ប្រាក់បញ្ញើ និងផ្តល់សេវាប្រាក់កម្ចីខ្នាតតូច និងខ្នាតមធ្យមទៅឱ្យប្រជាជនក្រីក្រ និងអ្នកដែលខ្វះដើមទុន ឬអ្នកបង្កើតមុខរបរថ្មី ដើម្បីឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងធ្វើឱ្យខ្លួនឯងមាននិរន្តរភាពផងដែរ។
ដូច្នេះបើយើងមានចម្ងល់ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា តើមានតួនាទីអ្វីខ្លះនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋនោះ? ចម្លើយក៏គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាធ្វើឱ្យប្រជាពលរដ្ឋមានដើមទុន(ទទួលបានប្រាក់កម្ចី)ក្នុងការប្រកបរបរចិញ្ចឹមជីវិត ក្នុងនោះពួកគាត់ទទួលបាននូវលទ្ធភាពក្នុងការពង្រីកអាជីវកម្ម ហើយក៏អាចជំរុញការបង្កើនប្រាក់ចំណូលក្នុងគ្រួសារឱ្យបានច្រើនជាងមុន ជួយឱ្យគាត់មានជីវភាពធូរធាររួចចាកផុតពីភាពក្រីក្រ និងធ្វើឱ្យគាត់មានលទ្ធភាពបញ្ជូនកូនទៅរៀនបានទៀតផង។
បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនេះហាក់មានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ព្រោះចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកាន់តែកើនឡើងជាបន្តបន្ទាប់ ខណៈចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជាមានប្រមាណជា 16លាននាក់ប៉ុណ្ណោះ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាមានប្រមាណជាជាង 70គ្រឹះស្ថាន ចំណែកប្រតិបត្តិករឥណទានវិញមានប្រមាណជាជាង 200ផងដែរ តែជាការកត់សម្គាល់ចំពោះវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានគេមើលឃើញថា មានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ានដូចគ្នា។
លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនហ្វ័រតេបានផ្តល់ការពន្យល់ដូច្នេះថា គោលការណ៍ទី1របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺការផ្តល់ទុន (ប្រាក់កម្ចី)ទៅឱ្យអ្នកដែលមានចំណូលទាបខ្ចីយកទៅធ្វើការរកស៊ី ប៉ុន្តែមុននឹងផ្តល់ឱ្យប្រជាពលរដ្ឋ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្វើការសិក្សាច្បាស់លាស់ពីតម្រូវការខ្ចីប្រាក់របស់អតិថិជន ដើម្បីឱ្យដឹងថា តើប្រាក់នោះគាត់យកទៅធ្វើអ្វី?។ បើសិនជាអ្នកខ្ចីប្រាក់គាត់មានគោលការណ៍ច្បាស់លាស់ គ្រឹះស្ថាននឹងឱ្យខ្ចី ព្រោះនៅពេលដែលគាត់រកស៊ីបាន គាត់នឹងមានប្រាក់បង្វិលមកឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ។ ទី2 គឺពេលផ្តល់កម្ចីទៅឱ្យក្រុមហ៊ុនក្នុងសហគ្រាសធុនតូច និងមធ្យមណាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានផ្តល់ការប្រឹក្សាយោបល់ដែរព្រោះគ្រឹះស្ថានគាត់មានក្រុមជំនាញដែលសិក្សាពីមុខរបររបស់សហគ្រាសធុនតូច និងមធ្យមឱ្យយល់ដឹងពីគោលការណ៍ច្បាប់ទម្លាប់នៃការប្រើប្រាស់ទុនឱ្យសមស្រប និងត្រូវនឹងតម្រូវការ។
លោកបានបញ្ជាក់ថា៖ “នេះជាតួនាទីចម្បងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចសង្គមជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពីព្រោះការធ្វើឱ្យជីវភាពប្រជាជននៅជនបទមានភាពល្អប្រសើរឡើង គឺជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពតាមរយៈការដើរ-តួជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមាននិរន្តរភាពរឹងមាំ ជាបេសកកម្មដ៏ពិសេសក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទប្រកបដោយក្ដីជឿជាក់ និងមាននិរន្តរភាពហិរញ្ញវត្ថុ។
លោកឧកញ៉ាបណ្ឌិត ប៊ុន មុនី ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថីម៉ាយក្រូហ្វាយណាន់បានឱ្យដឹងថា ធនាគារភាគច្រើនមានការិយាល័យនៅទីក្រុង និងទីប្រជុំជនធំៗ ឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនធ្វើអាជីវកម្មនៅតាមទីជនបទ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានទិសដៅជួយដល់ប្រជាពលរដ្ឋនៅជនបទ និងបានរួមចំណែកជាមួយប្រជាពលរដ្ឋក្នុងការអភិវឌ្ឍលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានល្អប្រសើរឡើង និងបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋយើង ហើយយើងក៏មានជំនឿថា មីក្រូហិរញ្ញវត្ថុនឹងជួយរកនិរន្តរភាពលើវិស័យនេះដោយខ្លួនឯងបានទៅថ្ងៃអនាគតដែរ។
លោកឧកញ៉ាបណ្ឌិតក៏បានបញ្ជាក់ដែរថា៖ “ប្រយោជន៍របស់មីក្រូហិរញ្ញវត្ថុនៅក្នុងវិស័យសេដ្ឋកិច្ច និងសម្រាប់ប្រទេសកម្ពុជាយើងបានទទួលស្គាល់ដោយអន្តរជាតិ គឺការគ្រប់គ្រងឥណទាន និងការបញ្ចេញឥណទានទៅដល់ដៃប្រជាពលរដ្ឋពិតប្រាកដ។ ដូច្នេះមីក្រូហិរញ្ញវត្ថុមានប្រយោជន៍សំខាន់បំផុតសម្រាប់ស្ថានភាពនៅកម្ពុជាយើង ហើយខ្ញុំតែងគាំទ្រដល់វិស័យនេះ ព្រោះគេបានចូលខ្លួនមកបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរយ៉ាងសមស្របទៅតាមស្ថានភាពវប្បធម៌ និងការរស់នៅរបស់ពលរដ្ឋយើង។ ហិរញ្ញវត្ថុនៅក្នុងវិស័យសេដ្ឋកិច្ច គឺប្រៀបដូចជាសរសៃឈាមនៅក្នុងខ្លួនមនុស្សបើសិនអវយវៈណាមួយឈាមរត់ទៅមិនដល់ អវយវៈនោះនឹងស្លាប់ហើយ ដូចគ្នានេះដែរ សេដ្ឋកិច្ចបើគ្មានហិរញ្ញវត្ថុទេ វានឹងគ្មានការរីកចម្រើនឡើយ។ ដូច្នេះមីក្រូហិរញ្ញវត្ថុដែលបានធ្វើអាជីវកម្មទៅដល់ទីជនបទ នឹងធ្វើឱ្យទីជនបទមានការផ្លាស់ប្តូរ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងត្រីមាសទី1 ដើមឆ្នាំនេះការផ្តល់ឥណទានមានទឹកប្រាក់ប្រមាណជា 4.6ប៊ីលានដុល្លារ ពោលគឺកើនឡើងប្រមាណ 7.6% និងអតិថិជនដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមានប្រមាណ 2.12ប៊ីលានដុល្លារកើនឡើង 6.3% បើធៀបនឹងត្រីមាសទី4 ឆ្នាំ2017៕