នៅពេលថ្មីៗនេះគេមើលឃើញថា ចម្រៀងជាច្រើនបទនៅក្នុងផលិតកម្មសាស្ដា បានបង្ហាញពីភាពរួមស្នេហានៅលើគ្រែ ដែលសម្ដែងផ្ទាល់ៗដោយគ្មានការកាត់តឡើយ និងជាពិសេសគេបានមើលឃើញថែមទៀត ពីឈុតឆាកសិចស៊ីដែលនៅក្នុងបទចម្រៀងចុងក្រោយទើបតែបញ្ចេញ គឺបទ «ស្រីមុខលុយ» ដែលមានបញ្ចូលឈុតក្ដៅសាច់មិនតិចជាង 10 ឈុតនោះឡើយ។
ក៏ប៉ុន្ដែ ក្រោយត្រូវព្រនង់រិះគន់របស់ទស្សនិកជនពេញបណ្តាញសង្គមហ្វេសប៊ុកយ៉ាងគគ្រឹកគគ្រេងមក ខាងអ្នកគ្រប់គ្រងផលិតកម្មសាស្តា ហាក់បីដូចជាភ័យស្លន់ស្លោ ដោយបានចេញមុខ និងធ្វើការផ្ដល់បទសម្ភាសភ្លាមៗជាមួយអ្នកសារព័ត៌មាន ដើម្បីធ្វើការសុំទោសចំពោះរូបភាពឆ្គាំឆ្គង ប៉ះពាល់ដល់សតិអារម្មណ៍អ្នកតាមដានលើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈ MV ដែលខ្លួនបានបង្កើតឡើងនោះ។
តាមរយៈការបកស្រាយប្រាប់អ្នកសារព័ត៌មាន គេសង្កេតឃើញលោក អ៊ុក រតនា ជាអ្នកគ្រប់គ្រងក្នុងផលិតកម្ម សាស្ដា បានស្ទុះស្ទាប្រាប់អ្នកសារព័ត៌មានភ្លាមៗថា «សូមគោរពអរគុណដល់បងប្អូនពុកម៉ែដែលបានតាមដានទស្សនាក្នុងសង្គមហ្វេសប៊ុក យូធូប ព្រមទាំងបានគាំទ្របទចម្រៀង និងការខំមិន រិះគន់ដើម្បីកែប្រែក្នុងការផលិត( MV )ដែលមានឈុតឆាកសិចស៊ី។ រូបខ្ញុំបាទគ្មានចេតនាធ្វើឱ្យប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរយើងទេ។ អ្នកគ្រប់គ្រងខាងលើបានបន្តថា «ខ្ញុំបាទ និងក្រុមការងាររបស់ផលិតកម្ម សាស្តា ទាំងអស់នឹងធ្វើការកែប្រែរូបភាពឆ្គាំឆ្គងណាដែលធ្វើឱ្យប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរយើងនោះចេញ។ ដូច្នោះសូមបងប្អូនពុកម៉ែមេត្តាអនុគ្រោះ» ។
គួរបញ្ជាក់ផងដែរថា ការដែលប្រញាប់ប្រញាល់ផ្ដល់បទសម្ភាស និងធ្វើការសុំទោសទៅកាន់មហាជនដោយមិនបង្អង់យូរនេះ ត្រូវបានមហាជនសម្លឹងឃើញថា អ្នកគ្រប់គ្រងរូបនេះប្រហែលជាភ័យខ្លាំងពេក ព្រោះខ្លាចត្រូវព្រនង់ទាំងរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការបង្ហាញភាពសិចស៊ីជាច្រើននៅក្នុងបទចម្រៀងរបស់ផលិតកម្មខ្លួន៕