កាលពីពេលថ្មីៗកន្លងទៅនេះមានការបែកធ្លាយដំណឹងដ៏រសើបមួយលើករណីតារាសម្តែងរូបស្រស់សម្បូរសាច់ដើមទ្រូង កញ្ញា វ៉ាន់ វល័ក្ខ ត្រូវបានផលិតកម្ម LD ចេញលិខិតព្រមានពាក់ព័ន្ធនឹងការមិនគោរពពេលវេលាថត ក៏ដូចជាមិនបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា។ ប៉ុន្តែបន្ទាប់ពីមានការទម្លាយដំណឹងនេះរួចមក ភ្លាមៗនោះសាមីខ្លួន កញ្ញា វ៉ាន់ វល័ក្ខ និងភាគីផលិតកម្ម ក៏បានធ្វើការសម្រុះសម្រួលគ្នាវិញរួចរាល់ហើយដែរ។ ដោយកន្លងមកតារាស្រីរូបនេះ បានអះអាងថា ករណីមួយនេះជារឿងយល់ច្រឡំលើរូបនាង។
តែយ៉ាងណាក៏ដោយ សម្ដីបកស្រាយរបស់តារាស្រីសិចស៊ី វ៉ាន់ វល័ក្ខ ត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈច្រានចោលថា នោះជាសម្ដីដោះសាយករួចខ្លួនរបស់នាងតែប៉ុណ្ណោះ។ ប្រភពច្បាស់ការណ៍ពីអ្នកនៅក្នុងចង្កោមសិល្បៈ គេបានបង្ហើបប្រាប់ថា «វ៉ាន់ វល័ក្ខ ដែលមានរឿងចម្រូងចម្រាសជាមួយខាងផលិតកម្ម LD នោះ មិនមែនជារឿងយល់ច្រឡំនោះទេ»។ ប្រភពដដែលបានបន្ដថា «វ៉ាន់ វល័ក្ខ បានអះអាងថា ដោយសារតែសង្សារហាមមិនឱ្យចេញថត ដោយទុកឱ្យសម្រាកនៅក្នុងខុនដូមួយល្វែងដ៏ធំស្កឹមស្កៃ។ ប៉ុន្តែធាតុពិតវិញ រឿងផ្ទុយគ្នាស្រឡះ មិនដូចការលើកឡើងឡើយ ពោលគឺនាងដើរលេងយប់ជ្រៅ ផឹកស្រវឹង មិនអាចក្រោកទៅថតឱ្យគេបាន ដែលជាហេតុធ្វើឱ្យមានរឿងដ៏ភ្ញាក់ផ្អើលខាងលើនេះឡើង» ។
គួរកត់សម្គាល់ផងដែរថា តារាស្រីរូបនេះក៏ត្រូវបានសារព័ត៌មានចេញផ្សាយផងដែរ ពីករណីគ្រោះថ្នាក់ចរចរណ៍ បើករថយន្ដជ្រុលចង្កូតធ្លាក់កង់ចូលច្រកចំណតក្រោមដីរបស់អគារកំពុងជួសជុលមួយកន្លែងដោយសង្ស័យថាបានប្រើគ្រឿងស្រវឹងទៀតផង។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ក្រោយពេលកើតហេតុ តារាស្រីសិចស៊ី វ៉ាន់ វល័ក្ខ បានចុះចេញពីរថយន្តទាំងធុំក្លិនស្រាហួង និងទន់ខ្លួនទទ្រតទទ្រោត តែរូបនាងបានរៀបរាប់ថា នាងបានចេញមកពីជួបជុំមិត្តភ័ក្តិវិញ ដោយបើករថយន្តមកដល់ចំណុចកើតហេតុ នាងច្រឡំស្មានតែផ្លូវបត់ចូលផ្ទះរបស់នាង ទើបបើករថយន្តបត់ឡើងទៅកល់ជាប់នឹងផ្លូវចុះចំណតខាងលើតែម្ដង។ បន្ទាប់មក នាងបានពឹងឱ្យបងប្អូនពលរដ្ឋ ដែលនៅក្បែរនោះ ជួយរកអ្វីមកលើករថយន្តរបស់ខ្លួនឡើងលើវិញ។ ហើយនាងបានប្រាប់ទៀតថា រថយន្តរបស់នាង គឺទើបតែទិញថ្ងៃមិញនេះទេ តែនាងបែរជាបើកមកកល់ជាប់បែបនេះទៅវិញ។ នេះក៏ជាហេតុការណ៍មួយដែលតារាស្រី វ៉ាន់ វលក្ខ បង្ហាញពីការផឹកស្រវឹងនាពេលយប់ៗជ្រៅដែរ។
ហេតុផលខាងលើនេះ ត្រូវបានមហាជនគេមើលឃើញថា អាចនឹងសមស្របម្យ៉ាងដែរ តែខុសពីសម្ដីដែលនាងបានធ្វើការបកស្រាយប្រាប់អ្នកសារព័ត៌មានកន្លងមក ដោយនាងបានអះអាងប្រាប់ថា «នេះគឺជាករណីយល់ច្រឡំ ដែលកើតចេញពីអ្នកសិល្បៈរួមអាជីពជាមួយគ្នា រួចក៏យករឿងនេះទៅនិយាយលើសពីការពិត បង្កឱ្យមានការយល់ច្រឡំ។ ម្យ៉ាងទៀត ចំពោះរឿងរ៉ាវនេះ គឺខ្ញុំ និងខាងភាគីផលិតកម្មបានធ្វើការដោះស្រាយគ្នារួចមកហើយ»។ នាងបន្ដថា «រឿងនេះក្រោយពេលបញ្ចប់ការដោះស្រាយគ្នារួចរាល់ ក៏ស្រាប់តែមានអ្នកសិល្បៈដែលច្រណែនខ្ញុំ ទម្លាយរឿងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យចង់ឱ្យខ្ញុំខូចកិត្តិយស។ មិនតែប៉ុណ្ណោះ ថែមទាំងផ្អើលដល់បណ្តាញសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយ ដោយគ្មានការសម្ភាសន៍ ស្វែងរកការពិតពីសាមីខ្លួនខ្ញុំផ្ទាល់ទៀតផង»។ យ៉ាងណាមិញ សារព័ត៌មានឡារ៉ែន នៅមិនទាន់អាចទំនាក់ទំនងសុំការបកស្រាយពីតារាស្រីរូបនេះបាននៅឡើយទេ៕