ក្លិប Real Madrid កាលពីថ្ងៃអង្គារ បានប្រកាសពីការតែងតាំងគ្រូបង្វឹកនៃក្រុមជម្រើសជាតិអេស្ប៉ាញលោក JulenLopetegui ធ្វើជាគ្រូបង្វឹករបស់ពួកគេចាប់ពីរដូវកាលក្រោយតទៅ ដែលនាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងក្រុមជម្រើសជាតិមួយនេះមុនពេលយុទ្ធនាការ World Cup ខណៈដែលការប្រកាសនោះបានបញ្ជាក់ថា គ្រូបង្វឹកវ័យ 51ឆ្នាំរូបនេះ នឹងចូលរួមជាមួយនឹងក្លិប ក្រោយពីការចូលរួមក្នុង World Cup របស់អេស្ប៉ាញរួច។
ក្លិប Real ដែលជាម្ចាស់ជើងឯក Champions League បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Real Madrid សូមប្រកាសថា លោក JulenLopetegui នឹងក្លាយជាគ្រូបង្វឹករបស់ក្រុមឈុតទី1 អំឡុងពេលរយៈពេល 3រដូវកាលបន្ទាប់»។ លោក Lopetegui នឹងចូលជំនួសកន្លែងរបស់លោក Zinedine Zidane ក្នុងនាមជាគ្រូបង្វឹកនៅកីឡដ្ឋាន Santiago Bernabeu ក្រោយពីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានចាកចេញកាលពីថ្ងៃទី31 ខែឧសភា បន្ទាប់ពីឈ្នះក្នុងការប្រកួតChampions League វគ្គផ្តាច់ព្រ័ត្ររបស់ពួកគេលើក្រុម Liverpool ក្នុងទីក្រុងគៀវ។
ព័ត៌មាននេះ គឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អេស្ប៉ាញ ក្នុងរយៈពេលត្រឹមតែ 3ថ្ងៃ នៅមុនពេលការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងយុទ្ធនាការ World Cup នៅប្រទេសរុស្ស៊ី។ លោក Lopetegui និងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បច្ចុប្បន្នកំពុងតែស្ថិតនៅមូលដ្ឋានហ្វឹកហាត់របស់ពួកគេក្នុងទីក្រុង Krasnodar៕
ប្រភពពី៖ Channel News Asia