ដើម្បីជំរុញឱ្យវិស័យសំណង់ ស្ថាបត្យកម្ម និងនគរូបនីយកម្ម ព្រមទាំងអចលនទ្រព្យកាន់តែមានការរីកចម្រើន និងទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននោះ កាលពីពេលកន្លងទៅ ក្រសួងរៀបចំដែនដីនគរូបនីយកមុ្ម និងសំណង់បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធប្រតិបត្ដិការការងារកាន់តែមានភាពល្អប្រសើរ និងរលូនឡើង។
ឯកឧត្ដម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានលើកឡើងថា ថ្មីៗនេះឯកឧត្ដមទេសរដ្ឋមន្រី្ដ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដោយបានដាក់បញ្ជាឱ្យមន្រ្ដីជំនាញទាំងអស់នៅក្នុងក្រសួងត្រូវតែលប់បំបាត់ឱ្យអស់នូវការិយាធិបតេយ្យ បន្ថយបរិបទសេវាកម្ម កែសម្រួលនូវអាកប្បកិរិយា ឥរិយាបថរបស់មន្រី្ដរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងទាំងអស់ឱ្យងាកមកបម្រើរសេវាកម្មជូនប្រជាពលរដ្ឋ និងវិនិយោគិនជាតិ និងអន្ដរជាតិឱ្យបានល្អ លឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ទាំងអស់នេះយោងទៅតាមពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាលដែលធ្លាប់បានលើកឡើងថា៖”សូមធ្វើឱ្យបាន ធ្វើឱ្យលឿន ជាពិសេសធ្វើឱ្យមានតម្លាភាព”។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបន្ដទៀតថា៖ «ជាមួយនិងការធ្វើកំណែទម្រង់ស៊ីជម្រៅខាងលើនេះខ្ញុំសូមធ្វើការរំឭកដល់បណ្ដាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនសាងសង់ អ្នកប្រឹក្សាយោបល់ អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងការដ្ឋានសំណង់សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទដ្ឋានបច្ចេកទេសនៃព្រះរាជាណាចក្រកម្ពុជា និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន»។
ជាងនេះទៅទៀតឯកឧត្ដមភឿង សោភ័ណ្ឌ បានអំពាវនាវដល់ស្ថាបត្យករឱ្យរក្សាឱ្យបាននូវអត្ដសញ្ញាណជាតិដែលស្របគ្នាទៅនឹងការដាក់ចេញរបស់ថ្នាក់ដឹកនាំក្រសួងដែលតម្រូវឱ្យគណៈស្ថាបត្យករកម្ពុជាមានការចងក្រងនូវលក្ខណៈក្បាច់ក្បូរស្ថាបត្យកម្មណាដែលមានលក្ខណៈល្អ ទុកជូនវិនិយោគិនជាតិ និងអន្ដរជាតិយកធ្វើជាគំរូខ្លះៗសម្រាប់ការងារវិនិយោគរបស់ពួកគេ៕