ក្រោយពីបានរួមរស់នៅជាមួយគ្នាអស់មួយរយៈពេលមក សម្ព័ន្ធភាពស្នេហារវាងអ្នកទាំងពីរដែលជាដៃគូជីវិត អាចនឹងឈានដល់ដំណាក់កាលសោះកក្រោះ ពុំសូវមានភាពរ៉ូមែនទិក ស្រស់ស្រាយដូចកាលពីរៀបការថ្មីៗសោះ រហូតដល់ពេលខ្លះ អ្នក និងគូស្នេហ៍ ហាក់គ្មានអារម្មណ៍ក្នុងរឿងលើគ្រែផងក៏មាន។ បើយ៉ាងដូច្នេះ តើមានវិធីណាអាចជួយស្រោចស្រង់បញ្ហាដ៏សំខាន់សម្រាប់ជីវិតជាប្ដី-ប្រពន្ធបានឬទេ? ចម្លើយឆ្លើយថា កុំទាន់អាល់អស់សង្ឃឹម ត្បិតវាក៏មានវិធីស្រាយចំណងមួយនេះបានខ្លះៗដែរ ហើយលោកអ្នកក៏អាចមានលទ្ធភាពធ្វើបានគ្រប់គ្នា។
1-ក្លិនទាក់ទាញអារម្មណ៍ ក្នុងចំណោមប្រសាទវិញ្ញាណទាំង5 ការទទួលដឹងតាមរយៈក្លិន គឺមានអានុភាព និងអាចដាស់អារម្មណ៍គូស្នេហ៍របស់អ្នកបានល្អបំផុត។ មានក្លិនខ្លះ អាចធ្វើឱ្យយើង នឹកឃើញដល់បទពិសោធន៍ និងអនុស្សាវរីយ៍កាលអតីតកាល ខណៈដែលមានក្លិននោះនឹងនាំឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ កក់ក្តៅរំជួលរកនឹកស្មានមិនដល់។ ចូរសាកល្បងរកសាប៊ូក្រែមងូតទឹក ទឹកអប់ ឬប្រេងថែ ស្បែកមកប្រើ ឬអុជទៀនក្រអូប ដាក់នៅតាមជ្រុងផ្សេងៗក្នុងបន្ទប់ឱ្យភ្លឺព្រាលៗ ដើម្បី ធ្វើអោយបរិយាកាសមានភាពរ៉ូមែនទិក (ប៉ុន្តែ ដើម្បីសុវត្ថិភាព ក្រោយពេលប្រើគួរពន្លត់ផង)។
2-តន្រ្តី ដាស់អារម្មណ៍ស្នេហ៍ ជាទូទៅមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងស្រាប់ហើយថា តន្ត្រីអាចមានឥទ្ធិពលលើអារម្មណ៍ និងប្រព័ន្ធប្រសាទ។ ការស្តាប់តន្ត្រីពីរោះៗ អាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ព្រោះវាបានជំរុញឱ្យមានលំហូរអ័រម៉ូនអេនដ័រហ្វ៊ីន (Endorphin) ដែលជួយបន្ថយការឈឺចាប់ និងបន្ធូរភាពតាងតឹង។ ដើម្បីឱ្យបរិយាកាសដែលមានតែរូបអ្នក និងដៃគូកាន់តែមានអារម្មណ៍បែបរ៉ូមែនទិក និងអាចរំញោចអារម្មណ៍មួយកម្រិតទៀតនោះ សូមអ្នកចាក់ចម្រៀងពីរោះរណ្តំនៅក្នុងផ្ទះ ឬក្នុងបន្ទប់គេង ដោយចាក់បទភ្លេង ឬចម្រៀងដែលមានលំនាំបែបសំឡេងធម្មជាតិប្រកបដោយមនោសញ្ចេតនា ជាពិសេសបើមានដូចជាសំឡេងទឹកហូរ សត្វយំ ឬសំឡេងរលកបកបោក រឹតតែប្រសើរ។
3-បរិយាកាសល្អ ធ្វើឱ្យអារម្មណ៍ស្រើបស្រាល ការរៀបចំបន្ទប់ឱ្យមានសណ្តាប់ធ្នាប់ល្អ មិនត្រឹមតែជួយកាន់តែមានផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនបរិយាកាសសង្វៀនស្នេហ៍អ្នកទាំងពីរឱ្យកាន់តែមានភាពពុះកញ្រ្ជោលថែមទៀត។ ចូរតុបតែងបន្ទប់ឱ្យបានស្អាតមានរបៀបរៀបរយ។ មួយសប្តាហ៍ម្តង ឬពីរដង សាកល្បងបិទភ្លើងក្នុងផ្ទះ ហើយអុជទៀនក្រអូបដាក់នៅតាមជ្រុងផ្សេងៗ ដើម្បីសាងបរិយាកាសល្អ។ ជួនកាលការបើកភ្លើងឲភ្លឺ ខណៈដែលកំពុងមានអីៗនឹងគ្នានោះក៏អាចជួយឱ្យមានអារម្មណ៍ស្រមើស្រមៃ ស្រៀវស្រើប អណ្តែតអណ្តូងមិនតិចនោះទេ ជាមួយនឹងការស្លៀកពាក់ ឈុតគេងស្តើងៗ សិចស៊ី ក៏អាចទាក់ទាញខ្សែភ្នែកគូស្នេហ៍ឱ្យសម្លក់សម្លឹងអ្នកដោយព្រឺព្រួចអារម្មណ៍ដែរ។
4-ទទួលទានអាហារ បង្កើនចំណង់ស្នេហ៍ អាហារមួយចានៗ មានសមាសភាពគីមីដែលធ្វើឱ្យរាងកាយមានប្រតិកម្មខុសប្លែកៗពីគ្នា ក្នុងនោះរបៀបទទួលទានអាហារខ្លះ ក៏អាចទាក់ទាញអារម្មណ៍អ្នកឱ្យមានចំណង់រោលរាលបានដោយងាយ។ អាហារមានរសជាតិហឹរ ក្តៅ ជួយឱ្យជីពចរលោត ញាប់ និងដើលឿន ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។ សូកូឡារសជាតិផ្អែមបែបស្រាលៗ ធ្វើឱ្យប្រព័ន្ធប្រសាទគ្រប់ផ្នែកក្នុងរាងកាយរំញោចខ្លួន ពុះកញ្រ្ជោលកាន់តែខ្លាំងឡើង ហើយក្រៅពីនេះ អ្នកក៏ត្រូវលៃលកពេលវេលាសម្រាប់ចូលផ្ទះបាយ ចម្អិនអាហាររួមគ្នា ឬបញ្ចុកអាហារគ្នាម្នាក់ម្តងៗយ៉ាងល្អូកល្អិន ប្រកបដោយការយល់ចិត្តខ្លះផង។
5-ការប៉ះពាល់ ដាស់អារម្មណ៍ស្នេហ៍ ការម៉ាស្សាគក់ច្របាច់ក៏ជាវិធីមួយដ៏ល្អ ដែលអាចជួយឱ្យមានអារម្មណ៍ធូរស្បើយ លែងតប់ប្រមល់បាន។ ថាមពលនៃការបោសអង្អែល ឬម៉ាស្សាចេញពីបាតដៃ ជាការបង្ហាញនូវការស្រលាញ់ អាណិតចំពោះគ្នា។ ប្រសិនបើមានពេល ក៏គួរតែព្យាយាមម៉ាស្សាឱ្យគេ ដោយផ្តោតជាសំខាន់ត្រង់បរិវេណផ្នែកខាងក្រោមនៃត្រគាក ។ រីឯស្រ្តីភេទវិញ គួរម៉ាស្សាចំណុចសំខាន់ៗ ដូចជា នៅបរិវេណ ក ស្មា ខ្នង ស្លឹកត្រចៀក ជាពិសេស បរិវេណក្រោមចង្កេះតែម្ដង។
សូមសាកល្បងអនុវត្តដូចដែល «ឡារ៉ែន» បានបង្ហាញជូនខាងលើនេះធានាថា លោកអ្នកអាចកែខែ គាស់រំលើងបានមកវិញនូវចំណងមេត្រីនៃសម្ពន្ធភាពដៃគូជីវិតបានមកវិញជាក់ជាមិនខាននោះឡើយ ៕