ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក កាលពីថ្ងៃចន្ទ កំពុងតែបារម្ភជុំវិញភាពរឹងមាំរបស់តារាឆ្នើម Eden Hazard ក្រោយពីខ្សែបម្រើប្រយុទ្ធរបស់ក្លិប Chelsea រូបនេះ បានរងរបួស និងត្រូវប្តូរចេញក្នុងពេលពួកគេបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល 4-1។
Hazard បានដើរចេញពីទីលានប្រកួតទាំងមានរបួស និងដើរសំដៅទៅកាន់ច្រកចេញនៅនាទីទី70 ក្រោយពីបានរងការប្រជែងដណ្តើមបាល់ចំភ្លៅរបស់គេ។ ប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ មិនបានត្រូវការជំនួយពីក្រុមគ្រូពេទ្យក្នុងពេលចេញពីទីលានឡើយ ប៉ុន្តែការប្តូរចេញរបស់គេនឹងក្លាយជាកង្វល់មួយសម្រាប់លោក Roberto Martinez អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលកំពុងតែបារម្ភរួចជាស្រេចហើយថា ខ្សែការពារ Vincent Kompany នឹងមិនរឹងមាំគ្រប់គ្រាន់ដើម្បីចូលលេងក្នុងយុទ្ធនាការ World Cup នៅរដូវក្តៅនេះឡើយ តែក្រោយមក មិត្តរួមក្រុមរបស់គេបានលុបចោលការព្រួយបារម្ភផ្សេងៗទាក់ទងនឹងការតារាឆ្នើមរបស់ក្លិប Chelsea រូបនេះ។ Lukaku បានឱ្យដឹងបន្ទាប់ពីការប្រកួតនេះថា៖ «ខ្ញុំមិនបារម្ភខ្លាំងអំពី Eden ឡើយ។ រូបគេជាមនុស្សរឹងមាំ។ រូបគេមានបញ្ហារាល់តែលើក ប៉ុន្តែគេអាចជម្នះលើបញ្ហានោះបានយ៉ាងឆាប់រហ័ស»។
ក្រុមជម្រើសជាតិបែលហ្ស៊ិក ស្ថិតក្នុងពូល G នៃយុទ្ធនាការ World Cup រួមជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ប៉ាណាម៉ា និងទុយនេស៊ី៕
ប្រភពពី៖ The Telegraph