វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះការចាប់ឆ្នោតសម្រាប់ការប្រកួតជុំទី1 នៃយុទ្ធនាការពាន Carabao Cup នៅរដូវកាលក្រោយ។ នេះបើយោងតាមការប្រកាសរបស់ក្របខ័ណ្ឌលីកអង់គ្លេសហៅកាត់ថា EFL។
វាជារយៈពេល 2ឆ្នាំជាប់ៗគ្នាដែលការចាប់ឆ្នោតនេះ ត្រូវបានរៀបចំឡើងនៅបរទេស ក្រោយពីការចាប់ឆ្នោតឆ្នាំ2017 សម្រាប់ការប្រកួតជុំទី1នៃពាន Carabao Cup ត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក។ កំហុសបច្ចេកទេសបានកើតឡើងក្នុងការចាប់ឆ្នោតកាលពីឆ្នាំមុន ប៉ុន្តែមិនបានរារាំងមិនឱ្យ EFL បញ្ជូនលោក Steve McManaman, Louis Saha និងលោក Dennis Wise ទៅកាន់ទីក្រុងហូជីមិញ ដើម្បីរៀបចំការចាប់ឆ្នោតនៅថ្ងៃសុក្រនេះឡើយ។ គណៈកម្មាធិការរៀបចំការប្រកួតសង្ឃឹមថា ការចាប់ឆ្នោតនាពេលខាងមុខនេះ នឹងមានភាពល្អប្រសើរជាងការចាប់ឆ្នោតលើកទី1 ក្នុងប្រទេសថៃ ដែលត្រូវបានរំខានដោយសារតែបញ្ហាបច្ចេកទេស។ រូបភាពហ្គ្រាហ្វិកនៅលើអេក្រង់ដ៏ធំ បានបង្ហាញថា ក្លិប Charlton ត្រូវលេង 2លើក ហើយក្លិបផ្សេងទៀត ត្រូវបានចាប់គូខុសជាមួយនឹងគូប្រកួតផ្សេងទៀត នៅមុនពេលបញ្ហានេះត្រូវបានកែតម្រូវ។
ក្លិបអង់គ្លេសចំនួន 70ក្រុមនឹងបង្ហាញខ្លួនក្នុងការចាប់ឆ្នោតនេះ មុននឹងត្រូវលេងក្នុងសប្តាហ៍ដែលនឹងចាប់ផ្តើមនៅថ្ងៃទី13 ខែសីហា។ Manchester City គឺជាម្ចាស់ការពារតំណែងជើងឯក ក្រោយពីបានផ្តួលក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley កាលពីខែកុម្ភៈ៕
ប្រភពពី៖ Sky Sports