អតីតតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងម្ចាស់ជយលាភីកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី1 លោក ប៊ុត សីហា ត្រូវបានប្រភពច្បាស់ការណ៍មួយបានទម្លាយឱ្យដឹងថា ខណៈនេះតារាចម្រៀងប្រុសសំឡេងខ្ពស់រូបនេះ ត្រូវបានផលិតកម្មក្នុងស្រុកធំមួយកំពុងតែចាប់អារម្មណ៍ និងផ្ដល់ឱកាសដល់រូបលោកឱ្យចូលច្រៀងហើយ។
ដោយសារតែមានរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនកាលពីប៉ុន្មានខែមុននោះ ធ្វើឱ្យលោក ប៊ុត សីហា ត្រូវបាត់បង់ការងារនៅក្នុងសិល្បៈអស់មួយចំនួនធំ និងថែមទាំងរបូតឱកាសទៅកើបប្រាក់នៅលើទឹកដីប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិកទៀតផង។ មិនតែប៉ុណ្ណោះ លោក សីហា នៅត្រូវបានខាងផលិតកម្មហង្សមាសប្រកាសប្រាប់មហាជនជាអ្នកគាំទ្រផលិតកម្មថា បើទោះបីជា សីហា កែខ្លួនល្អឡើងវិញយ៉ាងណាក៏ដោយ ក៏ខាងផលិតកម្មមិនអាចទទួលយករូបលោកឱ្យចូលច្រៀងវិញបានដែរ។ រឿងអាស្រូវទាំងអស់នេះបានធ្វើឱ្យតារាចម្រៀងរូបនេះភ្ញាក់រឭកខ្លួន និងកែប្រែកំហុសឆ្គង ហើយងាកមកចូលរួមជាមួយការងារសង្គមវិញម្ដង ដោយមួយរយៈចុងក្រោយនេះគេសង្កេតឃើញ លោក ប៊ុត សីហា បានធ្វើការចែករំលែកសេចក្តីស្រឡាញ់ទៅដល់កុមារៗនៅតាមសហគមន៍ ឬមណ្ឌលកុមារកំព្រានានាជាច្រើន។
ប្រភពដដែលបានបង្ហើបប្រាប់ទៀតថា ទោះបីជាពេលនេះត្រូវបានផលិតកម្មហង្សមាសបោះបង់ចោល និងត្រូវបាត់បង់ឱកាសការងារច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រីនានាក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះក៏ត្រូវបានផលិតកម្មថោនសម្លឹងឃើញ និងត្រៀមចុះកិច្ចសន្យាជាមួយផងដែរ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ។ ប្រភពដដែលបានបន្ថែមថា មូលហេតុដែលភាគីថោនមិនទាន់បញ្ចេញព័ត៌មាន ឬទទួលយកតារាចម្រៀងប្រុសរូបនេះជាផ្លូវការនោះ គឺទុកពេលឱ្យលោក ប៊ុត សីហា ចេញមុខលើការងារសង្គមឱ្យបានច្រើនតាមរយៈសកម្មភាពមនុស្សធម៌មួយចំនួន ក្នុងន័យលុបលាងកំហុសរបស់ខ្លួនឱ្យអស់សិន ទើបប្រកាសទទួលយកពេញសិទ្ធិតែម្តង។
ដើម្បីបញ្ជាក់ឱ្យបានច្បាស់លើបញ្ហាពាក់ព័ន្ធនឹងការសម្រេចចុះកិច្ចសន្យារវាងលោក សីហា ជាមួយផលិតកម្មថោននេះ សារព័ត៌មាន ឡារ៉ែននឹងព្យាយាមទាក់ទងទៅអ្នកគ្រប់គ្រងផលិតកម្មថោន ដើម្បីសុំការអះអាងបន្ថែមទៀតឱ្យកាន់តែជាក់ច្បាស់ ដើម្បីជម្រាបជូនប្រិយមិត្តទស្សនិកជនបន្ថែមទៀតនៅពេលក្រោយ៕